រំលងម៉ឺនុយទំព័រ

កិច្ចប្រជុំបុគ្គលិក ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៥

កិច្ចប្រជុំបុគ្គលិក ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៥

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
63

នៅថ្ងៃទី០៨ និង០៩ ខែឧសភា ឆ្នាំ២០២៥ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) បានរៀបចំកិច្ចប្រជុំបុគ្គលិក ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោកវេជ្ជ. វ៉ា ជីវ័ន នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងកម្មវិធី និងគម្រោងទាំងអស់នៃអង្គការរ៉ាក់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ រាយការណ៍អំពីលទ្ធផលការងារប្រចាំត្រីមាសទី១ ធៀបនឹងផែនការ ធ្វើការវាយតម្លៃប្រសិទ្ធិភាពនៃការប្រើប្រាស់ថវិកា បង្ហាញផែនការសកម្មភាពលម្អិតត្រីមាសទី២ និងចំណុចធ្វើបច្ចុប្បន្នភាព ក្រោយបញ្ចប់លទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥ បង្កើនសាមគ្គីភាព និងការងារជាក្រុមរវាងបុគ្គលិក ។

អ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិអង្កការរ៉ាក់ បានមានប្រសាសន៍រំលឹកអំពីការចូលរួមពង្រឹងការអនុវត្តលើសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ ឬបទបញ្ជាផ្ទៃក្នុង ជាពិសេសគឺបទបញ្ជាផ្ទៃក្នុងអំពីការចុះធ្វើអភិបាលកិច្ចបែបគាំទ្រជូនដល់បុគ្គលិក និងការពង្រឹងគុណភាព និងប្រសិទ្ធិនៃការអនុវត្តការងារ។ លោកស្រីបានលើកឡើងអំពីឆន្ទៈ និងយុទ្ធសាស្ត្ររបស់ស្ថាប័ន ក្នុងការពង្រឹងសមត្ថភាពបន្ថែម តាមរូបភាពផ្សេងៗ។ ក្នុងនោះការចុះការចុះអភិបាលកិច្ចបែបគាំទ្រ និងការស្វែងយល់អំពីស្ថានភាព ថាតើបុគ្គលិករបស់យើង និងអ្នកស្ម័គ្រចិត្តទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង ឬការកសាងសមត្ថភាពបន្ថែមទាក់ទងនឹងជំនាញការងាររបស់ខ្លួនបានគ្រប់គ្រាន់ហើយឬនៅ។ ជាពិសេស ជំនាញក្នុងការគ្រប់គ្រប់គម្រោង និងចំណេះដឹងទាក់ទងនឹងបរិបទដែលគម្រោងរបស់ខ្លួន បាននិងកំពុងអនុវត្ត។ បន្ថែមពីនេះ ត្រូវមានឯកសារអប់រំ សម្ភារៈ និងគោលការណ៍ណែនាំគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។  អ្នកស្រីបណ្ឌិតបានមានប្រសាសន៍លើកឡើងបន្ថែមថា យើងទាំងអស់គ្នាត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ និងព្យាយាមថែរក្សាកេរ្តិ៍ឈ្មោះរ៉ាក់ ដែលជាអង្កការមួយដែលឆ្នើម តាមរយៈការធ្វើការដោយសុចរិតភាព និងតម្លាភាព ដើម្បីបង្ហាញអំពីសក្ដានុពលអង្គការរ៉ាក់។

លោកវេជ្ជ. វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់ ក៏បានមានប្រសាសន៍ថា កិច្ចប្រជុំ ដែលពោរពេញទៅដោយការជជែកដេញដោល គឺពិតជាសារៈប្រយោជន៍ច្រើនណាស់ ព្រោះវាមិនត្រឹមតែអាចបង្ហាញពីការចែករំលែកលទ្ធផលដែលទទួលបាន ដើម្បីឱ្យយើងម្នាក់ៗកាន់តែមានទឹកចិត្តបន្តការងារទៅមុខតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការស្វែងរកនូវដំណោះស្រាយ វិធីថ្មី ឬមានគំនិតថ្មីនៅក្នុងការអនុវត្តន៍ការងារកាន់តែប្រសើរ។ លោកក៏បានសរសើរនិងលើកទឹកចិត្តដល់បុគ្គលិកក្នុងកិច្ចប្រជុំដែលបានចូលរួម សួរហើយស្ដាប់នៅលើបទបង្ហាញផ្សេងៗដែលមានយោបល់ទៅលើអ្វីមួយ ដើម្បីចាប់ទស្សនៈនៅក្នុងបទបង្ហាញនោះ ហើយកែប្រែពង្រីកនៅទស្សនៈរបស់ខ្លួនដែលមានភាពខ្វះខាត។

លោកបានផ្តល់អនុសាសន៍ក្នុងពេលបិទកិច្ចប្រជុំ ដោយលើកឡើងថាគម្រោងដែលល្អ គឺអ្នកដទៃគេថាល្អ។ នោះគឺជាសារៈសំខាន់ ក្នុងការធ្វើឱ្យការងារបានទទួលបានជោគជ័យពិតប្រាកដ ហើយភាពពិតប្រាកដនោះ គឺផ្ដើមចេញពីខ្លួនឯងផ្ទាល់ ស្មោះត្រង់ និងជឿទុកចិត្តលើខ្លួនឯង មានស្មារតីស្វែងយល់ និងអភិវឌ្ឍខ្លួន។

អត្ថបទដោយ: RHAC

មតិយោបល់