
រឿងរ៉ាវជុំវិញការសម្រេចចំណង់ដោយខ្លួនឯង
ការរំញោចសរីរាង្គភេទដោយខ្លួនឯង ដើម្បីទទួលបាននូវអារម្មណ៍ពុះកញ្ជ្រោល និងភាពរីករាយផ្នែកផ្លូវភេទ ដែលជា ធម្មតាឈានទៅដល់ចំណុចកំពូល (តាមរយៈការចេញទឹកកាម ឬការបញ្ចេញអារម្មណ៍ស្រួលខ្លាំង) ដែលជាទូទៅត្រូវបានធ្វើឡើងតាមរយៈការប៉ះ ការអង្អែល ឬការម៉ាស្សា(ត្រដុសទៅមក) លិង្គ ឬសិរ រហូតដល់សម្រេចបាននូវចំណុចកំពូល នោះហើយជាការសម្រេចចំណង់ដោយខ្លួនឯង។ ស្ត្រីមួយចំនួនក៏អាចធ្វើការរំញោចទ្វារមាសដើម្បីជួយខ្លួនឯង ឬប្រើប្រាស់ឧបករណ៍ជំនួយផ្លូវភេទ ដូចជាឧបករណ៍រំញ័រ (Vibrator) ជាដើម។
តើអ្នកណាខ្លះដែលអាចសម្រេចចំណង់ដោយខ្លួនឯង?
មនុស្សវ័យណាក៏អាចសម្រេចចំណង់ដោយខ្លួនឯងបានដែរ។ ការសម្រេចចំណង់ដោយខ្លួនឯងគឺជាឥរិយាបថធម្មតាមួយ ទោះបីជាកើតឡើងនៅក្នុងចំណោមអ្នកដែលមានដៃគូរួមភេទហើយក៏ដោយ។ នៅក្នុងការសិក្សាមួយបានបង្ហាញថា ៩៥% នៃបុរស និង ៨៩% នៃស្ត្រី បានរាយការណ៍ថាពួកគេធ្លាប់សម្រេចចំណង់ដោយខ្លួនឯង ហើយការសម្រេចចំណង់ដោយខ្លួនឯងនេះគឺជាសកម្មភាពផ្លូវភេទដំបូងបង្អស់ដែលបុរស និងស្ត្រីភាគច្រើនបានប្រព្រឹត្តិ។ ចំពោះមនុស្សវ័យក្មេង ការសម្រេចចំណង់ដោយខ្លួនឯង គឺជាផ្នែកធម្មតាមួយនៃការលូតលាស់ និងការស្វែងយល់ពីសរីរាង្គកាយរបស់ពួកគេ។ មនុស្សភាគច្រើននៅតែបន្តការសម្រេចបំណងខ្លួនឯងចាប់តាំងពីពេញវ័យរហូតដល់មានដៃគូ ហើយមនុស្សជាច្រើនបានប្រព្រឹត្តិវាពេញមួយជីវិតរបស់ពួកគេ។
ហេតុអ្វីបានជាមនុស្សធ្វើការសម្រេចចំណង់ដោយខ្លួនឯង?
ក្រៅពីផ្តល់អារម្មណ៍ល្អ ការសម្រេចចំណង់ដោយខ្លួនឯង គឺជាវិធីដ៏ល្អមួយក្នុងការកាត់បន្ថយភាពតានតឹងផ្នែកផ្លូវភេទដែលកើនឡើងទៅតាមពេលវេលា ជាពិសេសសម្រាប់អ្នកដែលមិនទាន់មានដៃគូ ឬអ្នកដែលមានដៃគូ ឬអ្នកមិនអាចរួមភេទបាន។ ការសម្រេចចំណង់ដោយខ្លួនឯង ក៏ជាជម្រើសផ្លូវភេទដ៏មានសុវត្ថិភាពសម្រាប់អ្នកដែលចង់ចៀសវាងការមានផ្ទៃពោះ និងគ្រោះថ្នាក់នៃជំងឺដែលឆ្លងតាមការរួមភេទ។ វាក៏ចាំបាច់ផងដែរនៅពេលដែលបុរសត្រូវផ្តល់ទឹកកាមសម្រាប់ការពិនិត្យរកការពិបាកមានកូន ឬសម្រាប់ការបរិច្ចាគមេជីវិតជាដើម។ នៅពេលដែលមានបញ្ហាមិនប្រក្រតីនៃមុខងារផ្លូវភេទចំពោះមនុស្សពេញវ័យ ការសម្រេចចំណង់ដោយខ្លួនឯងអាចនឹងត្រូវណែនាំដោយអ្នកជំនាញផ្នែកផ្លូវភេទ ដើម្បីឱ្យបុគ្គលនោះអាចទទួលបានបទពិសោធន៍នៃចំណុចកំពូល (ជាញឹកញាប់ចំពោះស្ត្រី) ឬដើម្បីពន្យារពេលនៃការចេញទឹកកាម (ជាញឹកញាប់ចំពោះបុរស)។
តើការសម្រេចចំណង់ដោយខ្លួនឯងជារឿងធម្មតាដែរឬទេ?
ទោះបីជាពីមុន វាត្រូវបានគេចាត់ទុកថាជាភាពមិនប្រក្រតី ឬជាសញ្ញានៃបញ្ហាផ្លូវចិត្ត ប៉ុន្តែបច្ចុប្បន្ននេះ ការសម្រេចចំណង់ដោយខ្លួនឯងត្រូវបានចាត់ទុកថាជាសកម្មភាពផ្លូវភេទដែលមានសុខភាពល្អ និងធម្មតា ដែលផ្តល់នូវភាពរីករាយ ពេញចិត្ត អាចទទួលយកបាន និងមានសុវត្ថិភាព។ វាគឺជាវិធីដ៏ល្អមួយដើម្បីទទួលបានភាពរីករាយផ្នែកផ្លូវភេទ និងអាចធ្វើបានពេញមួយជីវិត។
ការសម្រេចចំណង់ដោយខ្លួនឯងត្រូវបានចាត់ទុកថាមានបញ្ហានៅពេល៖
បង្កការរំខានដល់សកម្មភាពផ្លូវភេទជាមួយដៃគូ
ធ្វើឡើងនៅទីសាធារណៈ
បង្កឱ្យមានការព្រួយបារម្ភខ្លាំងដល់បុគ្គលប្រព្រឹត្តិ
បង្កជាក្តីកង្វល់ ប្រសិនបើវាត្រូវបានធ្វើឡើងដោយបង្ខំ ឬរំខានដល់ជីវិត និងសកម្មភាពប្រចាំថ្ងៃ។
តើការសម្រេចចំណង់ដោយខ្លួនឯងបង្កគ្រោះថ្នាក់ដែរឬទេ?
ជារួម ខាងផ្នែកវេជ្ជសាស្ត្របានចាត់ទុកថាការសម្រេចចំណង់ដោយខ្លួនឯង គឺជាការបញ្ចេញអារម្មណ៍ផ្នែកផ្លូវភេទតាមបែបធម្មជាតិ និងមិនបង្កគ្រោះថ្នាក់ទាំងបុរស និងស្ត្រីនោះឡើយ។ វាមិនបង្កឱ្យមានរបួសរាងកាយ ឬគ្រោះថ្នាក់ដល់រាងកាយឡើយ ហើយអាចធ្វើបានក្នុងកម្រិតមធ្យមពេញមួយជីវិត ដែលជាផ្នែកមួយនៃឥរិយាបថផ្លូវភេទធម្មតា។ ទោះជាយ៉ាងណា វប្បធម៌ និងសាសនាមួយចំនួនប្រឆាំងនឹងការសម្រេចចំណង់ដោយខ្លួនឯង ដោយបានចាត់ទុកថាជាអំពើបាប ដែលនេះអាចនាំឱ្យមានអារម្មណ៍ខុស ឬខ្មាសអៀនចំពោះទង្វើនេះ។
អ្នកជំនាញមួយចំនួនបានលើកឡើងថា ការសម្រេចចំណង់ដោយខ្លួនឯងតាមពិតទៅអាចជួយទៅដល់សុខភាពផ្លូវភេទ និងទំនាក់ទំនងរវាងដៃគូ។ ការស្វែងយល់ពីរាងកាយផ្ទាល់ខ្លួនរបស់អ្នកតាមរយៈការសម្រេចចំណង់ដោយខ្លួនឯង ធ្វើឱ្យអ្នកអាចដឹងពីអ្វីដែលធ្វើឱ្យអ្នកមានភាពរីករាយផ្នែកអារម្មណ៍ និងអាចចែករំលែកវាជាមួយដៃគូរបស់អ្នក។ ដៃគូខ្លះប្រើការជួយខ្លួនឯងឱ្យគ្នាទៅវិញទៅមក ដើម្បីស្វែងរកបច្ចេកទេសសម្រាប់ទំនាក់ទំនងផ្លូវភេទដែលកាន់តែពេញចិត្ត និងដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា។
សូមចងចាំថា ពុំមានការបញ្ជាក់ផ្នែកវេជ្ជសាស្ត្រណាមួយបានបង្ហាញថា ការសម្រេចចំណង់ផ្លូវភរទដោយខ្លួនឯងញឹកញាប់អាចមានគ្រោះថ្នាក់ដល់សុខភាពនោះទេ។ ទោះជាយ៉ាងណាប្រសិនបើអ្នកញៀននឹងការមើលវីដែអូរួមភេទ (វីដេអូអាសអាភាស) ឬមានបំណងចង់សម្រេចចំណង់ផ្លូវភេទដោយខ្លួនឯងស្ទើរគ្រប់ពេល រហូតដល់មានបញ្ហាស្បែកលិង្គឡើងក្រហម ឬហូរឈាម ឈឺ ឬឈឺចាប់ពេលលិង្គឡើងរឹង នោះមានន័យថាអ្នកធ្វើវាញឹកញាប់ ឬខ្លាំងពេកហើយ។ តែបើអារម្មណ៍អ្នកនៅតែនឹកឃើញ និងត្រូវការវាទៀត សូមកុំខ្មាសអៀនក្នុងការស្វែងរកអ្នកជំនាញដើម្បីប្រឹក្សាយោបល់ ព្រោះវាអាចជាសញ្ញាណាមួយនៃវិបត្តិផ្លូវចិត្តដែលអ្នកគួរតែព្យាបាល។
ប្រភពអត្ថបទ៖ WebMD
មតិយោបល់