រំលងម៉ឺនុយទំព័រ

ការផ្តល់អំណាចដល់ការផ្លាស់ប្តូរ — អ្នកស្រី ប៉ាក់ ទ្រីយ៉ា នៅក្នុងភូមិត្បូងខ្លា

ការផ្តល់អំណាចដល់ការផ្លាស់ប្តូរ — អ្នកស្រី ប៉ាក់ ទ្រីយ៉ា នៅក្នុងភូមិត្បូងខ្លា

រឿងជោគជ័យ
1

អ្នកស្រី ប៉ាក់ ទ្រីយ៉ា ស្ត្រីមេផ្ទះ និងជាម្តាយកូនមួយវ័យ ២៨ ឆ្នាំ បានចំណាយពេលស្ទើរតែមួយជីវិតរបស់គាត់រស់នៅក្នុងរង្វង់ទំនៀមទម្លាប់ប្រពៃណីដ៏តឹងរឹង ក្នុងភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ដូចស្ត្រីដទៃទៀតនៅក្នុងសហគមន៍ជនបទដាច់ស្រយាលមួយនេះដែរ ទ្រីយ៉ា មានឱកាសតិចតួចណាស់ក្នុងការទទួលបានព័ត៌មាន និងចំណេះដឹងត្រឹមត្រូវជុំវិញសុខភាពមាតា និងសុខភាពបន្តពូជ។ សម្រាប់គាត់ ការពពោះម្តងៗមិនត្រឹមតែនាំមកនូវក្តីសង្ឃឹមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អមមកជាមួយនូវក្តីកង្វល់ ភាពភ័យខ្លាច និងភាពមិនប្រាកដប្រជាជាច្រើននៅក្នុងចិត្ត។ រឹតតែពិបាកជាងនេះទៅទៀត បទដ្ឋានវប្បធម៌ និងការគិតបែបបុរាណបានក្លាយជារបងខណ្ឌជញ្ជាំង រារាំងមិនឱ្យមានការពិភាក្សាដោយបើកចំហអំពីបញ្ហាសុខភាពផ្ទាល់ខ្លួន ឬរឿងរ៉ាវក្នុងគ្រួសារឡើយ ដោយចាត់ទុកវាជារឿងស៊ាំញ៉ាំ និងគួរឱ្យអៀនខ្មាស។​

ស្ថានភាពរបស់គាត់បានចាប់ផ្តើមផ្លាស់ប្តូរនៅពេល ក្រុមទ្រទ្រង់សុខភាពភូមិ ដែលគាំទ្រដោយអង្គការរ៉ាក់ បានមកអប់រំដល់ផ្ទះរបស់គាត់។ តាមរយៈការពិភាក្សាបែបស្និទ្ធស្នាល និងរួសរាយរាក់ទាក់ ជំនួសឱ្យការបង្រៀនតាមបែបផ្លូវការដ៏គួរឱ្យធុញទ្រាន់ ក្រុមទ្រទ្រង់សុខភាពភូមិបានបង្កើតកន្លែងសុវត្ថិភាពមួយឱ្យអ្នកស្រី ប៉ាក់ ទ្រីយ៉ា រំសាយអស់ភាពអៀនខ្មាស ហ៊ានបើកចិត្ត ស្រូបយកចំណេះដឹងថ្មីៗ និងចោទសួររាល់ចម្ងល់ដែលលាក់ទុកក្នុងចិត្តជាច្រើនឆ្នាំដោយភាពជឿជាក់។

ជាការពិតណាស់ ជំហានដំបូងនៃការផ្លាស់ប្តូរទម្លាប់ចាស់ៗ មិនមែនជារឿងងាយស្រួលនោះឡើយ។ អ្នកស្រី ប៉ាក់ ទ្រីយ៉ា ត្រូវរែកពន់ភារកិច្ចក្នុងផ្ទះផង និងការងារស្រែចម្ការដ៏មមាញឹកផង ថែមទាំងត្រូវជម្នះនឹងរបាំងផ្លូវចិត្តដ៏ធំ គឺភាពអៀនខ្មាសក្នុងការនិយាយរឿងរ៉ាវរសើបៗដែលទាក់ទងសុខភាពបន្តពូជនេះផងដែរ។

ក្តីបារម្ភ និងភាពអៀនខ្មាសធ្លាប់ជាឧបសគ្គ ប៉ុន្តែការយកចិត្តទុកដាក់ និងការលើកទឹកចិត្តជាប្រចាំពីក្រុមទ្រទ្រង់សុខភាពភូមិ បានក្លាយជាកម្លាំងចលករជួយឱ្យគាត់សាងទំនុកចិត្តឡើងវិញបន្តិចម្តងៗ។

សព្វថ្ងៃនេះ ជីវិតរបស់អ្នកស្រី ប៉ាក់ ទ្រីយ៉ា បានកែប្រែមុខមាត់ថ្មីទាំងស្រុង។ គាត់មិនត្រឹមតែជាអ្នកអនុវត្តឥរិយាបថរស់នៅស្អាត និងមានសុខភាពល្អនៅក្នុងរង្វង់គ្រួសារតូចរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែបានដើរតួជា «ស្ត្រីគំរូ» ដ៏ស្រស់បំព្រងសម្រាប់ស្ត្រីដទៃទៀតនៅក្នុងភូមិត្បូងខ្លាទាំងមូល។

ក្តីរំពឹងទុក និងភាពភ័យខ្លាចកាលពីអតីតកាល ត្រូវបានជំនួសដោយស្នាមញញឹម ទំនុកចិត្ត និងសុខុមាលភាពគ្រួសារដ៏ល្អប្រសើរ។ អ្វីដែលរឹតតែរំភើបទៅទៀតនោះ គឺបច្ចុប្បន្ន អ្នកស្រី ប៉ាក់ ទ្រីយ៉ា បានក្លាយជាអ្នកចែករំលែកចំណេះដឹងសកម្ម ម្នាក់ដែលកំពុងបន្តជួយណែនាំស្ត្រីដទៃទៀតឱ្យដើរចេញពីភាពងងឹតស្លុប មកកាន់ពន្លឺនៃសុខភាពមាតា និងទារកដ៏មាន     សេចក្តីសុខ។

«ខ្ញុំពិតជាពេញចិត្តនឹងការអប់រំរបស់ក្រុមទ្រទ្រង់សុខភាពភូមិ » នាងនិយាយទាំងញញឹម។ «ពីមុន ខ្ញុំមិនយល់ពីសារៈសំខាន់នៃការថែទាំមាតា ផែនការគ្រួសារ សិទ្ធិ ឬយេនឌ័រទេ។ ឥឡូវនេះ គ្រួសារខ្ញុំកាន់តែមានសុភមង្គល ហើយកូនៗរបស់ខ្ញុំមានសុខភាពល្អ»។

រឿងរ៉ាវដ៏មានតម្លៃរបស់អ្នកស្រី ប៉ាក់ ទ្រីយ៉ា គឺជាសក្ខីកម្មដ៏រស់រវើក បង្ហាញឱ្យឃើញថា ការអប់រំដែលមានមូលដ្ឋានចេញពីសហគមន៍ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាមិត្តភក្តិ គឺជាឧបករណ៍ដ៏មានអំណាចបំផុតក្នុងការលើកកម្ពស់តម្លៃស្ត្រី សូម្បីតែនៅក្នុងតំបន់ដាច់ស្រយាលបំផុតក៏ដោយ។ ការអប់រំនេះបានផ្តល់លទ្ធភាពឱ្យពួកគេមានសិទ្ធិសម្រេចចិត្តដោយផ្អែកលើព័ត៌មានពិត និងលើកកម្ពស់គុណភាពជីវិត។ វាបានបង្ហាញយ៉ាងច្បាស់ថា៖ «នៅពេលដែលស្ត្រីទទួលបានចំណេះដឹង និងទំនុកចិត្ត ពួកគេមិនត្រឹមតែផ្លាស់ប្តូរវាសនាខ្លួនឯងនោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលកររុញច្រានការផ្លាស់ប្តូរដ៏មានន័យ សម្រាប់គ្រួសារ និងសហគមន៍ទាំងមូលផងដែរ។»

អត្ថបទដោយ: RHAC

មតិយោបល់