
បង្កើនការយល់ដឹងអំពីការគ្រប់គ្រងអនាម័យពេលមករដូវ តាមរយៈការអប់រំ ជាក្រុមពិភាក្សាក្នុងថ្នាក់រៀន
ក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជម្រុញយ៉ាងខ្លាំងនូវកម្មវិធីសុខភាពសិក្សាដែលនៅក្នុងនោះមានការដាក់ចេញនូវ «គោលការណ៍ណែនាំប្រតិបត្តិស្តង់ដាស្តីពីការលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានចំណេះដឹងទូទៅ» ដោយដាក់បញ្ចូលនូវម៉ោងអប់រំសុខភាព ១ម៉ោង ក្នុង១សប្តាហ៍ ចាប់ពីថ្នាក់ទី១ ដល់ ទី១២។ ទោះបីជាមានការដាក់បញ្ចូលកម្មវិធីសុខភាពសិក្សាក៏ពិតមែន ប៉ុន្តែការសិក្សាស្វែងយល់អំពីរដូវរបស់ក្មេងស្រីនៅមានកម្រិតនៅឡើយ ហើយប្រធានបទនេះនៅតែបន្តជាប្រធានបទរសើបនៅក្នុងសាលារៀន និងសង្គម។ ផ្អែកតាមការចុះប្រមូលទិន្នន័យដើមគ្រារបស់អង្គការរ៉ាក់ក្នុងឆ្នាំ២០២៤ បានបង្ហាញថាក្នុងចំណោមសិស្ស ៣៩២នាក់ (ស្រី១៩៥នាក់) មានតែសិស្សចំនួន២៤% ប៉ុណ្ណោះដែលមានចំណេះដឹងអំពីការគ្រប់គ្រងអនាម័យពេលមករដូវ។ ហេតុដូច្នេះហើយ ទើបគម្រោង HER AIM របស់អង្គការរ៉ាក់បានអនុវត្តន៍សកម្មភាពចុះអប់រំ ជាក្រុមពិភាក្សាក្នុងថ្នាក់រៀននៅតាមសាលារៀនគោលដៅចំនួន៤ ដូចជាអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ អនុវិទ្យាល័យវត្តសំឡាញ អនុវិទ្យាល័យក្រាំងស្នាយ និងអនុវិទ្យាល័យដើមស្នាយ ក្នុងខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងអនាម័យពេលមករដូវ និងការយល់ដឹង ដើម្បីលុបបំបាត់ឧបសគ្គខាងផ្នែករាងកាយនិងសង្គមដល់ក្មេងស្រី។
យុវតីជីង ច័ន្ទសុម៉ានី ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យលើកឡើងថា នាងបានចូលរួមសកម្មភាពចុះអប់រំ ជាក្រុមពិភាក្សាក្នុងថ្នាក់រៀន រៀបចំដោយអង្គការរ៉ាក់ចំនួន២ដង ទៅលើប្រធានបទពីភាពពេញវ័យ និងការរក្សាអនាម័យពេលមក រដូវ តាមរយៈការចាក់បង្ហាញវីដេអូ និងការបង្រៀនដោយប្រើប្រាស់ស្លាយបង្ហាញ ព្រមទាំងមានការចែកជូនសម្ភារអប់រំជា ខិតបណ្ណសម្រាប់ស្វែងយល់បន្ថែមទៀតផងដែរ។ យុវតីរូបនេះបានបន្តទៀតថា កន្លងមកព័ត៌មានអំពីរដូវដែលនាងទទួលបាន គឺតាមរយៈម្តាយ និងសាច់ញាតិ ប៉ុន្តែមិនសូវលម្អិត និងក្បោះក្បាយឡើយ។ ក្រោយការចូលរួមក្រុមពិភាក្សាក្នុងថ្នាក់រៀនរបស់អង្គការរ៉ាក់ យុវតីរូបនេះបានចែករំលែកចំណេះដឹងដែលទទួលបាន ដូចជាការផ្លាស់ប្តូរសំឡីអនាម័យឱ្យបានញឹកញាប់ចន្លោះពី៣ទៅ៤ម៉ោងម្តងការលាងសម្អាតប្រដាប់ភេទនឹងទឹកស្អាត និងការហាត់ប្រាណជាដើម។ មិនតែប៉ុណ្ណោះ យុវតីរូបនេះបានយល់ដឹងពីវដ្តរដូវរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចសម្រាប់ការមករដូវ តាមរយៈការយកសំឡីអនាម័យតាមខ្លួនពេលមកសាលារៀន និងដើម្បីគាំទ្រដល់មិត្តភក្តិស្រីដែលត្រូវការសំឡីអនាម័យប្រើប្រាស់ផងដែរ។
យុវតីយឿន ស្រីនា ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ បានចែករំលែកពីបទពិសោធន៍ដែលនាងបានចូលរួមសកម្មភាពចុះអប់រំ ជាក្រុមពិភាក្សាក្នុងថ្នាក់រៀន ដោយបានរំលេចពីចំណេះដឹងដែលទទួលបាន ជាពិសេសទៅលើសិទ្ធិដែលក្មេងស្រីទទួលបានអំឡុងពេលមករដូវដូចជា សិទ្ធិទទួលបានការថែទាំ សិទ្ធិឈប់សម្រាក សិទ្ធិក្នុងការមកសាលារៀន ឬធ្វើសកម្មភាពផ្សេងៗ សិទ្ធិប្រើប្រាស់បង្គន់អនាម័យ និងសិទ្ធិទទួលបានសំឡីអនាម័យ។ មិនតែប៉ុណ្ណោះ យុវតីក៏បានចែករំលែកផងដែរថា អង្គការរ៉ាក់បានចែកជូនសំឡីអនាម័យដល់សិស្សស្រីជារៀងរាល់ខែ ហើយប្រសិនបើក្មេងស្រីត្រូវការសំឡី ពួកគេអាចទៅរកបាននៅបន្ទប់សុខភាព និងគ្រូបង្គោលទទួលបន្ទុកផ្នែកសុខភាពបាន ឬក៏សុំពីមិត្តភក្តិស្រីក្នុងថ្នាក់រៀនបាន។ យុវតីរូបនេះបន្តទៀតថា ក្រោយចូលរួមការអប់រំជាក្រុមពិភាក្សា ក្នុងថ្នាក់រៀនរួចមក នាងយល់ថាការមករដូវជារឿងធម្មតា ដែលក្មេងស្រីគួរតែយល់ដឹង ហើយក្មេងប្រុសគួរតែស្វែងយល់បន្ថែមផងដែរ ដើម្បីបញ្ឈប់ការរើសអើង ឬលេងសើចចំពោះមិត្តភក្តិដែលមករដូវ។ ជាក់ស្តែង យុវតីក៏បានចែករំលែកចំណេះដឹងដល់មិត្តភក្តិរបស់ខ្លួនដែលមិនទាន់មានរដូវ ដើម្បីឱ្យពួកគេត្រៀមខ្លួន និងយល់ដឹងពីការគ្រប់គ្រងអនាម័យពេលមករដូវនៅពេលដែលគេពេញវ័យផងដែរ ព្រោះការរដូវជារឿងធម្មតា និងមិនគួរឱ្យខ្មាសអៀនឡើយ។
តាមរយៈការអប់រំនៅក្នុងថ្នាក់រៀន ក្រោមការអនុវត្តគម្រោងHER AIM អង្គការរ៉ាក់មានក្តីរំពឹងយ៉ាងខ្ពស់ថា ក្មេងស្រីគ្រប់រូបនៅសាលារៀនគោលដៅនឹងទទួលបានចំណេះដឹងអំពីការគ្រប់គ្រងអនាម័យអំឡុងពេលមករដូវ ព្រមទាំងប្រើប្រាស់ចំណេះដឹងអនុវត្តថែទាំខ្លួនរក្សាអនាម័យ ប្រកបដោយទំនុកចិត្តនិងភាពជឿជាក់ទាំងនៅសាលារៀន និងនៅផ្ទះ។
មតិយោបល់