
តើមានអ្វីខុសប្លែកសម្រាប់ជំងឺមហារីកសុដន់ចំពោះស្ត្រីវ័យក្មេង?
ខ្លឹមសារសំខាន់ៗដែលអ្នកអានអាចទទួលបានក្នុងអត្ថបទនេ
តើមហារីកសុដន់ចំពោះស្ត្រីវ័យក្មេងមានអ្វីខុសពីស្ត្រីវ័យចំណាស់?
តើស្ត្រីអាយុក្រោម 40 ឆ្នាំគួរពិនិត្យ ដោយការកៀបសុដន់ (Mammogram) ដែរឬទេ?
តើវិធីណាល្អបំផុតសម្រាប់ពិនិត្យរកមហារីកសុដន់ចំពោះស្ត្រីវ័យក្មេង?
តើមហារីកសុដន់ចំពោះស្ត្រីវ័យក្មេងត្រូវព្យាបាលយ៉ាងដូចម្តេច?
ស្ត្រីវ័យក្មេងភាគច្រើនមិនសូវគិតថាខ្លួនអាចកើត មហារីកសុដន់ នោះទេ។ ជាក់ស្តែង ករណីមហារីកសុដន់ប្រមាណតិចជាង 7% កើតឡើងចំពោះស្ត្រីអាយុក្រោម 40 ឆ្នាំ។ ទោះជាយ៉ាងណា មហារីកសុដន់អាចកើតឡើងនៅគ្រប់វ័យ ដូច្នេះការយល់ដឹងអំពីកត្តាហានិភ័យមានសារៈសំខាន់ មិនថាអ្នកមានអាយុប៉ុន្មាននោះទេ។
បច្ចុប្បន្ន ការព្យាបាលមហារីកសុដន់កំពុងមានការរីកចម្រើន ដោយផ្តោតកាន់តែខ្លាំងលើការធ្វើរោគវិនិច្ឆ័យ និងការថែទាំដែលសមស្របទៅតាមស្ថានភាពរបស់មនុស្សម្នាក់ៗ។
កត្តាដែលអាចបង្កើនហានិភ័យ
កត្តាខាងក្រោមអាចធ្វើឱ្យហានិភ័យនៃការកើតមហារីកសុដន់កើនឡើង៖
ធ្លាប់មានប្រវត្តិមហារីកសុដន់ ឬជំងឺសុដន់មួយចំនួនដែលមិនមែនជាមហារីក
ប្រវត្តិគ្រួសារកើតមហារីកសុដន់ ជាពិសេសម្តាយ កូនស្រី ឬបងប្អូនស្រី
ធ្លាប់ទទួលការព្យាបាលដោយកាំរស្មីទៅលើតំបន់ទ្រូង មុនអាយុ 40 ឆ្នាំ
មានការប្រែប្រួលហ្សែនជាក់លាក់ ដូចជា BRCA1 ឬ BRCA2
មានរដូវដំបូងមុនអាយុ 12 ឆ្នាំ
សម្រាប់ស្ត្រីមួយចំនួន អាយុនៅពេលមានកូនដំបូងក៏អាចជាកត្តាមួយផងដែរ
កត្តាហានិភ័យផ្សេងទៀតរួមមាន ការផឹកស្រាច្រើន ការទទួលទានសាច់ក្រហមច្រើន សុដន់មានជាលិកាក្រាស់ (dense breasts) ភាពធាត់ និងកត្តាពូជសាសន៍។
ការសិក្សាមួយចំនួនបានបង្ហាញថា ការប្រើថ្នាំពន្យារកំណើតក្នុងរយៈពេល 10 ឆ្នាំកន្លងមក អាចបង្កើនហានិភ័យនៃមហារីកសុដន់បន្តិច។ ទោះជាយ៉ាងណា ការសិក្សាផ្សេងទៀតមិនបានរកឃើញទំនាក់ទំនងបែបនេះទេ។
ការព្យាបាលដោយអ័រម៉ូនជំនួស (Hormone Replacement Therapy) ដែលមានអឺស្ត្រូសែន និងប្រូហ្សេស្ទីន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃហានិភ័យកើតមហារីកសុដន់។
តើមហារីកសុដន់ចំពោះស្ត្រីវ័យក្មេងមានអ្វីខុសប្លែកគ្នា?
ការធ្វើរោគវិនិច្ឆ័យមហារីកសុដន់ចំពោះស្ត្រីអាយុក្រោម 40 ឆ្នាំអាចមានភាពពិបាកជាង ព្រោះជាលិកាសុដន់របស់ស្ត្រីវ័យក្មេងជាទូទៅមានភាពក្រាស់ជាងស្ត្រីវ័យចំណាស់។ ដូច្នេះ នៅពេលដុំសាច់ក្នុងសុដន់អាចប៉ះដឹងបាន មហារីកអាចស្ថិតក្នុងដំណាក់កាលវិវត្តលឿនរួចទៅហើយ។
លើសពីនេះ មហារីកសុដន់ចំពោះស្ត្រីវ័យក្មេងអាចមានលក្ខណៈឆាប់រីករាលដាល និងអាចមិនឆ្លើយតបល្អចំពោះការព្យាបាល។ ស្ត្រីដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅវ័យក្មេង ក៏មានលទ្ធភាពខ្ពស់ជាងក្នុងការមានការប្រែប្រួលនៃហ្សែន BRCA1 ឬ BRCA2។
ការពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យអាចបង្កបញ្ហា។ ស្ត្រីវ័យក្មេងជាច្រើនមិនយកចិត្តទុកដាក់ចំពោះសញ្ញាព្រមាន ដូចជា មានដុំក្នុងសុដន់ ឬមានទឹករំអិល/សារធាតុរាវហូរចេញខុសធម្មតាពីក្បាលសុដន់ ព្រោះពួកគេគិតថាខ្លួននៅក្មេងមិនអាចកើតមហារីកសុដន់បានទេ។ ពួកគេអាចគិតថា ដុំនោះគ្រាន់តែជាគីស (Cyst) ឬដុំសាច់ដែលមិនមានគ្រោះថ្នាក់។ ក្នុងករណីខ្លះ គ្រូពេទ្យក៏អាចយល់ថាដុំក្នុងសុដន់របស់ស្ត្រីវ័យក្មេងគ្រាន់តែជាគីសផងដែរ។
តើស្ត្រីអាយុក្រោម 40 ឆ្នាំគួរពិនិត្យដោយ ការកៀបសុដន់ (Mammogram) ដែរឬទេ?
ជាទូទៅ ការកៀបសុដន់ Mammogram ជាប្រចាំ មិនត្រូវបានណែនាំសម្រាប់ស្ត្រីអាយុក្រោម 40 ឆ្នាំទេ។ មូលហេតុមួយគឺជាលិកាសុដន់របស់ស្ត្រីវ័យក្មេងមានសភាពក្រាស់ ដែលអាចធ្វើឱ្យការកៀបសុដន់ Mammogram ពិបាកមើលឃើញភាពមិនប្រក្រតី។
សមាគមមហារីកអាមេរិក (American Cancer Society – ACS) ណែនាំថា៖
ស្ត្រីអាយុ 40–44 ឆ្នាំ អាចជ្រើសរើសចាប់ផ្តើម ការកៀបសុដន់ Mammogram ប្រចាំឆ្នាំ ប្រសិនបើពួកគេចង់។
ស្ត្រីអាយុ 45–54 ឆ្នាំ គួរកៀបសុដន់ Mammogram រៀងរាល់ឆ្នាំ។
ស្ត្រីអាយុ 55 ឆ្នាំឡើងទៅ គួរបន្តកៀបសុដន់ Mammogram រៀងរាល់ 1–2 ឆ្នាំ ឬតាមការណែនាំរបស់គ្រូពេទ្យ។
អ្នកជំនាញជាច្រើនយល់ថា ដោយសារហានិភ័យនៃមហារីកសុដន់នៅវ័យក្មេងមានកម្រិតទាប អត្ថប្រយោជន៍នៃការកៀបសុដន់ Mammogram ជាប្រចាំអាចមិនទាន់សមស្របនឹងការប៉ះពាល់នឹងកាំរស្មី និងការចំណាយនោះទេ។
ទោះជាយ៉ាងណា ស្ត្រីវ័យក្មេងដែលមាន ប្រវត្តិគ្រួសារកើតមហារីកសុដន់ ឬមានកត្តាហានិភ័យផ្សេងៗ អាចត្រូវបានណែនាំឱ្យចាប់ផ្តើមពិនិត្យមុនអាយុ 40 ឆ្នាំ តាមការវាយតម្លៃរបស់គ្រូពេទ្យ។
តើវិធីណាល្អបំផុតសម្រាប់ពិនិត្យមហារីកសុដន់ចំពោះស្ត្រីវ័យក្មេង?
សមាគមមហារីកអាមេរិក (ACS) ណែនាំឱ្យស្ត្រីគ្រប់រូប ស្គាល់ពីរូបរាង និងអារម្មណ៍ធម្មតារបស់សុដន់របស់ខ្លួន ហើយប្រសិនបើមានការប្រែប្រួលណាមួយ គួររាយការណ៍ទៅគ្រូពេទ្យ។
ការស្រាវជ្រាវមិនទាន់បង្ហាញយ៉ាងច្បាស់ថា ការពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំអាចផ្តល់អត្ថប្រយោជន៍ច្បាស់លាស់ក្នុងការកាត់បន្ថយការស្លាប់ដោយសារមហារីកសុដន់នោះទេ។ ដូច្នេះ គួរពិភាក្សាជាមួយគ្រូពេទ្យអំពីអត្ថប្រយោជន៍ និងគុណវិបត្តិនៃការពិនិត្យសុដន់ដោយខ្លួនឯង។
អត្ថបទនេះបានរៀបរាប់ថា ការពិនិត្យសុដន់ដោយគ្រូពេទ្យយ៉ាងហោចណាស់រៀងរាល់ ៣ ឆ្នាំ ត្រូវបានណែនាំសម្រាប់ស្ត្រីចាប់ពីអាយុ 20 ឆ្នាំ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញផ្សេងៗគ្នាមិនទាន់មានការឯកភាពដូចគ្នាទាំងស្រុងអំពីអាយុដែលគួរចាប់ផ្តើមកៀបសុដន់ Mammogram ទេ។ ដូច្នេះ គួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីកំណត់ពេលវេលា
ពិនិត្យដែលសមស្របសម្រាប់អ្នក។
ស្ត្រីវ័យក្មេងគួរពិគ្រោះជាមួយគ្រូពេទ្យអំពីពេលវេលាដែលសមស្របក្នុងការចាប់ផ្តើមកៀបសុដន់ (Mammogram)។ Digital Mammography អាចជាជម្រើសមួយសម្រាប់ស្ត្រីវ័យក្មេង ព្រោះវាអាចជួយរកឃើញភាពមិនប្រក្រតីនៅក្នុងជាលិកាសុដន់ដែលមានភាពក្រាស់បានល្អជាង Mammogram ជំនាន់មុនមួយចំនួន។
តើមហារីកសុដន់ចំពោះស្ត្រីវ័យក្មេងត្រូវព្យាបាលយ៉ាងដូចម្តេច?
ការសម្រេចចិត្តព្យាបាលអាស្រ័យលើថា មហារីកបានរាលដាលចេញពីសុដន់ឬអត់ ព្រមទាំងសុខភាពទូទៅ និងស្ថានភាពផ្ទាល់ខ្លួនរបស់ស្ត្រីម្នាក់ៗ។
ជម្រើសនៃការព្យាបាលអាចរួមមាន៖
១. ការវះកាត់ (Surgery) មានពីរប្រភេទសំខាន់ៗ៖
វះកាត់យកដុំមហារីក និងជាលិកាជុំវិញមួយផ្នែកចេញ ដោយរក្សាសុដន់ទុក (Lumpectomy)។
វះកាត់យកសុដន់ចេញ (Mastectomy) ។
២. ការព្យាបាលដោយកាំរស្មី (Radiation Therapy)៖ ជាទូទៅ ការព្យាបាលដោយកាំរស្មីត្រូវបានប្រើបន្ទាប់ពីការវះកាត់យកដុំមហារីក ឬជាលិកាសុដន់ចេញ (Lumpectomy) ដើម្បីជួយបំផ្លាញកោសិកាមហារីកដែលអាចនៅសល់។
៣. ការព្យាបាលដោយគីមី (Chemotherapy)៖ ការព្យាបាលដោយគីមីអាចត្រូវបានណែនាំបន្ទាប់ពីការវះកាត់ ដើម្បីជួយបំផ្លាញកោសិកាមហារីកដែលនៅសល់ និងកាត់បន្ថយហានិភ័យដែលមហារីកត្រឡប់មកវិញ។
៤. ការព្យាបាលដោយអ័រម៉ូន (Hormone Therapy)៖ សម្រាប់មហារីកសុដន់ប្រភេទដែលឆ្លើយតបទៅនឹងអ័រម៉ូន ការព្យាបាលដោយអ័រម៉ូនអាចត្រូវបានប្រើ ដើម្បីជួយការពារការកើតឡើងវិញនៃមហារីក។
ផលប៉ះពាល់នៃការព្យាបាលលើសម្រាប់ស្ត្រីវ័យក្មេង
ការព្យាបាលមហារីកសុដន់អាចប៉ះពាល់ដល់ជីវិតផ្លូវភេទ សមត្ថភាពក្នុងការមានកូន និងការមានផ្ទៃពោះ។ ប្រសិនបើអ្នកមានបំណងចង់មានកូននៅពេលអនាគត គួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលចាប់ផ្តើមការព្យាបាលដើម្បីពិភាក្សាអំពីជម្រើសក្នុងការរក្សាសមត្ថភាពបន្តពូជ។
មតិយោបល់