រំលងម៉ឺនុយទំព័រ

ប្រដាប់ភេទមានក្លិនមិនល្អ គួរធ្វើដូចម្តេច?

ប្រដាប់ភេទមានក្លិនមិនល្អ គួរធ្វើដូចម្តេច?

ព័ត៌មានសុខភាពយុវវ័យ
10068

ក្លិនមិនល្អនៅត្រង់ប្រដាប់ភេទ ត្រូវបានចាត់ទុកថាជារឿងខ្វល់ខ្វាយ ជាពិសេសសម្រាប់ស្ត្រី។ ប៉ុន្តែការថែទាំ និងសម្អាតខ្លួនប្រាណ​គឺជារឿងចាំបាច់សម្រាប់ទាំងបុរស និងស្ត្រី។ អត្ថបទនេះផ្តោតសំខាន់លើក្លិនទ្វារមាសនៃរាងកាយស្ត្រី។

ក្លិន​ទ្វារមាស​ខ្លះជាលក្ខណៈ​ធម្មតា និងត្រូវបានដឹងទាំងអស់គ្នា។ ស្ត្រីភាគច្រើនមានក្លិនប្រហើរឬសាច់ក្រអូបបែបធម្មជាតិ ប៉ុន្តែវាប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

ក្លិន​​របស់​អ្នក​អាច​នឹង​ប្រែប្រួល​ទៅតាម​អាយុ ឬ​ទៅតាមការឆ្លើយតប​នឹង​ការ​រំញោច​ជាក់លាក់ណាមួយ។ កត្តារំញោចមួយចំនួនដែលផ្លាស់ប្តូរក្លិនទ្វារមាសជាបណ្តោះអាសន្នរួមមាន:

  • បែកញើសធម្មតា
  • សកម្មភាពផ្លូវភេទ
  • វ​ដ្ត​រដូវ (ការប្រែប្រួលអ័រម៉ូន)
  • របបអាហារ
  • ការប្រើប្រាស់ថ្នាំផ្សះ ជាដើម

ក្លិនទ្វារមាស អាចប្រែប្រួលពេញមួយរយៈពេលនៃការមករដូវ រួមទាំងការចេញក្លិនមិនល្អផងដែរ។ស្ត្រីគួរយល់ដឹងថា ក្លិន​ទ្វារមាសធម្មតា​មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ទេ ហើយកម្រិតនៃក្លិនក៏នឹងប្រែប្រួលដោយឯក​ឯងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានអារម្មណ៍ថាទ្វារមាសរបស់អ្នកមានក្លិនមិនល្អខ្លាំង ហើយបន្តកើតមានជាច្រើនថ្ងៃ នោះ វាអាចជាសញ្ញានៃបញ្ហាសុខភាពរបស់អ្នក។

មូល​ហេតុ​ទូទៅ​នៃ​ក្លិន​ទ្វារមាស​ខុស​ប្រក្រតី​អាចបង្កមកពី​៖

  • បាក់តេរីទ្វារមាស ដែលហៅកាត់ថា BV (Bacterial vaginosis) រីកធំធាត់ និងកើនឡើងលើសកម្រិត
  • ជំងឺទ្រីកូម៉ូណាស់ ដែលជាជំងឺឆ្លងតាមការរួមភេទ បង្កដោយពពួកប៉ារ៉ាស៊ីត
  • ឥរិយាបថនៃការទុកតាំប៉ុង(ដុំសំឡីអនាម័យមូល) នៅពេលមករដូវ នៅក្នុងទ្វារមាស រយៈពេលយូរពេក (ឬភ្លេចដកចេញ)
  • អនាម័យមិនល្អ ឬការប្រើប្រាស់ផលិតផលទឹកអនាម័យមិនសមស្រប

បាក់តេរីទ្វារមាស និងប៉ារ៉ាស៊ីតដែលបង្កជំងឺទ្រីកូម៉ូណាស់ ច្រើនតែបង្កើតក្លិនឆ្អាបឆួលដូចក្លិនត្រី ឬក្លិន   ឆ្ងៀមគីមី ឯក្លិនមិនល្អដែលបណ្តាលមកពី តាំប៉ុងដែលភ្លេចយកចេញ គឺអាចចាប់ផ្តើមចេញក្លិនស្អុយតែម្តង។

គួររំលឹកផងដែរថា ស្ត្រីជាច្រើនរងគ្រោះពីការទទួលបាននូវព័ត៌មានមិនពិត និងប៉ះពាល់ដល់សុវត្ថិភាពនៃ ទ្វារមាសទាក់ទងនឹងឥរិយាបថនៃការបំបាត់ក្លិន។ ប្រសិនបើស្ត្រីព្យាយាមប្រើប្រាស់ផលិតផល ផ្សេងៗដើម្បីបំបាត់ក្លិន មិនសមស្រប ឬហួសកម្រិតដោយខ្លួនឯង នោះនឹងបង្កជារោគសញ្ញាផ្សេងៗនៅទ្វារមាស ហើយពេលខ្លះអាចបង្កនូវបញ្ហាធ្ងន់ធ្ងរដល់សុខភាព ដែលយើងមិនបានដឹងពីមុនមក។

ដំណោះស្រាយ ឬការព្យាបាល

ប្រសិនបើ​អ្នក​បារម្ភ​អំពី​ក្លិន​ទ្វារមាស អ្នក​នឹង​ត្រូវ​ដោះស្រាយ​មូលហេតុ​ដើម្បី​កម្ចាត់​វា។ ការថែរក្សាអនាម័យល្អគឺជាគន្លឹះដើម្បីចៀសវាងបញ្ហាសុខភាព និងក្លិនមិនធម្មតា។ អ្នកគួរមានឥរិយាបថក្នុងការថែទាំរាងកាយរបស់អ្នកជាប្រចាំ។

១. លាងសម្អាតឱ្យបានទៀងទាត់

ការលាងសម្អាតទ្វារមាសរបស់អ្នកជាមួយទឹកក្តៅអ៊ុនៗ គឺគ្រប់គ្រាន់ហើយ។ សូមកុំមានទំនោរទៅតាមការផ្សាយពាណិជ្ជកម្មដែលអះអាងថាអ្នកត្រូវការផលិតផលថ្លៃៗដើម្បីសម្អាតឱ្យស្អាត និងមានក្លិនក្រអូបជាប់។ អ្នកគួរដឹងថាទ្វារមាស​មាន​ជាតិ​អាស៊ីត​ខ្លាំង ដើម្បី​សម្លាប់​បាក់តេរី​អាក្រក់​ដោយ​ធម្មជាតិ។

សាប៊ូ ឬផលិតផលមួយចំនួនលាងជម្រះជាតិអាស៊ីត បង្កឱ្យបាត់បង់តុល្យភាពនៃបរិយាកាស​ទ្វារមាស ដែលនាំឱ្យបាក់តេរីអាចលូតលាស់ហួសកម្រិត។ អ្នកត្រូវជៀសវាងសាប៊ូដែលមានក្លិនក្រអូប និងសារធាតុកាត់ បំបាត់ក្លិន។ ដើម្បី​លាង​សម្អាត​​ផ្នែក​ខាងក្រៅ​នៃ​ទ្វារមាស សូម​ប្រើ​សាប៊ូ​ដែល​មិន​ផ្លាស់ប្តូរ​កម្រិត pH នៅទ្វារមាស។

២. ស្លៀកខោរលុង និងខោទ្រនាប់សាច់កប្បាស

ខោ​ក្រណាត់ប៉ាក់ ​មិន​មែន​ជា​ជម្រើស​សម្លៀក​បំពាក់​ដ៏​ល្អ​បំផុត​សម្រាប់​អនាម័យ​ល្អ​របស់​ស្ត្រី​នោះ​ទេ។ អ្នកត្រូវយកចិត្តទុកដាក់ជាពិសេសសម្លៀកបំពាក់គេង។ សូមពិចារណា​កុំ​ស្លៀក​ខោ​ទ្រនាប់ ពេលគេង ឬអ្នកអាចស្លៀកខោទ្រនាប់ សាច់​កប្បាសជា​មូលដ្ឋាន។ ចៀសវាងការស្លៀកខោទ្រនាប់តឹង ស្រោមបារ ឬខោហ្គេន។

៣. រក្សាទម្ងន់ដែលមានសុខភាពល្អ

ពេលខ្លះ “ក្លិនទ្វារមាស” មិនចេញពីទ្វារមាសទេ ប៉ុន្តែដោយសាររាងកាយដែលមានសាច់ច្រើនដែលបង្កើតជាផ្នត់ ក្រលៀន ភ្លៅដែលអាចជាកន្លែងបង្កើតបាក់តេរីខ្លាំង។

៣. ប្តូរតាំប៉ុង ឬ ពែងរដូវ

ជារឿយៗ សំឡីអនាម័យអាចបង្កឱ្យមានក្លិនខ្លាំងជាង ប៉ុន្តែវាជាជម្រើសរបស់អ្នក។ សម្រាប់អ្នកប្រើប្រាស់តាំប៉ុង ឬពែងរដូវ សូមព្យាយាមប្តូរតាមពេលវេលាសមស្រប ឱ្យបានញឹកញាប់។

៤. ប្រើស្រោមអនាម័យ និងនោមក្រោយពេលរួមភេទ

ទឹកកាម​អាច​ធ្វើឱ្យ​រលាក​ទ្វារមាស បង្កើត​ក្លិន ឬ​ធ្លាក់ស​។ អ្នកគួរប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ។ សូមចៀសវាង​ការ​ប្រើផលិតផលបាញ់ចូល ឬលូកលាងទ្វារមាសស់​ជូត​មាត់​ជូតសម្អាតក្រោយ​ពេល​រួម​ភេទ។ អ្នកគ្រាន់តែនោមដើម្បីសម្អាតជម្រះខាងក្នុងទ្វារមាស។

៥. សាកល្បងទទួលទាន អាហារ ឬអាហារបម្លែងដែលមានសារធាតុ ប្រូបាយអូទិក (Probiotics)

មានភស្តុតាងវិទ្យាសាស្ត្រជាច្រើននៅតែបង្ហាញថា ប្រូបាយអូទិចទទួលទានតាមមាត់មួយចំនួនអាចការពារប្រឆាំងនឹងបាក់តេរីទ្វារមាសបាន។ ប្រសិនបើអ្នកជួបប្រទះការឆ្លងមេរោគញឹកញាប់ អ្នកប្រហែលជាអាចពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីការប្រើប្រាស់សារធាតុ ប្រូបាយអូទិក ឬជម្រើសផ្សេងទៀត។

៦.ចៀសវាងការប្រើប្រាស់ផលិតផលលូកលាងទ្វារមាស (Douche)

ការលាងសម្អាតទ្វារមាសដោយទឹក ឬវត្ថុរាវផ្សេងៗ ដោយប្រើឧបករណ៍ស៊កបាញ់លាងផ្នែកខាងក្នុងនៃទ្វារមាស ​ជា​ទម្លាប់​ធម្មតា​មួយដែលស្ត្រីមួយចំនួន ឬព្យាយាមស្វែងយល់ដើម្បីប្រើប្រាស់ ប៉ុន្តែ​គ្រូពេទ្យ និងអ្នកជំនាញ ​ណែនាំ​ដាច់ខាតមិនឱ្យប្រើប្រាស់វានោះឡើយ។ ការលាងសម្អាតទ្វារមាសដោយទឹក ឬវត្ថុរាវផ្សេងៗ ដោយប្រើឧបករណ៍ស៊កបាញ់លាងផ្នែកខាងក្នុងនៃទ្វារមាស អាចនាំឱ្យមានការឆ្លងមេរោគចូលទៅក្នុងទ្វារមាស។ ជាងនេះទៅទៀត ការធ្វើបែបនេះ នឹងរុញមេរោគពីក្រៅចូលទៅក្នុងស្បូន ដៃស្បូន ឬអូវែ ប្រសិនបើអ្នកមានការឆ្លងមេរោគរួច  ហើយ។

ពេលណាអ្នកត្រូវទៅជួបគ្រូពេទ្យ?

ជារឿយៗ ក្លិនទ្វារមាសដែលតម្រូវឱ្យទៅជួបគ្រូពេទ្យ លុះត្រាតែ អ្នកមានថែមទាំងរោគសញ្ញាទ្វារមាសផ្សេងទៀត។ រោគសញ្ញាទាំងនោះអាចមានដូចជា រមាស់ ឬឈឺចាប់ ក្រហាយ រលាក ឬធ្លាក់ស សូមណាត់ជួបជាមួយគ្រូពេទ្យ ឬអ្នកជំនាញរបស់អ្នកភ្លាម។

ប្រសិនបើអ្នកធំក្លិនឆ្អាបឆួលខ្លាំង អ្នកអាចមានបាក់តេរី (ការឆ្លងមេរោគទ្វារមាស) ឬជំងឺ ទ្រីកូម៉ូណាស់។ ហេតុនេះ អ្នកក៏ត្រូវកំណត់ពេលណាត់ជួបជាមួយអ្នកជំនាញរបស់អ្នក ដើម្បីពិភាក្សា ព្យាបាលដោយថ្នាំ ដើម្បីបញ្ឈប់ការឆ្លង។

អត្ថបទដោយ: RHAC

មតិយោបល់