
ស្វែងយល់អំពីការបំបៅកូនដោយទឹកដោះម្តាយ
យើងដឹងហើយថាតាមច្បាប់ធម្មជាតិទារក រស់រានមានជីវិតទៅបានតាមរយៈការចិញ្ចឹមបីបាច់ដោយទឹកដោះម្តាយ។ វាមិនត្រឹមតែមានសារៈសំខាន់ដល់ការលូតលាស់គ្រប់ផ្នែកនៃរាងកាយរបស់ទារកប្រកបដោយសុខភាពល្អប៉ុណ្ណោះទេ ការបំបៅដោះនេះក៏ជួយបង្កើនភាពជិតស្និទ្ធ និង ភាពកក់ក្តៅរបស់ឱ្យកូន ដែលជាអត្ថប្រយោជន៍ពេញមួយជីវិតសម្រាប់ម្តាយ និងទារក ផងដែរ។ អ្នកណាក៏បានដឺងដែរពីរឿងនេះ ប៉ុន្តែបច្ជុប្បន្នដោយការចាំបាច់ក្នុងការចិញ្ចឹមជីវិត ឬបញ្ហាផ្សេងៗជាច្រើនរបស់ស្រ្តីជាម្តាយ ធ្វើឱ្យកម្រិតកើនឡើងនៃការបោះបង់ការបំបៅដោះទៅដល់កូន។ ទន្ទឹមនឹងនេះដែរ ក៏មានមាតាខ្លះមិនបានស្វែងយល់ពីអត្ថប្រយោជន៏ដ៏សំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយទេ ព្រោះថាឥឡូវមានទឹកដោះគោសិប្បនិម្មិតជាច្រើននៅតាមទីផ្សារដែលអាចឱ្យស្រ្តី និង គ្រួសាររំលងដល់ការបំបៅទឹកដោះដោយធម្មជាតិបានងាយស្រួល។
និយមន័យទឹកដោះម្តាយ
ជាសារធាតុរាវពណ៌រាងលឿងស្រាល ដែលផលិតចេញពីក្រពេញទឹកដោះស្រី្តពេលកំពុងពរពោះចាប់ពី ១៨ ទៅ ១៩ សប្តាហ៏ឡើងទៅបន្តរហូតដល់ក្រោយសម្រាល។ ទឹកដោះមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដែលជួយទ្រទ្រង់ដល់ការលូតលាស់គ្រប់ផ្នែកនៃរាងកាយរបស់ទារក ហើយបន្ថែមពីលើនេះទៀតទឹកដោះម្តាយគឺជាវ៉ាក់សាំងដំបូងរបស់កូនដែលផ្តល់ការការពារយ៉ាងសំខាន់ពីជំងឺ និងការស្លាប់ផងដែរ។
សារធាតុចិញ្ចឺមក្នុងទឺកដោះម្តាយនិងគុណប្រយោជន៏ចំពោះទារក និងមាតា
ខ្លាញ់
ស្ករ
ប្រូតេអ៊ីន
សមាសធាតុទាំងបីខាងលើនេះគឺប្រភេទអាហារសាងសង់សម្រាប់ទារកដូចមនុស្សធំដែរ ដែលជួយដល់ការលូតលាស់រាងកាយ ប្រាជ្ញា ស្មារតី និង ផ្តល់ថាមពលយ៉ាងច្រើនដល់ទារក។
មានសារធាតុសំខាន់ផ្សេងៗទៀតដូចជា៖
អាស៊ីតខ្លាញ់៖ ជួយដល់ការលូតលាស់ និង ធ្វើឱ្យសរសៃឈាមទារកមានសុខភាពល្អ
អង់ស៊ីមលីប៉ាស៖ សម្រួលដល់ការរំលាយអាហារ និងការជ្រាបនៃខ្លាញ់វីតាមីន៖ វីតាមីន អា បេ និង វីតាមីនសេ ព្រមទាំងជាតិដែក សម្រាប់ការពារជំងឺស្លេកស្លាំង
សារជាតិប្រឆាំងនឹងការបង្ករោគដើម្បីទប់ទល់ជំងឺផ្សេងៗដូចជា៖ ជំងឺរលាកផ្លូវដង្ហើមជាពិសេស រលាកត្រចៀកកណ្តាល រលាកពោះវៀន ។ល។
បន្ថែមពីលើនេះទឹកដោះម្តាយ ក៏ជួយកាត់បន្ថយជំងឺសរសៃឈាម បេះដូងទារក ជំងឺធាត់ និង ទឹកនោមផ្អែមប្រភេទទី២ផងដែរ។
ចំណែកឯអត្ថប្រយោជន៍ចំពោះមាតាគឺ ÷
កាត់បន្ថយជំងឺមហារីកដោះ និង ក្រពេញអូវែរ
បន្ថយជំងឺលើសសំពាធឈាម និង ជំងឺសរសៃរឈាមបេះដូង
ជួយពន្យារកំណើតបាន៦ខែប្រសិនបំបៅដោះសុទ្ធ ព្រោះពេលកូនជញ្ជក់ក្បាលដោះ គឺមានការបញ្ចេញអ័រម៉ូន អុកស៊ីតូស៊ីន ដែលមានសកម្មភាពជួយបញ្ឈប់ការខ្ចាក់មេជីវិតញី
ជួយដល់ការកន្រ្តាក់ស្បូន ដែលកាត់បន្ថយការហូរឈាម ការពារភាពស្លេកស្លាំង
កាត់បន្ថយជំងឺបាក់ទឹកចិត្តក្រោយសម្រាល
កាត់បន្ថយជំងឺស្ពោតឆ្អឹង
ពិសេសជួយសន្សំសំចៃថវិកាដែលចំណាយលើទឺកដោះគោសិប្បនិម្មិតបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
របៀបបំបៅកូន
សូមបញ្ជាក់ថាក្នុងទឹកដោះគឺមានជាតិទឹកគ្រប់គ្រាន់ហើយ ដែលមិនអាចធ្វើឱ្យកូន ខះក ក្រោយបៅរួចទេ។ ដូចនេះក្នុងករណីទារកតូចៗអាយុក្រោម៦ខែបៅដោះម្តាយសុទ្ធ គឹមិនតម្រូវឱ្យផឹកទឹកបន្ថែមឡើយ ព្រោះនៅក្នុងនោះសមាសធាតុផ្សំរបស់ទឹកដោះមានជាតិទឺក ៨០ ទៅ ៩០ ភាគរយរួចទៅហើយ សល់ពីនោះគឺជាសារធាតុចញ្ចឹម។
មុននឹងចាប់ផ្តើមបំបៅ ម្តាយត្រូវសម្អាតដោះសងខាងដោយកន្សែងទន់ស្អាតជ្រលក់ទឹកក្តៅឧណ្ហៗសិន។ ការបំបៅត្រូវបំបៅឱ្យអស់ម្ខាងៗ រួចចាំប្តូរទៅ១ចំហៀងទៀត ដើម្បីឱ្យកូនបានបឺតជញ្ជក់គ្រប់សារជាតិទាំងស្រុង ទាំងទឹកដោះដើម និង ទឹកដោះចុង។
ខាងក្រោមគឺបញ្ជាក់អំពីស្ថានភាពបំបៅកូនដែលត្រឹមត្រូវ
*** សារចុងក្រោយ មាតាគ្រប់រូបគប្បីស្វែងយល់ពីគុណប្រយោជន៍របស់ទឹកដោះម្តាយឱ្យបានល្អិតល្អន់ ហើយគួរតែចិញ្ចឹមកូនដោយទឹកដោះខ្លួនយ៉ាងហោចណាស់ឱ្យបាន៦ខែ តាមរបៀបត្រឹមត្រូវ។ រាល់តម្រូវការសម្រាប់ចិញ្ចឹមជីវិតកូន គឺមាននៅក្នុងទឺកដោះម្តាយទាំងអស់ តែក៏អាស្រ័យលើបរិភោគអាហារដែលមានរបបត្រឺមត្រូវល្អសម្រាប់សុខភាពរបស់ម្តាយដូចគ្នាដែរ។
អត្ថបទដោយវេជ្ជ. ពេជ្រ ចិន្តា
ប្រភពឯកសារ: https://www.mhcs.health.nsw.gov.au ,
https://www.centrastatematernity.com/15-benefits-of-breastfeeding-for-mom-and-baby/, https://emedicine.medscape.com/article/1835675-overview
មតិយោបល់