
កង្វះការយល់ដឹងពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ
នៅកម្ពុជា មានច្បាប់អនុញ្ញាតឱ្យស្រ្តី ឬក្មេងស្រីទៅទទួលសេវារំលូតប្រកបដោយសុវត្តិភាពតាំងពីឆ្នាំ១៩៩៧ និងប្រកាសដាក់ឱ្យអនុវត្តដោយក្រសួងសុខាភិបាលនៅឆ្នាំ២០០២ នេះបើយោងតាមឯកសារស្តីពីបច្ចេកទេសថែទាំរំលូតប្រកបដោយសុវត្ថិភាព។ ការរំលូតដោយសុវត្តិភាព និងស្របច្បាប់ គឺសម្រាប់ផ្ទៃពោះតិចជាង១២សប្តាហ៍ ហើយការរំលូតដោយសុវត្តិភាពសម្រាប់ផ្ទៃពោះច្រើនជាង១២សប្តាហ៍ អាចអនុវត្តបានលុះត្រាតែផ្ទៃពោះមានលក្ខណៈមិនប្រក្រតីអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយឬទារក ផ្ទៃពោះដែលកើតឡើងដោយសារការចាប់រំលោភ និងទារកដែលមានជំងឺធ្ងន់ធ្ងរពុំអាចព្យាបាលបាន។ ថ្វីត្បិតតែប្រទេសកម្ពុជាមានច្បាប់អនុញ្ញាតឱ្យរំលូតក៏ពិតមែន ប៉ុន្តែស្រ្តីមួយចំនួនពួកគាត់ពុំបានដឹង និងទទួលបានព័ត៌មានជុំវិញការទទួលសេវារំលូតឡើយ។
តួយ៉ាង អ្នកស្រីធារី អាយុ៤២ឆ្នាំ មានទីលំនៅស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត មានមុខរបរជាកម្មករស៊ីឈ្នួលធ្វើនំនៅសិប្បកម្មផលិតនំមួយកន្លែងនៅទីរួមខេត្តកំពត បច្ចុប្បន្នអ្នកស្រីមានកូន៣នាក់គឺប្រុសទាំង៣ ដោយកូនប្រុសទី១មានអាយុ១៧ឆ្នាំ កូនប្រុសទី២មានអាយុ១៥ឆ្នាំ (សព្វថ្ងៃបានទៅរស់នៅជាមួយម្តាយមីងនៅឯទីរួមខេត្ត) កូនប្រុសពៅមានអាយុ៧ឆ្នាំ ចំណែកស្វាមីរបស់អ្នកស្រីប្រកបមុខរបរជាអ្នកស៊ីឈ្នួលបើឡានដឹកអីវ៉ាន់។
អ្នកស្រីធារីបានបន្តទៀតថា៖ «មានពេលមួយនោះ ដោយសារតែខ្ញុំមានការធ្វេសប្រហែសដោយមិនបានការពារ និងគិតថាវាមិនអី ខ្ញុំភ្លាត់មានផ្ទៃពោះដោយមិនចង់បាន ហើយពេលនោះខ្ញុំពិតជាមានអារម្មណ៍ព្រួយបារម្ភ ខ្លាំងណាស់ ដោយសារគ្រួសារខ្ញុំខ្វះខាតណាស់ ហើយខ្ញុំត្រូវធ្វើការដើម្បីស្វែងរកប្រាក់ចំណូលចិញ្ចឹមកូនទៀត។ ប៉ុន្តែមានថ្ងៃមួយខ្ញុំបានស្តាប់ឮបងប្អូនរបស់ខ្ញុំគេនិយាយពីការរំលូតដោយប្រើថ្នាំដោយខ្លួនឯងនៅផ្ទះបាន ខ្ញុំក៏បានសម្រេចចិត្តទៅឱសថស្ថានមួយកន្លែងនៅក្នុងភូមិដើម្បីទិញថ្នាំរំលូត ពេលនោះដោយសារតែខ្ញុំភ័យពេកទើបមិនបានសួរនាំអ្វីច្រើនអំពីការប្រើប្រាស់នោះទេ ហើយខាងឱសថស្ថានក៏មិនបានផ្តល់ព័ត៌មានអ្វីច្រើនដែរមកកាន់រូបខ្ញុំ។ បន្ទាប់ពីបានទិញថ្នាំរួចរាល់ហើយ ខ្ញុំក៏បានត្រឡប់មកផ្ទះវិញដើម្បីប្រើប្រាស់ថ្នាំរំលូតដោយខ្លួនឯង។
អ្នកស្រីបានបន្តថា៖ ប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីការប្រើប្រាស់ថ្នាំដោយមិនបានប្រឹក្សា ឬមើលការណែនាំច្បាស់លាស់ គាត់ក៏មានអារម្មណ៍ថា វិលមុខ ឈឺក្បាល អស់កម្លាំង និងមានការធ្លាក់ឈាមច្រើនខុសពីធម្មតា រហូតបណ្តាលឱ្យគាត់សន្លប់បាត់ស្មារតី ហើយភ្លាមៗនោះគ្រួសារ និងបងប្អូនបានយកគាត់មកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយជាសំណាងល្អបានរួចផុតពីគ្រោះថ្នាក់ ហើយគ្រូពេទ្យបានលាងសម្អាតនូវឈាមដែលនៅសេសសល់បន្ទាប់ពីបានធ្វើការរំលូតដោយខ្លួនឯង។
អ្នកស្រីបានបន្តរៀបរាប់ទាំងក្តុកក្តួលថា៖ «សព្វថ្ងៃនេះដោយសារតែជីវភាពគ្រួសារខ្ញុំមានការខ្វះខាត និងជំពាក់លុយគេខ្លះផងនោះទើបធ្វើឱ្យខ្ញុំនិងគ្រួសារមិនសូវមានពេលរស់នៅជួបជុំគ្នានោះទេ។ ខ្ញុំត្រូវងើបទៅធ្វើការតាំងពីម៉ោង៤ទាបភ្លឺដើម្បីជិះឡានដឹកឥវ៉ាន់ទៅជាមួយប្តី ពេលល្ងាចត្រឡប់មកវិញខ្ញុំត្រូវរង់ចាំប្តីមកទទួលបន្ទាប់ពីគាត់ដាក់ឥវ៉ាន់រួចរាល់ ពេលខ្លះខ្ញុំត្រូវរង់ចាំគាត់រហូតដល់យប់ងងឹតក៏មាន ដែលជាហេតុធ្វើឱ្យខ្ញុំមិនមានពេលចូលរួមសកម្មភាពអប់រំផ្សព្វផ្សាយអំពីចំណេះដឹងទាក់ទងនឹងសុខភាពស្រ្តីដូចជា ការពន្យាកំណើត ការមករដូវ ជាពិសេសការរំលូតសុវត្ថិភាព ដូចអ្នកភូមិខ្ញុំផ្សេងទៀតដែលពួកគេបានចូលរួមប្រជុំជាមួយអ្នកអប់រំតាមភូមិ ជាពិសេសស្ត្រីបង្គោលរបស់អង្គការរ៉ាក់ជារៀងរាល់ខែ»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំសូមផ្តាំទៅដល់បងប្អូនស្រ្តីៗទាំងអស់គ្នាថា យើងគួរតែចំណាយពេលវេលាផ្ទាល់ខ្លួនរបស់យើងខ្លះដើម្បីចូលរួមសកម្មភាពអប់រំទាក់ទងនឹងសុខភាពស្រ្តីនៅក្នុងភូមិ/ឃុំរបស់យើងដើម្បីទទួលបានព័ត៌មានដែលច្បាស់លាស់ សុវត្ថិភាព ឬស្វែងរកការប្រឹក្សាពីអ្នកជំនាញនៅតាមលេខទូរសព្ទប្រឹក្សាពីចចង្ងាយ ឬដោយផ្ទាល់នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ឬគ្លីនិកណាមួយដែលមានជំនាញត្រឹមត្រូវ និងទទួលស្គាល់ដោយក្រសួងសុខាភិបាល៕
បញ្ជាក់៖ ធារីជាឈ្មោះដាក់ឱ្យដើម្បីរក្សាការសម្ងាត់របស់បុគ្គល!
មតិយោបល់