
ការផ្លាស់ប្តូរអត្តសញ្ញាណយេនឌ័រ
យ៉ាយ៉ា មានអាយុ ១៤ឆ្នាំ ជាសិស្សម្នាក់រៀននៅក្នុងក្រុងបាត់ដំបង ដែលបច្ចុប្បន្នមានទីលំនៅបច្ចុប្បន្ននៅភូមិ ចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង និងជាកូនពៅនៅក្នុងគ្រួសារដែលមានបងប្អូនចំនួនបីនាក់។
យ៉ាយ៉ាគឺជាមនុស្សម្នាក់ ដែលចូលចិត្តភាពសប្បាយរីករាយ ចូលចិត្តជួបជុំមិត្តភក្តិស្តាប់ចម្រៀង រាំរបាំ ដើរបង្ហាញម៉ូត និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីសម្រេចនូវបំណងប្រាថ្នានាពេលអនាគត ដែលគាត់ចង់ក្លាយជាមន្ត្រីនៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈម្នាក់ (ការងាររដ្ឋ)។ ចាប់តាំងពីយ៉ាយ៉ាដឹងក្តីមក យ៉ាយ៉ាបែងចែកខ្លួនឯងមិនត្រូវ ដោយមិនដឹងថាខ្លួនឯងស្រឡាញ់មនុស្សប្រុស ឬស្រី ព្រោះឱ្យតែឃើញគេស្អាតទាំងមនុស្សប្រុស និងមនុស្សស្រី យ៉ាយ៉ាចាប់អារម្មណ៍គេទាំងអស់។ "ខ្ញុំកើតមកជាមនុស្សប្រុស តែខ្ញុំចូលចិត្តតុបតែងខ្លួន និងតែងតែលេងជាមួយមិត្តភក្តិស្រីៗ និងដើរជាមួយមនុស្សស្រី" ពេលនោះក៏មានមិត្តយ៉ាយ៉ាម្នាក់បានហៅយ៉ាយ៉ាថា "អាខ្ទើយ" "ខ្ញុំចាប់ផ្តើមភ្ញាក់ខ្លួន និងគិតលើពាក្យដែលគេបានហៅខ្ញុំ ហើយចាប់ផ្តើមស្វែងយល់បន្ថែមតាមរយៈបណ្តាញសង្គម ទាក់ទងនឹងភេទ បន្ទាប់ពីបានដឹងខ្លះៗមក ពេលនោះខ្ញុំពិតជាតូចចិត្តនឹងខ្លួនឯងជាខ្លាំង ព្រោះគ្រួសារមិនចូលចិត្ត និងមនុស្សជុំវិញខ្លួនខ្ញុំគេជេរ/ស្តី គេថាចរិកស្រីមិនចំស្រី បុ្រសមិនចំប្រុស ខ្ញុំកើតមកមានបាបផ្សេងៗជាដើម។ ខ្ញុំពិតជាទទួលរងសម្ពាធ និងមានការប៉ះពាល់អារម្មណ៍ (អំពើហិង្សាផ្លូវចិត្ត) ជាខ្លាំងទាំងពីមុន និងឥលូវ តែគ្រាន់តែថា ឥលូវខ្ញុំបានយល់ដឹងបានច្រើនជាងមុន និងមិនសូវខ្វាយខ្វល់ពីសម្តីទាំងអស់នោះទៀត ព្រោះដោយសារខ្ញុំបានស្គាល់អ្នកគ្រូលោកគ្រូបុគ្គលិកអង្គការរ៉ាក់ ពួកគាត់បានពន្យល់ណែនាំ និងបានបង្ហាញមេរៀន និងបានចាក់វីដេអូគំនូរជីវចលរ៉ាក់ស្តីពី "ភាពខុសគ្នារវាងភេទពីកំណើត និងអត្តសញ្ញាណយេនឌ័រ" ស្តីពី "និន្នាការផ្លូវភេទ អាកប្បកិរិយាផ្លូវភេទ និងអត្តសញ្ញាភេទ" និងវីដេអូគំនូរជីវចលរ៉ាក់ ស្តីពី "អ្នកគាំទ្រក្រុមអ្នកស្រឡាញ់ភេទដូចគ្នា" ឱ្យទស្សនាពេលដែលខ្ញុំបានមកលេងមណ្ឌលយុវវ័យ និងពន្យល់ឱ្យខ្ញុំបានយល់ពីចំនុចសំខាន់ៗ ព្រមទាំងបានលើកទឹកចិត្តខ្ញុំថែមទៀតផងដែរ"។ ពេលនោះយ៉ាយ៉ា ចាប់ផ្តើមមានអារម្មណ៍សប្បាយរីករាយ និងមានភាពជឿជាក់លើខ្លួនឯងខ្លាំងជាងមុន និងហ៊ានបញ្ចេញកាយវិការ និងធ្វើអ្វីជាខ្លួនឯង និងមានអារម្មណ៍ថាលែងសូវមានសម្ពាធដូចមុនទៀតហើយ ព្រោះវាជារឿងធម្មជាតិរបស់មនុស្សម្នាក់ៗ។
ជាចុងក្រោយ "ខ្ញុំ សូមអរគុណលោកគ្រូអ្នកគ្រូខាងអង្គការរ៉ាក់ដែលបានពន្យល់ និងបង្ហាញ ព្រមទាំងបានផ្តល់ជាកម្លាំងចិត្ត , ការលើកទឺកចិត្ត និងមិនមានការរើសអើងលើរូបខ្ញុំ ហើយខ្ញុំសូមផ្តាំទៅយុវវ័យទាំងអស់កុំមានភាពខ្មាសអៀង ឬភ័យខ្លាច យើងត្រូវចេះស្រឡាញ់ និងធ្វើអ្វីជាខ្លួនឯង នោះយើងនឹងមិនមានអារម្មណ៍ថាទទួលរងនៅសម្ពាធនោះទេ"។
មតិយោបល់