
មុនពេលមានផ្ទៃពោះ ត្រូវពិនិត្យសុខភាពសំខាន់ៗទាំងនេះ
ទោះបីជាអ្នកមិនទាន់មានផ្ទៃពោះក៏ដោយ ប៉ុន្តែមានរឿងជាច្រើនដែលអ្នកអាចធ្វើបានចាប់ពីពេលនេះទៅ ដើម្បីរៀបចំសុខភាពឱ្យបានល្អបំផុតសម្រាប់ទារកដែលនឹងត្រូវលូតលាស់ក្នុងផ្ទៃរបស់អ្នក។ ចូរចាត់ទុកចំណុចទាំងនេះជាកិច្ចការដែលត្រូវធ្វើមុនពេលមានផ្ទៃពោះ៖
១. ណាត់ជួបជាមួយគ្រូពេទ្យ
ទោះបីជាអ្នកធ្លាប់មានផ្ទៃពោះពីមុនក៏ដោយ ការទៅជួបគ្រូពេទ្យមុនពេលមានផ្ទៃពោះគឺជារឿងចាំបាច់។ ប្រសិនបើអ្នកមានបញ្ហាសុខភាពណា មួយដែលប៉ះពាល់ដល់លទ្ធភាពបង្កកំណើត ឬធ្វើឱ្យការមានផ្ទៃពោះ មានហានិភ័យ អ្នកអាចគ្រប់គ្រងវាឱ្យបានតាំងពីឥឡូវនេះ។
គ្រូពេទ្យនឹងពិនិត្យប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក និងដៃគូ ហើយអាចនឹងធ្វើតេស្តមួយចំនួនដូចជា តេស្តឈាម និងការពិនិត្យមហារីកមាត់ស្បូន។ គ្រូពេទ្យអាចនឹងពិនិត្យរកជំងឺដូចជា៖
ភាពស៊ាំនឹងជំងឺស្អូច (Rubella)
ជំងឺអុតស្វាយ (Chickenpox)
មេរោគអេដស៍ (HIV),
រលាកថ្លើមប្រភេទ B
ជំងឺពងទឹក (Herpes)
ជំងឺឆ្លងតាមការរួមភេទផ្សេងៗ (ប្រមេះទឹកបាយ, ប្រមេះទឹកថ្លា, ស្វាយ)
បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺផ្សេងៗទៀត។
អាស្រ័យលើជាតិសាសន៍របស់អ្នក គ្រូពេទ្យអាចណែនាំឱ្យធ្វើតេស្តហ្សែន រកជំងឺដូចជា៖ ជំងឺស្លេកស្លាំងដោយសារគ្រាប់ឈាមក្រហម ជំងឺមហារីកឈាមប្រភេទ Thalassemia ឬជំងឺហ្សែនដទៃទៀតជាដើម។
ការចាក់វ៉ាក់សាំង៖ អ្នកគួរធ្វើបច្ចុប្បន្នភាពវ៉ាក់សាំងមុនពេលមានផ្ទៃពោះ។ វ៉ាក់សាំងខ្លះដូចជា ស្អូច ស្រឡទែន កញ្ជ្រិលត្រូវចាក់យ៉ាងតិច ២៨ ថ្ងៃ មុនពេលព្យាយាមយកកូន។
២. ពិនិត្យសុខភាពអញ្ចាញធ្មេញ
សុខភាពមាត់ធ្មេញល្អមានទំនាក់ទំនងនឹងការមានផ្ទៃពោះដែលមានសុខភាពល្អ។ បាក់តេរីដែលបង្កគ្រោះថ្នាក់ពីការឆ្លងមេរោគកក្នុងមាត់អាចចូលទៅក្នុងចរន្តឈាម និងបង្កឱ្យមានការរលាកដែលអាច បណ្តាលឱ្យកើតមិនគ្រប់ខែ ឬមានទម្ងន់ទាប។
៣. ឈប់ជក់បារី និងផឹកគ្រឿងស្រវឹង
បារី និងគ្រឿងស្រវឹងរារាំងការលូតលាស់របស់ទារក និងធ្វើឱ្យអ្នកពិបាកមានផ្ទៃពោះ ឬប្រឈមនឹងការរលូតខ្ពស់។
៤. កាត់បន្ថយជាតិកាហ្វេអ៊ីន
ការញ៉ាំកាហ្វេលើសពី ២ កែវក្នុងមួយថ្ងៃ (ប្រហែល ២៥០ មីលីក្រាម) អាចធ្វើឱ្យពិបាកបង្កកំណើត និងបង្កើនហានិភ័យរលូត។
៥. បរបអាហារ
កាត់បន្ថយអាហារសម្រន់ ហើយងាកមកញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់។ វានឹងជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។
៦. លេបអាស៊ីតហ្វូលិក (Folic Acid)
អ្នកជំនាញណែនាំឱ្យលេបវីតាមីនដែលមានអាស៊ីតហ្វូលិកជារៀងរាល់ ថ្ងៃ រយៈពេល ៣ ខែមុនពេលមានផ្ទៃពោះ ដើម្បីការពារពិការភាពពីកំណើត ផ្នែកខួរក្បាល និងឆ្អឹងខ្នងរបស់ទារក។
៧. បញ្ចុះទម្ងន់
លើសទម្ងន់បង្កើនហានិភ័យជំងឺលើសឈាមពេលមានផ្ទៃពោះ (Preeclampsia)។ ការសម្រកទម្ងន់ក្នុងពេលមានផ្ទៃពោះមិនមែនជាវីធីល្អទេ ដូច្នេះគួរចាប់ផ្តើមពីឥឡូវនេះ។
៨. ពិនិត្យមើលថ្នាំដែលអ្នកកំពុងប្រើ
សូមប្រាប់គ្រូពេទ្យអំពីថ្នាំគ្រប់ប្រភេទដែលអ្នកកំពុងប្រើ (ទាំងថ្នាំពេទ្យ ថ្នាំជំនួយ និងថ្នាំបូរាណ) ព្រោះវាអាចប៉ះពាល់ដល់ទារក។
៩. ប្រយ័ត្នចំពោះអាហារសមុទ្រ
ចៀសវាងត្រីដែលមានជាតិបារតខ្ពស់ (ដូចជា ត្រីដាវ, ត្រីធូណាធំៗ) ព្រោះជាតិបារតត្រូវការពេលរហូតដល់មួយឆ្នាំទើបសាយភាយអស់ពីក្នុងឈាម។ កម្រិតខ្ពស់នៃជាតិបារត ដែលជាលោហៈធាតុធ្ងន់មួយប្រភេទ អាចឆ្លងកាត់សុក និងបំផ្លាញប្រព័ន្ធសរសៃរប្រាសាទខួរក្បាល ការស្ដាប់ និងការមើលឃើញរបស់ទារកដែលកំពុងលូតលាស់ក្នុងផ្ទៃ។
១០. លំហាត់ប្រាណ
ការហាត់ប្រាណជួយឱ្យរាងកាយរឹងមាំសម្រាប់ត្រៀមខ្លួនក្នុងការសម្រាល កូន។
១១. គិតគូរពីការផ្លាស់ប្តូរជីវិត
ការមានកូននឹងផ្លាស់ប្តូរគ្រប់យ៉ាង តាំងពីអាជីពការងារ ហិរញ្ញវត្ថុ រហូត ដល់ទំនាក់ទំនងជាមួយដៃគូ។ ចូររៀបចំផែនការទាំងនេះឱ្យបានមុនពេលសមាជិកថ្មីមកដល់។
ប្រភពអត្ថបទ៖ WebMD
មតិយោបល់