
ប្រការគួរយល់ដឹង ក្នុងការកាត់បន្ថយអាការៈចាញ់កូន
អ្នកម្តាយមួយចំនួនមានការបារម្មណ៍ ពីការចាញ់កូនមែនទេ?
ខាងក្រោមនេះជាព័ត៌មានដែលមានប្រយោជន៍សម្រាប់អ្នកម្តាយទាំងអស់ ជាពិសេសក្នុងតំណាក់កាលនៃការមានផ្ទៃពោះលើកដំបូង!
ប្រសិនបើអ្នកមានផ្ទៃពោះដំបូង អ្នកទំនងជានឹងជួបប្រទះការចាញ់កូននៅពេលណាមួយ ព្រោះអាការៈនេះកើតមានចំពោះស្ត្រីដែលមានផ្ទៃពោះច្រើនជាងពាក់កណ្តាលនៅក្នុងសាកលលោក។ អាការៈចាញ់កូន ពាក់ព័ន្ធនឹងការ ឈឺក្បាល វិលមុខ ចង្អោរ និងក្អួត អស់កម្លាំង ជាដើម ដែលជាធម្មតាកើតឡើងក្នុងត្រីមាសទី១ ហើយអាការៈនេះមិនតែងតែមាននៅពេលព្រឹកនោះទេ។
មូលហេតុ ដែលនាំឱ្យមានអាការៈដូចបានរៀបរាប់ខាងលើ អាចនៅពេលដែលអ្នកធុំក្លិនអាហារ ឬក្លិនក្រអូប ការបរិភោគអាហារ (ជាពិសេសអាហារហឹរ) កំដៅនិង នឹងការបញ្ចេញទឹកមាត់ធ្ងន់ធ្ងរ ជាដើម។
ទោះបីជាមូលហេតុនៃការចាញ់កូននេះមិនមានភាពច្បាស់លាស់ក៏ដោយ ប៉ុន្តែការចាញ់កូនអាចទាក់ទងនឹងការកើនកម្រិតអ័រម៉ូនច្រើនភ្លាមៗនៃក្នុងរាងកាយរបស់អ្នក។ ទោះបីជាការចាញ់កូនជាធម្មតាបាត់ទៅវិញនៅពាក់កណ្តាលអាយុនៃការមានផ្ទៃពោះរបស់អ្នកក៏ដោយ ក៏រោគសញ្ញារបស់វាអាចរារាំង និងរំខានដល់សកម្មភាពប្រចាំថ្ងៃដែរ។
តើអ្នកត្រូវធ្វើដូចម្តេច?
មានស្ត្រីខ្លះមានកម្រិតនៃការចាញ់កូនធ្ងន់ធ្ងរ ដែលគេហៅថា hyperemesis gravidarum មានន័យថា ការចាញ់កូនក្នុងកម្រិតធ្ងន់ធ្ងរ ។ វាមានរយៈពេលយូរជាងការចាញ់កូនធម្មតា ហើយនាំឱ្យស្ត្រីខ្សោះជាតិទឹក និងស្រកទម្ងន់។ លក្ខខណ្ឌនេះតម្រូវឱ្យស្ត្រីពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវានៅមន្ទីរពេទ្យ ឬគ្លីនិកជំនាញ។ ទោះជាយ៉ាងណា ក៏មានឱសថ និងវិធីព្យាបាលមួយចំនួនដែលអ្នកអាចព្យាយាមកម្ចាត់អាការៈចាញ់កូន ឬអាចសម្រាលអាការៈបាន។
អ្នកអាចសាកល្បងនឹងវិធីមួយចំនួនដែលបានរៀបរាប់នៅខាងក្រោមនេះ៖
១. បន្ថែមជាតិទឹក៖ សម្រាប់ស្ត្រីមួយចំនួន ការញ៉ាំអាហារ ឬធុំក្លិនអាហារធ្វើឱ្យមានអាការៈចាញ់កូនកាន់តែធ្ងន់ធ្ងរ ។ ការក្អួតអាចធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹក។ របបអាហារគួរតែរាវ នឹងផ្តល់សារធាតុចិញ្ចឹមមួយចំនួនដែលអ្នកត្រូវការ រហូតអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រួល ក្នុងការទទួលទាន។ ភេសជ្ជៈ រាវថ្លាងាយរំលាយ មិនដាក់សម្ពាធបន្ថែមលើក្រពះរបស់អ្នកគឺជាជម្រើសល្អបំផុត។ ហេតុនេះ ស្ត្រីមានផ្ទៃពោះគួរទទួលទានភេសជ្ជៈ (ជាពិសេសទឹក) យ៉ាងតិចប្រាំបីកែវក្នុងមួយថ្ងៃ។ តែអ្នកមិនគួរទទួលទានប្រភេទភេសជ្ជៈដែលមានជាតិស្ករឡើយ ។ អ្នកអាចសាកល្បងជាមួយនឹង៖
- ទឹកលាយជាមួយទឹកក្រូចឆ្មា
- ទឹកផ្លែឈើស្រស់ (គ្មានការបន្ថែមស្ករ)
- ទឹកដែលមានសារជាតិអេឡិចត្រូលីត
- ទឹកលាយជាមួយខ្ញី
- ទឹករ៉ែ ឬទឹកសូដា ជាដើម
ម៉្យាងទៀត អ្នកអាចសាកល្បងញ៉ាំចាហ៊ួយ ឬជញ្ជក់ការ៉េមរសជាតិផ្លែឈើ ទឹកផ្លែឈើ កក ឬការ៉េមទឹកដោះគោជូជាដើម។
សូមចៀសវាង ភេសជ្ជៈដែលមានជាតិអាស៊ីតខ្ពស់ ព្រោះវាអាចធ្វើឱ្យក្រពះរបស់អ្នករលាក និងធ្វើឱ្យអាការៈចាញ់កូនបស់អ្នកកាន់តែអាក្រក់។
២. បន្ថែម វីតាមីនបេ៦ (B6)
វីតាមីនបេ៦ ឬ pyridoxine ជាសារជាតិដែលរលាយក្នុងទឹក។ វាមានក្នុងអាហារជាច្រើន តែអ្នកក៏អាចលេបឬទទួលទានអាហារបំប៉នបន្ថែមបានដែរ។ ការទទួលទានបញ្ចូលគ្នារវាង វីតាមីនបេ ៦ ជាមួយនឹង Doxylamine ត្រូវបានគេជឿជាក់ថាអាចបន្ថយ ការចង្អោរ និងក្អួតចំពោះស្ត្រីមានផ្ទៃពោះ បានដល់70% និងរក្សាអត្រាទាបនៃការមកសម្រាកនៅមន្ទីរពេទ្យ។
៣. ទទួលទានខ្ញី
ខ្ញីមានការទទួលស្គាល់យ៉ាងទូលំទូលាយថាជាផ្នែកមួយនៃឱសថ រួមទាំងការកាត់បន្ថយអាការៈចង្អោរផងដែរ។ ការសិក្សាបង្ហាញថា ការទទួលទានទឹកស៊ីរ៉ូ ឬម្សៅខ្ញីក្នុងទម្រង់ជាថ្នាំគ្រាប់ជួយកាត់បន្ថយការចង្អោរ និងក្អួតអំឡុងពេលមានផ្ទៃពោះ។អ្នកក៏អាចសាកល្បងផលិតផលខ្ញីផ្សេងទៀតដូចជា៖
- តែខ្ញីធ្វើដោយម្សៅខ្ញី ឬខ្ញីស្រស់
- ស្រាបៀរខ្ញីដែលគ្មានជាតិអាល់កុល
- ដំណាប់ខ្ញី
- អាហារសម្រន់រសជាតិខ្ញី
- ទឹកដែលមានលាយ ឬត្រាំខ្ញី
ទោះបីជាមានស្ត្រីមួយចំនួនបានរាយការណ៍ថា ការញាំខ្ញីមានការក្រហាយ ឬក្តៅក្នុងទ្រូង ឬច្រាលទឹកនៅពេលទទួលទានខ្ញីក៏ដោយ ការ ប្រើប្រាស់ខ្ញីដើម្បីព្យាបាលអាការៈចាញ់កូន មានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត។
៤. ការប្រើឱសថ
ប្រភេទថ្នាំ Antiemetic ជាច្រើនប្រភេទ (ប្រឆាំងនឹងការចង្អោរ និងប្រឆាំងនឹងការក្អួត) មានសុវត្ថិភាពក្នុងការប្រើអំឡុងពេលមានផ្ទៃពោះ។ ទោះយ៉ាងណា មានថ្នាំមួយចំនួនដែលមិនមានព័ត៌មានសុវត្ថិភាពគ្រប់គ្រាន់ ឬអាចបង្កគ្រោះថ្នាក់។ ឧទាហរណ៍ Ondansetron មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការចង្អោរ និងក្អួត ប៉ុន្តែវាក៏អាចជះឥទ្ធិពលដល់បញ្ហាចង្វាក់បេះដូងផង ជាពិសេសសម្រាប់អ្នកដែលមានជំងឺបេះដូង។ វាក៏អាចមានគ្រោះថ្នាក់ដល់ទារកផងដែរ ជាពិសេសប្រសិនបើផ្ទៃពោះស្ថិតក្នុងត្រីមាសដំបូង។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើប្រភេទថ្នាំណាមួយ។
៥. ទទួលទានអាហារប្រភេទអាហារប្រភេទងាយរលាយ
ស្ត្រីជាច្រើនដែលមានការចាញ់កូនជ្រើសយកជម្រើសរបបអាហារ BRAT (ចេក, អង្ករ, ផ្លែប៉ោម, នំបុ័ងអាំង) ជារបបអាហារមានប្រយោជន៍។ ប្រសិនបើអ្នកពិបាកទទួលទាន ប្រភេទអាហារដែលមានជាតិម្សៅទាំងនេះអាចជួយសម្រួលអ្នកឱ្យត្រលប់ទៅរបបអាហារធម្មតារបស់អ្នកវិញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរ ទទួលទានប្រភេទអាហាររឹងគ្រប់ប្រភេទ ជាពិសេសស្ត្រីដែលមានអាការៈក្អួតញឹកញាប់។ នៅពេលដែលការក្អួតរបស់អ្នកឈប់ អ្នកអាចសាកល្បងរបបអាហារនេះបាន។ អ្នកមិនត្រូវប្រកាន់ខ្ជាប់ទទួលទានអាហារទាំងបួនមុខនេះទេ។ អ្នកក៏អាចសាកល្បងអាហារ ដូចជា នំស្រួយ មី ដំឡូង និងបាយ។ នៅពេលដែលអ្នកបាត់អាការៈទាំងនេះហើយ សូមចាប់ផ្តើមមកទទួលទានអាហារ បន្លែ និងផ្លែឈើវិញតាមធម្មតា។
ពេលណាអ្នក ត្រូវទៅជួបគ្រូពេទ្យ?
ជាទូទៅករណីចាញ់កូនភាគច្រើន ចាប់ផ្តើមស្រាល ឬបាត់ទៅវិញនៅពាក់កណ្តាលនៃការមានផ្ទៃពោះរបស់អ្នក។ ប៉ុន្តែអ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាជំនាញរបស់អ្នកប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម៖
- ចង្អោរ ឬក្អួតរបស់អ្នកធ្ងន់ធ្ងរ
- ទឹកនោមតិចតួច ឬមានពណ៌ដិត ឬក្រម៉ៅ
- អ្នកមិនអាចទទួលទានសារធាតុរាវបាន
- អ្នកវិលមុខ ឬដួលសន្លប់ បន្ទាប់ពីក្រោកឈរ
- បេះដូងរបស់អ្នកដើរលឿនខ្លាំង
ប្រភព៖ WebMD
មតិយោបល់