
គន្លឹះកាត់បន្ថយភាពតានតឹង (Stress) សម្រាប់ស្ត្រីវ័យលើសពី ៥០ឆ្នាំ
ការឆ្លងកាត់ការផ្លាស់ប្តូរនៃវ័យពាក់កណ្តាលជីវិត ពិតជាបង្កឱ្យមានភាពតានតឹងយ៉ាងពិតប្រាកដ ហើយយើងគ្រប់គ្នាសុទ្ធតែចង់កាត់បន្ថយភាពតានតឹងទាំងនោះចេញពីជីវិត។ ភាពតានតឹងក៏អាចជារឿងវិជ្ជមាន ដែលជួយឱ្យយើងមានការប្រុងប្រយ័ត្នជាប់ជានិច្ច។ ទោះជាយ៉ាងណា វានឹងក្លាយជាអវិជ្ជមាន នៅពេលដែលយើងប្រឈមមុខនឹងបញ្ហាឥតឈប់ឈរដោយគ្មានការសម្រាក។ ការកើនឡើងនូវភាពតានតឹងក្នុងរាងកាយ អាចបង្កជាបញ្ហាសុខភាពជាច្រើនដូចជា ឈឺក្បាល ឈឺពោះ លើសឈាម ឈឺទ្រូង និងបញ្ហានៃការគេង។
សម្រាប់ស្ត្រីដែលមានអាយុលើសពី ៥០ ឆ្នាំ ផលប៉ះពាល់នៃភាពតានតឹងរ៉ាំរ៉ៃនឹងកាន់តែធ្ងន់ធ្ងរ។ រាងកាយរបស់អ្នកលែងរឹងមាំដូចមុនទៀតហើយ ដូច្នេះវាត្រូវការការថែទាំឱ្យបានល្អជាងមុន តាមរយៈរបៀបរស់នៅដែលមានសុខភាពល្អ ដើម្បីជួយខ្លួនឯងឡើងវិញ។ សូមទទួលស្គាល់ការពិតថា វាដល់ពេលដែលត្រូវកាត់បន្ថយភាពតានតឹងហើយ។
លោកវេជ្ជបណ្ឌិត Charles Raison សាស្ត្រាចារ្យផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Wisconsin-Madison បានលើកឡើងថា កូនសោរឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង និងសុភមង្គលកាន់តែខ្លាំង មិនមែនជាលុយកាក់ ឬសម្ភារឡើយ។ អ្វីដែលសំខាន់គឺ សកម្មភាពវិជ្ជមាន សុខភាពល្អ ទំនាក់ទំនងល្អ និងការមានសុទិដ្ឋិនិយម។
របៀបកាត់បន្ថយភាពតានតឹង និងការបង្កើតតុល្យភាពផ្លូវចិត្ត
ហាត់ប្រាណឱ្យបានទៀងទាត់៖ ការហាត់ប្រាណជួយកាត់បន្ថយភាពតានតឹង កែលម្អអារម្មណ៍ និងបង្កើនសុខភាពទូទៅ។ វាក៏ជួយឱ្យអ្នកគេងលក់ស្រួលផងដែរ។
បង្កើតប្រព័ន្ធគាំទ្រ៖ សម្រាប់មនុស្សមួយចំនួន ការចូលរួមក្នុងសហគមន៍សាសនាជួយកាត់បន្ថយភាពតានតឹង។ សម្រាប់អ្នកផ្សេងទៀត វាអាចជាការចូលរួមក្នុងក្លឹបហែលទឹក ឬក្រុមហាត់ប្រាណ ឬរៀនជំនាញនានា។ ទោះជាអ្នករកឃើញទំនាក់ទំនងនេះនៅទីណាក៏ដោយ មិត្តភាពដែលរឹងមាំនឹងជួយឱ្យអ្នកមានអារម្មណ៍កក់ក្តៅ មានសុវត្ថិភាព និងមានការផ្សាភ្ជាប់។
រក្សាអាកប្បកិរិយាវិជ្ជមាន៖ សូមស្វែងរកចំណុចវិជ្ជមានក្នុងបញ្ហា និងស្វែងរកដំណឹងល្អៗ។ កត់ត្រានូវអ្វីដែលអ្នកចង់អរគុណ (Gratitude list)។
លះបង់ចោលនូវរឿងអវិជ្ជមាន៖ ចូរទទួលយកថាមានរឿងរ៉ាវមួយចំនួនដែលអ្នកមិនអាចគ្រប់គ្រង បាន។
មានភាពថ្លៃថ្នូរ ជាជាងការបង្កជម្លោះ៖ ជំនួសឱ្យការខឹងសម្បារ ការការពារខ្លួនខ្លាំងពេក ឬការនៅស្ងៀម ចូររៀនបញ្ចេញអារម្មណ៍ មតិយោបល់ ឬជំនឿរបស់អ្នកដោយត្រង់ទៅត្រង់មក និងប្រកប ដោយការគោរព។
ស្វែងរកវិធីសម្រាកកាយ៖ រៀនធ្វើសមាធិ។ សាកល្បងប្រើប្រាស់កម្មវិធី (App) សម្រាកអារម្មណ៍ ឬស្តាប់តន្ត្រី។
បង្កើតចំណាប់អារម្មណ៍ថ្មីៗ៖ ការមានស្មារតីចង់សាកល្បងអ្វីដែលប្លែក អាចជួយអ្នកកាត់បន្ថយភាពតានតឹង។ ចូរធ្វើតាមក្តីស្រមៃរបស់អ្នក ស្វែងរកអ្វីដែលអ្នកចូលចិត្តខ្លាំង ឬរកចំណូលចិត្តថ្មីៗ និងបញ្ចេញភាពច្នៃប្រឌិត
សម្រាក និងគេងឱ្យបានគ្រប់គ្រាន់៖ នៅពេលអ្នកស្ថិតក្រោមសម្ពាធ រាងកាយត្រូវការពេលវេលាដើម្បីងើបឡើងវិញ។ ចូរផ្តល់ការសម្រាកដែលល្អមួយ។
បរិភោគអាហារដែលមានជីវជាតិចម្រុះ និងមានតុល្យភាព៖ រាងកាយត្រូវការអាហារូបត្ថម្ភល្អដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃភាពតានតឹង។ ម្យ៉ាងទៀត កុំប្រើប្រាស់គ្រឿងស្រវឹងដើម្បីបំបាត់ការព្រួយបារម្ភឱ្យសោះ។
ធ្វើការងារស្ម័គ្រចិត្ត៖ នៅពេលអ្នកប្តេជ្ញាជួយអ្នកដទៃ អ្នកនឹងរកឃើញគោលបំណងក្នុងជីវិត។ វាជួយឱ្យអ្នកឈប់ផ្ដោតខ្លាំងតែលើខ្លួនឯង ហើយទទួលបាននូវអារម្មណ៍ជោគជ័យ និងមោទកភាព។
កុំបណ្តោយឱ្យពិភពលោកដ៏មមាញឹកនេះមកគ្រប់គ្រងលើអ្នកបាន។ ចំណាយពេលបន្តិច សាកល្បងអនុវត្តគន្លឹះទាំងនេះ ដើម្បីកាត់បន្ថយភាពតានតឹងរបស់អ្នក។
ប្រភពអត្ថបទ៖ WebMD
មតិយោបល់