រំលងម៉ឺនុយទំព័រ

ទំនុកចិត្តពីការទទួលបានការអប់រំពីសុខភាពផ្លូវភេទ និងបន្តពូជដែលត្រឹមត្រូវ

ទំនុកចិត្តពីការទទួលបានការអប់រំពីសុខភាពផ្លូវភេទ និងបន្តពូជដែលត្រឹមត្រូវ

ព័ត៌មាន
68

សាត ស្រីចិន មានអាយុ១៩ឆ្នាំ មានបងប្អូនចំនួន៤នាក់ ដែលសព្វថ្ងៃរស់នៅខេត្តបាត់ដំបង ។ ដោយសារជីវភាពខ្វះខាត ម្ដាយគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដូចនេះគាត់ត្រូវរស់​នៅ​​​​ជាមួយម្ដាយមីង និងជីតា។

ស្រីចិនបានប្រាប់ថា គាត់ត្រូវបានអ្នកជិតខាងចាប់រំលោភតាំងពីអាយុ១០ឆ្នាំ ដែលជនល្មើសនោះមិនបានទទួលទោសទៅតាមផ្លូវច្បាប់ទេ ហើយម្ដាយគាត់ក៏មិនបានប្ដឹងផ្ដល់អ្វីឡើយ។ ដោយសារគ្រួសារស្រីចិនមានជីភាពក្រីក្រ និងរងការគម្រាមគំហែងពីគ្រួសារជនល្មើស ហើយការរស់នៅជាមួយជីតាប្រកបដោយហានិភ័យចាប់រំលោភសេពសន្ថវៈដែរ ស្រីចិនបានសម្រេចចិត្តទៅរស់នៅជាមួយអ្នកជិតខាងមួយរយៈវិញ ដើម្បីគេចពីការរំលោភបំពាន។

ពេលវេលាកន្លងផុតទៅមិនបានប៉ុន្មាន គាត់បានត្រឹមតែការឈឺចាប់ និងភ័យខ្លាចនៅពេលដែលឃើញបុរសនោះដែលបានប្រព្រឹត្តលើរូបគាត់។​ មិនមានការការពារពីគ្រួសារ តែម្ដាយរបស់គាត់បែរជាលួងលោមឱ្យមករស់នៅជាមួយ និងបានបង្ខំឱ្យស្រីចិនទៅរកស៊ីផ្លូវភេទ ដែលពេលនោះគាត់ត្រូវបានម្ចាស់ហាងបង្ខំឱ្យរួមភេទជាមួយនឹងភ្ងៀវរៀងរាល់ថ្ងៃ។

ស្រីចិនបានបន្តថា គាត់មានសំណាងដែលបានជួបជាមួយនឹងបុរសម្នាក់នៅកន្លែងធ្វើការ ហើយបាននាំគាត់ចេញពីកន្លែងរកស៊ីផ្លូវភេទនោះ ដោយត្រូវបង់ប្រាក់មួយចំនួន។ បន្ទាប់ពីពេលនោះមក ស្រីចិនបានទៅរស់នៅខាងបុរសនោះដោយមិនមានសែន ឬរៀបការឡើយ។ ​

ស្រីចិនបានបន្ត ពួកគាត់បានរស់នៅជាមួយគ្នាបាន២-៣ឆ្នាំ ស្រីចិនក៏មានផ្ទៃពោះកូនដំបូង។ ស្រីចិនបានប្រាប់ថា៖ «ក្នុងអំឡុងពេលខ្ញុំមានផ្ទៃពោះ ប្ដីរបស់ខ្ញុំមានការផ្លាស់ប្ដូរមិនសូវយកចិត្តទុកដាក់ និងធ្លាប់បានប្រើអំពើហិង្សាមកលើខ្ញុំ និងលួចមានទំនាក់ទំនងស្នេហាជាមួយនារីដទៃទៅវិញ»។​

បន្ទាប់ពីស្រីចិនបានសម្រាលកូនមិនទាន់បានប៉ុន្មានខែផង គាត់ក៏មានផ្ទៃពោះជាថ្មីដោយសារមិនបានការពារ។ ដោយសារជីវភាពគ្រួសារ និងប្ដីដែលតែងតែប្រើអំពើហិង្សាផងនោះ​ គាត់ក៏សម្រេចចិត្តទៅទិញឱសថរំលូតពីឱសថស្ថានមួយកន្លែងនៅពេលអាយុផ្ទៃពោះរបស់គាត់តិចជាង៩សប្ដាហ៍ ហើយការរំលូតរបស់គាត់គឺទទួលបានជោគជ័យ។

ស្រីចិនបានបន្តថា៖ គាត់មានផ្ទៃពោះញឹកញាប់ ហើយមិនមានការយល់ដឹងទាក់ទងនឹងមធ្យោបាយពន្យារកំណើត គាត់ក៏មានផ្ទៃពោះម្ដងទៀត។ យូរៗទៅផ្ទៃពោះកាន់តែធំ និងមានចលនានៅក្នុងផ្ទៃ គាត់ដឹងថាខ្លួនមានផ្ទៃពោះ ហើយអាយុគភ៌ក៏ច្រើនដែរ តែគាត់នៅតែសម្រេចចិត្តចង់បញ្ចប់គភ៌។ ស្រីចិនបានទៅទិញថ្នាំរំលូតជាលើកទី២ និងបានកុហកពីអាយុគភ៌ពិតប្រាកដទៅដល់គ្រូពេទ្យ ទើបខាងគ្រូពេទ្យបានលក់ថ្នាំទៅឱ្យគាត់ ហើយបានប្រើថ្នាំទាំងមិនត្រឹមត្រូវបណ្តាលឱ្យស្រីចិនមានការឈឺពោះជាខ្លាំង ទើបប្ដីរបស់គាត់នាំគាត់ទៅពិនិត្យនៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីសង្រ្គោះភ្លាមៗ។

ស្រីចិនបានបន្ថែមថា ទោះបីជាមានករណីនេះកើតឡើងលើគាត់ គឺមានតែការស្ដីបន្ទោសពីក្រុមគ្រួសារ ហើយប្ដីរបស់គាត់នៅតែប្រើអំពើហិង្សាមកលើគាត់ជាថ្មី។

ស្រីចិនបានលើកឡើងថា​៖ «អំឡុងពេលនោះ ខ្ញុំ​មានបុគ្គលិករបស់អង្គការរ៉ាក់បានទាក់ទងផ្តល់ពត៌មានបន្ថែម និងសាកសួរពីការប្រើឱសថរំលូតមិនត្រឹមត្រូវ និង​មានអំពើហិង្សានៅក្នុងគ្រួសារ ហើយបុគ្គលិកអង្គការរ៉ាក់ ស្រ្តីគកនក មេភូមិ និងប៉ូលីសបានផ្តល់ជំនួយជាការចុះអន្តរាគមន៍ និងធ្វើការអប់រំទៅដល់ប្ដីរបស់ខ្ញុំ ថែមទាំងទទួលបានការគាំទ្រផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងជួយគាំទ្រផ្នែកសុខភាពផ្លូវកាយ និងផ្លូវចិត្តពីអង្គការរ៉ាក់»។

ស្រីចិនក៏បានផ្ដាំផ្ងើទៅដល់ស្រ្ដីទាំងអស់ ប្រសិនបើជួបប្រទះនឹងបញ្ហាអំពើហិង្សាដូចគាត់ សូមឱ្យស្រ្ដីទាំងអស់ហ៊ានប្រឈមនឹងបញ្ហា កុំលាក់ទុក កុំខ្មាស់អៀន និងត្រូវស្វែងរកជំនួយ រាល់ពេលដែលមានអំពើហិង្សាកើតឡើង៕

អត្ថបទដោយ: RHAC

មតិយោបល់