
រូបសង្ហា មិនមែនមានន័យថាគ្មានអេដស៍នោះទេ កុំរួមភេទទាំងប្រថុយ
ដេត (គឺជាឈ្មោះដាក់ឱ្យ) បច្ចុប្បន្នមានវ័យ ២២ឆ្នាំ រស់នៅខេត្ដបាត់ដំបង។ គាត់បានក្លាយជាជនរងគ្រោះដោយសារការឆ្លងមេរោគអេដស៍។ បន្ទាប់ពីប្រឈមនឹងអារម្មណ៍អស់សង្ឃឹមមួយរយៈពេលខ្លី។ ដេត បានក្រោកឈរយ៉ាងស្វាហាប់ ជាមួយក្ដីសង្ឃឹមថ្មី និងបានបង្ហើបនូវពាក្យក្នុងចិត្ដមួយសម្រាប់មហាជនថា៖ “ឃើញរូបរាងសង្ហារ កុំអាលទុកចិត្ដ ហើយរួមភេទទាំងប្រថុយឱ្យសោះ”។
ដេត បានទម្លាយរឿងរ៉ាវជីវិតរបស់ខ្លួនថា ប្អូនបានកើត និងរស់នៅធំដឹងក្ដីនៅរាជធានីភ្នំពេញ ប៉ុន្ដែដោយឳពុកម្ដាយស្លាប់ចោលអស់ ខ្លួនក៏ផ្លាស់ប្ដូរមករស់នៅជាមួយជីដូននៅស្រុកឯកភ្នំ ខេត្ដបាត់ដំបង កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥។ ទោះជាយ៉ាងណាអារម្មណ៍ឯកោនៅតែមានចំពោះដេត។ មកដល់ដីថ្មី ដេត បានចាប់ការងារជាអ្នករត់តុ និងមានឱកាសជួបភ្ញៀវក្នុងហាងជាច្រើន និងនៅតាមAPP ដែលអ្នកមានទំនោរផ្លូវភេទដូចគ្នានិយមប្រើប្រាស់។ ក្នុងនាមជាអ្នកស្រឡាញ់ភេទដូចគ្នា ដេត តែងតែបានស្វែងរកដៃគូយល់ចិត្ដតាមAPP ជាចម្បងប៉ុណ្ណោះ។
ដំបូង ដេតបានប្រើ APP មួយដើម្បីទាក់ទងរកដៃគូ ប៉ុន្ដែក្រោយមកដេតក៏បានប្រើប្រាស់វាក្នុងគោលបំណងរកចំណូលសម្រាប់ជីវិតផងដែរ។ ភាគច្រើន នៃការរួមភេទដើម្បីប្រាក់ ដេត បានប្រើស្រោមអនាម័យជាប់ជានិច្ច ប៉ុន្ដែសម្រាប់ដៃគូណាដែលគាត់មានចិត្ដស្រឡាញ់គាត់មិនបានប្រើទេ។ ដេត បានលើកឡើងថា៖
ខ្ញុំតែងតែមានអារម្មណ៍ទុកចិត្ដដៃគូរបស់ខ្ញុំនៅពេលដែលយើងទាក់ទងគ្នាណាត់បានពីរបីដងមក។ ពួកគាត់មានរូបរាងសង្ហាៗ និងអត្ដចរិតសុភាពរាបសារ។
ថ្ងៃមួយប្អូនក៏បានផ្ញើសារមកផេក Met Laor ដើម្បីជូប បុគ្គលិក រ៉ាក់ ដែលផ្ដល់ព័ត៌មានពីបញ្ហាអេដស៍ និងការធ្វើតេស្ដ ដែលប្អូនបានឃើញការផ្សព្វផ្សាយលើបណ្ដាញសង្គម។ ក្រោយផ្ញើសារឆ្លើយឆ្លង និងផ្ដល់ប្រឹក្សាដ៏មានទំនុកចិត្ដអស់រយៈពេលជាង ១សប្ដាហ៍ ទើបអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ដេត ក៏ស្ម័គ្រចិត្ដធ្វើតេស្ដរក មេរោគអេដស៍ដោយមិនស្ទាក់ស្ទើរ។ ប៉ុន្ដែគ្រោះភ័យនៅចំពោះមុខមិនអាចគេចផុត ដោយលទ្ធផលបានពីការធ្វើតេស្ដ មានប្រតិកម្មមេរោគអេដស៍។ ដេត ក៏ចាប់ផ្ដើមតក់ស្លុត អួលដើម ក បង្ហូរទឹកភ្នែករកនិយាយអ្វីមិនត្រូវ បើទោះបីជាខ្លួនតាំងចិត្ដតាំងពីដំបូងហើយថា នឹងទទួលយកគ្រប់យ៉ាងពីលទ្ធផលតេស្ដយ៉ាងណាក៏
ដោយ។
នេះជាករណីមួយដែលបង្ហាញពីករណីចម្លងមេរោគអេដស៍ជាច្រើនទៀតមិនទាន់ត្រូវបានរកឃើញ ហើយក៏បង្ហាញពីកម្រិត នៃបទពិសោធន៍ក្នុងការទទួលបានព័ត៌មាន និងការប្រព្រឹត្ដប្រឈមមួយចំនួនទាក់ទងរឿង ផ្លូវភេទ។ ប្រសិនបើអ្នកធ្លាប់ប្រព្រឹត្ដប្រឈមដូច ឬស្រដៀងករណីនេះ សូមកុំភ័យខ្លាច ឬនៅស្ទាក់ស្ទើរមិនហ៊ានតេស្ដ ព្រោះការដឹងលទ្ធផលកាន់តែឆាប់ មានន័យថា អ្នកអាចស្ដារសុខភាពរបស់អ្នកកាន់តែឆាប់ផង ដែរ។
ប្រិយមិត្ដ អាចទាក់ទងមកក្រុមការងារផ្ដល់ប្រឹក្សា និងធ្វើតេស្ដរបស់ រ៉ាក់ នៅតាមខេត្ដគោលដៅតាមរយៈទូរស័ព្ទ៖ 098 815 400, 098 815 900 និងលេខ 098 815 600៕
មតិយោបល់