រំលងម៉ឺនុយទំព័រ

ម៉ែរឿន៖ នៅពីក្រោយការងារក្នុងហាងមាស្សា និងក្តីសង្ឃឹមថ្មី

ម៉ែរឿន៖ នៅពីក្រោយការងារក្នុងហាងមាស្សា និងក្តីសង្ឃឹមថ្មី

រឿងជោគជ័យ
3

ជាស្ត្រីវ័យ ៥១ ឆ្នាំម្នាក់ ម៉ែរឿន រស់នៅខេត្តពោធិ៍សាត់ ឆ្លងកាត់ការលំបាកតាំងពីក្មេង ដោយត្រូវបង្ខំចិត្ដឈប់រៀនត្រឹមថ្នាក់ទី៤ ហើយចេញទៅធ្វើការនៅទីក្រុង ដើម្បីជួយគ្រួសារ។ គាត់ចាប់ផ្តើម​ ធ្វើការនៅក្នុងហាងម៉ាស្សាមួយ។ ក្នុងមជ្ឈិមវ័យ គាត់បានស្គាល់បុរសម្នាក់រហូតបាន​រៀបការ​តាម​ប្រពៃណីក្លាយជាស្វាមី និងរស់នៅ​បែកផ្ទះពី​ឪពុក-ម្ដាយ និង​បងប្អូននៅឯស្រុក​កំណើត។

ម៉ែរឿន បានរស់នៅជាមួយស្វាមីយ៉ាងសុខសាន្ត ហើយ​​បង្កើតបាន​កូនចំនួន ៤នាក់​​ ជាចំណង​ដៃ​ទៀត​ផង។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ជីវិតដែលធ្លាប់តែរស់នៅសុខសាន្ដជាមួយស្វាមី និងកូនៗ ប្រែជាជួបឧបសគ្គ ដោយសារស្វាមីដែលជា​បង្អែកគ្រួសារធ្លាក់​ខ្លួន​ឈឺ ត្រូវ​ការ​ប្រាក់​ព្យាបាលជាប្រចាំ​ ហើយបន្ទុកគ្រួសារក៏កាន់តែធ្ងន់។

គាត់​ក៏សម្រេចចិត្ដ​បើកហាងមាស្សាតូចមួយគ្រប់គ្រងដោយខ្លួនឯង ព្រោះគិត​ថា​ខ្លួន​មាន​បទពិសោធន៍​ក្នុង​មុខរបរ​នេះ​ស្រាប់។​ ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ផង និង​ផ្ដល់​សេវាកោសជប់ដល់​ភ្ញៀវ​ដោយខ្លួនឯង​ផង ម៉ែរឿន ត្រូវ​បាន​ភ្ញៀវ​លួងលោម ភ្ជាប់ទំនាក់ទំនងស្នេហារហូតដល់មាន​ការ​រួមភេទដោយ​មិន​បាន​ប្រើស្រោមអនាម័យ។

ម៉ែរឿន និយាយ​ថា ការសម្រេចចិត្ដខ្លះ​ត្រូវ​ធ្វើ​ឡើងទាំង​បង្ខំ ម្យ៉ាង​វិញ​ទៀត​ចំណេះដឹង​ផ្នែក​សុខភាព​នៅ​មាន​កម្រិត​ ហើយស្លុងគិត​តែ​ទៅ​លើ​ប្រាក់​ដើម្បី​ផ្គត់ផ្គង់ជីវភាព​គ្រួសារ។ ក្រោយពីមានឥរិយាបទប្រឈមមួយរយៈមក គាត់បានចាប់ផ្ដើមមានរោគសញ្ញាមួយចំនួន​​បានស្ដែង​ចេញលើ​ខ្លួនដូចជា គ្រុនក្ដៅ ស្រកទម្ងន់ និងរាកញឹកញាប់។ ម៉ែរឿន​បាន​រៀបរាប់​រឿងរ៉ាវជីវិត​ដោយបើកចំហរ​ទៅ​កាន់បុគ្គលិក រ៉ាក់ នៅ​ពេល​ដែល​គាត់​បាន​ចូល​រួម​ស្ដាប់​ការ​អប់រំ ប្រឹក្សា ធ្វើ​តេស្ដរក​មេរោគអេដស៍​នៅ​ហាង​ម៉ាស្សារបស់ខ្លួនផ្ទាល់។

បុគ្គលិកគ្រប់គ្រងក្រុមគោលដៅរបស់រ៉ាក់ ក៏​បានផ្ដល់​​ប្រឹក្សា និងធ្វើតេស្តជូនគាត់ ហើយជា​លទ្ធផល តេស្តមាន​ប្រតិកម្ម។ ក្រុមការងារបានបញ្ចូនគាត់ទៅធ្វើតេស្តបញ្ជាក់​នៅមន្ទីរពេទ្យ លទ្ធផល គឺ ​ម៉ែរឿន​មាន​ផ្ទុក​មេរោគអេដស៍។ ទោះបីជាលទ្ធផលនេះធ្វើឲ្យគាត់តក់ស្លុត និងខកចិត្តក៏ដោយ ប៉ុន្ដែគាត់បានសម្រេចទទួលយកការពិត និងចាប់ផ្តើមជីវិតថ្មី។

បច្ចុប្បន្ន ម៉ែរឿនបានផ្លាស់ប្តូរឥរិយាបទប្រឈមដែលអាចឆ្លងទៅអ្នកដទៃ ដោយប្រើស្រោមគ្រប់​ពេល​មាន​ដៃគូរួមភេទ និងគោរពតាមការណែនាំរបស់វេជ្ជបណ្ឌិត ដោយរស់នៅស្អាត និងលេបថ្នាំទៀងទាត់។ សុខភាពម៉ែរឿនក៏ប្រសើរ អាចបន្តការងារដោយមានការប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់។

តាម​រយៈសាច់រឿងនេះ​ ម៉ែរឿនចង់បង្ហាញថា ស្ថានភាពជីវិតដែលខ្វះការយល់ដឹង និងការសម្រេចចិត្តខុសមួយគ្រា នាំឲ្យមានផលវិបាកធ្ងន់ធ្ងរ និងយូរអង្វែង ប៉ុន្តែមនុស្សគ្រប់រូបនៅតែអាចកែប្រែខ្លួន និងចាប់ផ្តើមជីវិតថ្មីដោយក្ដីសង្ឃឹម៕

អត្ថបទដោយ: RHAC

មតិយោបល់