
ដោះស្រាយការយល់ខុស និងអាកប្បកិរិយាប្រថុយប្រថានជុំវិញការចាក់វ៉ាក់សាំងកុមារ
បច្ចុប្បន្ន ស្ថានភាពនៃការទទួលបានការចាក់វាក់សាំងរបស់កុមារនៅមានកម្រិត ជាពិសេសក្នុងតំបន់ចំណុច មួយចំនួន ដែលមានដូចជា តំបន់ដាច់ស្រយាល តំបន់ទីប្រជុំជន តំបន់បណ្ដែតទឹក និងតំបន់តាមទំនប់ទឹក ជាដើម។
នៅក្នុងចំណោមមូលហេតុចំបងៗមួយចំនួនដែលរារាំងកុមារមិនអាចទទួលបានការចាក់វាក់សាំងគ្រប់ចំនួនដូសតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នោះគឺការយល់ខុស និងអាកប្បកិរិយាប្រថុយប្រថានជុំវិញការចាក់វ៉ាក់សាំងកុមារ ដែលមានដូចជា៖ អ្នកថែទាំស្ទាក់ស្ទើរ ឬបរាជ័យក្នុងការនាំយកកូនរបស់ពួកគេទៅចាក់ថ្នាំបង្ការជាប្រចាំ ស្ថានភាពវិភាគបានរកឃើញបញ្ហាប្រឈមសំខាន់ៗមួយចំនួនរួមមាន៖ ម្តាយជាច្រើនពឹងផ្អែកលើអ្នកថែទាំចាស់ជរា ដូចជាជីដូន ដែលប្រហែលជាមិនអាចយកកូនទៅចាក់វ៉ាក់សាំងនៅពេលឈឺ។ អ្នកផ្សេងទៀតភ័យខ្លាចថាការចាក់វ៉ាក់សាំងអាចធ្វើឱ្យកូនរបស់ពួកគេឈឺ ឬព្រួយបារម្ភអំពីការត្រូវស្តីបន្ទោសដោយអ្នកផ្តល់សេវាសម្រាប់ការមកដល់យឺត។ ក្នុងករណីខ្លះ សកម្មភាពបង្កើតប្រាក់ចំណូលប្រចាំថ្ងៃមានអាទិភាពជាងការទៅពិនិត្យសុខភាព ហើយបញ្ហាជាក់ស្ដែងខ្លះទៀតដូចជា ខ្វះមធ្យោបាយធ្វើដំណើរ ជាដើម។
ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ពេញលេញនៃការទទួលបានវាក់សាំងគ្រប់ដូសរបស់កុមារ អង្គការរ៉ាក់ បាន និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមណ្ឌលសុខភាពទាំងអស់នៅក្នុងស្រុកប្រតិបត្តិសៀមរាប (ខេត្តសៀមរាប) និងស្រុកប្រតិបត្តិចំនួនប្រាំ ក្នុងរាជធានីភ្នំពេញ ស្រុកប្រតិបត្តិព្រែកព្នៅ មេគង្គ ចោមចៅ បាសាក់ និងពោធិ៍សែនជ័យ ដើម្បីដោះស្រាយឧបសគ្គអាកប្បកិរិយាដែលនាំឱ្យមានការពន្យាពេល ឬខកខានការចាក់វ៉ាក់សាំង កុមារ។ កម្មវិធីនេះ មានការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុដោយ បណ្តាញហ្គាវី (The Gavi Alliance) ។
តាមរយៈបទអន្តរាគមន៍យុទ្ធសាស្ត្រផ្តោតលើមនុស្សនៃកម្មវិធីផ្តល់ថ្នាំបង្ការ (HCD-TIP) និងជាជំហានបឋម រ៉ាក់ បានធ្វើការគាំទ្រដល់ការបង្កើតក្រុមការងារមូលដ្ឋាននៅតាមមណ្ឌលសុខភាពនីមួយៗដើម្បីធ្វើការស្វែងយល់អំពី តម្រូវការដែលអាចឆ្លើយតបនឹងអាកប្បកិរិយាប្រថុយប្រថានជុំវិញការចាក់វ៉ាក់សាំងកុមារ។ ក្រុមទាំងនេះ រួមមានបុគ្គលិកសុខាភិបាល សមាជិកគណកម្មកាទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ (គកនក), ក្រុមទ្រទ្រង់សុខភាពភូមិ, មេភូមិ និងម្តាយ ឬអ្នកថែទាំកុមារអាយុក្រោមមួយឆ្នាំ ដើម្បីរកឱ្យឃើញថា ហេតុអ្វីបានជាអាណាព្យាបាលមានការស្ទាក់ស្ទើរ ឬខកខានក្នុងការនាំកូនទទួលថ្នាំបង្ការទៀងទាត់?
លោក លឹម ងួន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ ចូលរួមក្នុងសកម្មភាពប្រមូលទិន្នន័យ HCD-TIP នៅសហគមន៍ឥស្លាម ក្នុងរាជធានីភ្នំពេញ
ជាការឆ្លើយតបនឹងបញ្ហាទាំងនេះ ក្រុមនីមួយៗបានអភិវឌ្ឍគំនិតចាប់ផ្ដើមបទអន្តរាគមន៍សម្រាប់អនុវត្តនៅត្រីមាសក្រោយ រួមមានការផ្សព្វផ្សាយសុខភាពនៅសហគមន៍ និងការផ្តល់ថ្នាំបង្ការតាមភូមិគោលដៅផងដែរ។ សកម្មភាពទាំងនេះមានគោលបំណងដើម្បីបំបាត់ការយល់ច្រឡំ បន្ថយការភ័យខ្លាច និងបង្កើនការទទួលថ្នាំបង្ការទាន់ពេលវេលា និងគ្រប់ដូសសម្រាប់កុមារនៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់។
មតិយោបល់