រំលងម៉ឺនុយទំព័រ

កម្មវិធីសម្ពោធជាផ្លូវការ បើកឱ្យប្រើប្រាស់

កម្មវិធីសម្ពោធជាផ្លូវការ បើកឱ្យប្រើប្រាស់

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
18

បង្គន់អនាម័យមេត្រីភាព បន្ទប់សុខភាព និងបរិក្ខារលាងសម្អាតដៃ នៃគម្រោងពង្រឹង និងលើកកំពស់សិទ្ធិសម្រាប់យុវតី តាមរយៈធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងអនាម័យពេលមករដូវ (HER AIM)

ក្រោមចក្ខុវិស័យនៃការ លើកកម្ពស់សុខភាព ស្ត្រី និងក្មេងស្រី អង្គការរ៉ាក់ បានអនុវត្តគម្រោង «លើកកម្ពស់សុខភាព និងសិទ្ធិរបស់យុវតី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងការថែទាំខ្លួនពេលមានរដូវ (HER AIM)» នៅក្នុងអនុវិទ្យាល័យចំនួន៤ គឺអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ អនុវិទ្យាល័យវត្តសំឡាញ អនុវិទ្យាល័យក្រាំងស្នាយ និងអនុវិទ្យាល័យដើមស្នាយ ដែលស្ថិតនៅ ស្រុកឈូក ស្រុកអង្គរ​ជ័យ និងស្រុកកំពង់ត្រាច ខេត្តកំពត មានការគាំទ្រថវិកាដោយ ChorogUsan for Children។ គម្រោងនេះ មានគោលបំណងកែលម្អសុខភាព ការអប់រំ និងសេចក្តីថ្លៃថ្នូររបស់ក្មេងស្រីវ័យជំទង់ តាមរយៈការលើកកម្ពស់ការគ្រប់គ្រងអនាម័យពេលមករដូវ និងការយល់ដឹង ដើម្បីលុបបំបាត់ឧបសគ្គខាងផ្នែករាងកាយនិងសង្គម។ គម្រោង បាននិងកំពុងអនុវត្តសកម្មភាពជាច្រើនដូចជា ការអប់រំនៅតាមសាលារៀន ការរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់សាលា និងសហគមន៍ ការផ្តល់ជូននូវសម្ភារអនាម័យ សាងសង់បង្គន់អនាម័យមេត្រីភាព ជួសជុលនិងបំពាក់បរិក្ខារបន្ទប់សុខភាពនិងសាងសង់បរិក្ខារលាងសម្អាតដៃផងដែរ។ នៅចុងឆ្នាំ២០២៥ សមិទ្ធផលសាងសង់ និងជួសជុល បង្គន់អនាម័យមេត្រីភាព បន្ទប់សុខភាព និងបរិក្ខារលាងសម្អាតដៃត្រូវបានបញ្ចប់ជាស្ថាពរ ដោយមានការចូលរួមពិនិត្យ និងតាមដានយ៉ាងសកម្ម អំពីដំណើរការសាងសង់ ពីសំណាក់គណកម្មការសាងសង់ និងអង្គការរ៉ាក់ ហើយដើម្បីអបអរសាទរចំពោះសមិទ្ធផលទាំងនេះ អង្គការរ៉ាក់បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ បើកឱ្យប្រើប្រាស់បង្គន់អនាម័យមេត្រីភាព បន្ទប់សុខភាព​ និងបរិក្ខារលាងសម្អាតដៃ។ កម្មវិធីបានប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ ចាប់ពីម៉ោង៨៖៣០ ដល់ម៉ោង១០៖៣០ព្រឹក និងមានសមាសភាពចូលរួមដូចជា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត មន្ត្រីការិយាល័យអប់រំស្រុក ប្រធានមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ អាណាព្យាបាល នាយកសាលា គ្រូបង្រៀន សិស្សានុសិស្ស ម្ចាស់ជំនួយ និងអង្គការរ៉ាក់ សរុបចំនួន៨៦នាក់(ស្រី៣៦នាក់)។

លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់ បានចែករំលែកពីសមិទ្ធផល និងលទ្ធផលនៃការអនុវត្តគម្រោងក្នុងឆ្នាំ២០២៥ ដែលក្នុងនោះរួមមាន ការបង្កើនការយល់ដឹងដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល អាជ្ញាធរ អ្នកផ្តល់សេវា និងភាគីពាក់ព័ន្ធ អំពីប្រធានបទរដូវ អនាម័យ និងសុខភាព តាមរយៈការរៀបចំកម្មវិធីផ្សព្វផ្សាយនៅក្នុងសាលារៀន និងកម្មវិធីនៅក្នុងសហគមន៍ ការរៀបចំវគ្គបណ្តុះបណ្តាល ព្រមទាំងការអប់រំជាក្រុមពិភាក្សាក្នុងថ្នាក់រៀន និងក្នុងបន្ទប់សុខភាព។ លោកជឿជាក់យ៉ាងមុតមាំថា តាមរយៈការអនុវត្តគម្រោង HER AIM នឹងផ្តល់នូវចំណេះដឹងដល់សិស្សស្រីក្នុងការរក្សាអនាម័យ និងថែទាំខ្លួន ជាពិសេសអំឡុងពេលមករដូវ ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សអនុវត្តការរក្សាអនាម័យ ទម្លាប់រស់នៅស្អាត និងរក្សាបរិស្ថានស្អាត ដើម្បីរក្សាសុខភាពរបស់ពួកគេ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានថ្លែងអំណរគុណដល់ ChorogUsan for Children ដែលបានឧបត្ថម្ភថវិកា និងបច្ចេកទេស ក្នុងការអនុវត្តគម្រោង ព្រមទាំងអរគុណដល់ការចូលរួមសកម្មរបស់គណគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមសហការយ៉ាងសកម្មគ្រប់សកម្មភាពគម្រោង រហូតបានសមិទ្ធផលសម្រេចទាំងនេះឡើង។

លោក Jaekyun Rho នាយកប្រចាំប្រទេស ChorogUsan for Children Cambodia បានសម្តែងការគោរព និងការកោតសរសើរដ៏ជ្រាលជ្រៅបំផុតចំពោះ វត្តមានរបស់អ្នកចូលរួមទាំងអស់គ្នា ដែលបានចូលរួមកម្មវិធីសម្ពោធជាផ្លូវការ បើកឱ្យប្រើប្រាស់បង្គន់អនាម័យមេត្រីភាព បន្ទប់សុខភាព​ និងបរិក្ខារលាងសម្អាតដៃ នៃគម្រោងHER AIM។ លោកបានរំលឹកពីបញ្ហាដែលក្មេងស្រីជួបប្រទះនៅសាលារៀន ដូចជាកង្វះបង្គន់អនាម័យ និងកង្វះបន្ទប់សុខភាព ប្រើប្រាស់អំឡុងពេលមករដូវ រហូតដល់ពេលខ្លះ ធ្វើឱ្យក្មេងស្រីខកខានការសិក្សាដោយសារការមករដូវ។ លោកបន្តទៀតថា ChorogUsan for Children Cambodia គិតគូរ សុខទុក្ខរបស់យុវតី ដូច្នេះហើយទើបយើងអនុវត្តគម្រោង HER AIM ដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ ដើម្បីចូលរួមចំណែកដល់ការអនុវត្តការថែទាំខ្លួនអំឡុងពេលមករដូវរបស់ក្មេងស្រីនៅសាលារៀន និងលុបបំបាត់នូវឧបសគ្គរាងកាយ និងសង្គមចំពោះក្មេងស្រី។ សមិទ្ធផល បង្គន់ អនាម័យមេត្រីភាពចំនួន ៤១ ឡដុតសំឡីអនាម័យចំនួន៨ បន្ទប់សុខភាពចំនួន៤ និងបរិក្ខារលាងសម្អាតដៃចំនួន ៨ខ្នង ត្រូវបានសាងសង់ឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្ស ហើយសមិទ្ធផលសាងសង់ទាំងអស់នេះ ជារបស់សិស្សានុសិស្ស និងស្ថិតក្រោមការយកចិត្តទុកដាក់របស់សាលារៀនគោលដៅទាំង៤។ ជាចុងក្រោយ លោកសំណូមពរឱ្យមានការចូលរួមប្រើប្រាស់ប្រកបដោយស្មារតីទទួលខុសត្រូវ និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យគង់វង្ស ដើម្បីផ្តល់ជាអត្ថប្រយោជន៍ដល់សិស្សានុសិស្សជំនាន់ក្រោយ។

អ្នកស្រី គង់ សុភា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ថ្លែងថាអ្នកស្រីមានសេចក្តីសោមនស្សរីករាយដែលបាន ចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការ បើកឱ្យប្រើប្រាស់បង្គន់អនាម័យមេត្រីភាព បន្ទប់សុខភាព​ និងបរិក្ខារលាងសម្អាតដៃ ព្រមទាំងកោតសរសើរដល់អង្គការរ៉ាក់ដែលយកចិត្តទុកដាក់ចំពោះសុខភាពយុវវ័យ តាមរយៈការកៀងគរ និងស្វែងរកជំនួយឧបត្ថម្ភគាំទ្រដល់សាលារៀនគោលដៅទាំង៤។ អ្នកស្រី ស្នើឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំផែនការពីសំណាក់គណគ្រប់គ្រងសាលា ដើម្បីថែរក្សាសមិទ្ធផលទាំងអស់ ក្នុងគោលបំណងលើកកម្ពស់សុខភាពសិស្សានុសិស្សនៅសាលារៀន។ អ្នកស្រីបានថ្លែងអំណរគុណដល់អង្គការរ៉ាក់ និង ChorogUsan for Children Cambodia ដែលបានយកចិត្តទុកដាក់ក្នុងវិស័យអប់រំ​ និងផ្នែកសុខភាព ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យថែរក្សាសមិទ្ធផលឱ្យស្ថិតស្ថេរទៅមុខ។ ជាចុងក្រោយ អ្នកស្រីក៏បាន ជូនពរអ្នកចូលរួមទាំងអស់ជួបប្រទះតែពុទ្ធពរទាំង​៤ប្រការ និងប្រកាសបើកកម្មវិធីនាព្រឹកនោះ។

លោកមួង ណាត នាយកអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ និងតំណាងឱ្យអនុវិទ្យាល័យចំនួន ៣ទៀត បានថ្លែងអំណរគុណដល់ អង្គការរ៉ាក់ និង ChorogUsan for Children Cambodia ដែលបានអនុវត្តគម្រោង និងផ្តល់នូវសមិទ្ធផលទាំងនេះ។ លោកនាយក ក៏បានចែករំលែកពីផែនការក្នុងការថែរក្សា និងសម្អាតបង្គន់អនាម័យដែលត្រូវបែងចែកវេនសម្អាតប្រចាំថ្នាក់ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ហើយសាលាក៏បានរៀបចំផែនការប្រើប្រាស់បន្ទប់សុខភាព ដោយបានចាត់ចែងបុគ្គលិកប្រចាំការជារៀងរាល់ថ្ងៃ ក្រោមការសហការជាមួយមណ្ឌលសុខភាពតានី ផងដែរ។ ចំពោះផែនការនៃការជួសជុល សាលាបានរៀបចំផែនការថវិកាសាលារៀនបម្រុងក្នុងការជួសជុល និងផែនការរៃអង្គាសថវិកាពីឪពុកម្តាយ និងសហគមន៍ ព្រមទាំងត្រៀមកញ្ចប់ថវិកាបានពីការផ្ញើរកង់ និងការលក់ដូរនៅសាលាផងដែរ។

តំណាងសិស្ស បីរូប នៅអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ បានបង្ហាញពីភាពសោមនស្សរីករាយចំពោះសមិទ្ធផលសម្រេច ដែលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សិស្សឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ ងាយស្រួលផ្លាស់ប្តូរសំឡី រក្សាអនាម័យពេលមករដូវ និងទុកដាក់សំឡីដែលប្រើប្រាស់រួចជាដើម។ តំណាងសិស្សបានចែករំលែកពីអត្ថប្រយោជន៍របស់បន្ទប់សុខភាព ដែលជួយដល់សិស្សដែលមានបញ្ហាសុខភាពផ្តល់ឱ្យនូវកន្លែងសម្រាកពេលមានបញ្ហាសុខភាព និងទទួលបានការប្រឹក្សាសុខភាពនៅសាលារៀនផងដែរ។ តំណាងសិស្សានុសិស្សបានប្តេជ្ញាចិត្តក្នុងការថែរក្សាសមិទ្ធផលទាំងអស់ ឱ្យបានគង់វង្សនិងស្ថិតស្ថេរ។ ជាចុងបញ្ចប់ តំណាងសិស្សបានថ្លែងអំណរគុណដល់អង្គការរ៉ាក់ និង ChorogUsan for Children Cambodia ដែលបានផ្តល់នូវការសាងសង់បង្គន់អនាម័យ បន្ទប់សុខភាព និងកន្លែងលាងដៃដល់សិស្សានុសិស្សនៅសាលារៀនគោលដៅ។

អត្ថបទដោយ: RHAC

មតិយោបល់