រំលងម៉ឺនុយទំព័រ

វគ្គបណ្តុះបណ្តាលរំលឹក ស្តីពី «ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ» សម្រាប់អ្នកអប់រំ និងអ្នកផ្តល់សេវា

វគ្គបណ្តុះបណ្តាលរំលឹក ស្តីពី «ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ» សម្រាប់អ្នកអប់រំ និងអ្នកផ្តល់សេវា

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
23

ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន អង្គការរ៉ាក់នៅតែបន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនចំណេះដឹងដល់គ្រូបង្រៀនអំពីសុខភាព ស្របតាមសមាសភាគទី៣៖ ការបង្រៀន និងរៀន ក្នុងគោលបំណងពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា។ ដូច្នេះហើយទើប អង្គការរ៉ាក់សហការ ជាមួយនាយកដ្ឋានសុខភាពសិក្សា រៀបចំនូវវគ្គបណ្តុះបណ្ដាលរំលឹក ស្ដីអំពី «ការអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ» ជូនដល់គណគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ នៅសាលាគោលដៅ និងអ្នកផ្តល់សេវាមណ្ឌលសុខភាព ចាប់ពីថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ ខេត្តកំពត ជូនដល់សិក្ខាកាមសរុបចំនួន១០៩នាក់ (ស្រី៥០) ដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយអំពីអនាម័យពេលមករដូវ ព្រមទាំងការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធីសុខភាពសិក្សា។អ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិអង្គការរ៉ាក់ បានចែករំលែកអំពីការងាររបស់អង្គការរ៉ាក់ដែលបាន និងកំពុងតែអនុវត្តក្នុងគោលបំណងចូលរួមចំណែកបំពេញតម្រូវការ និងផ្តល់ព័ត៌មានផ្នែកសុខភាពដល់សហគមន៍ ជាពិសេសយុវវ័យ។ អ្នកស្រីបណ្ឌិត បានលើកឡើងផងដែរពីគុណតម្លៃនៃការរៀបចំវគ្គបណ្តុះបណ្តាលរំលឹក ដែលអនុញ្ញាត និងផ្តល់ឱកាសដល់លោកគ្រូអ្នកគ្រូ និងអ្នកផ្តល់សេវា ក្នុងការសិក្សាស្វែងយល់បន្ថែមពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដើម្បីជាទុន និងជំនួយដល់ការផ្សព្វផ្សាយ និងចែករំលែកបន្តដល់សិស្សនុសិស្ស និងសហគមន៍ទាំងនៅសាលារៀន និងនៅមូលដ្ឋានសុខាភិបាល។ អ្នកស្រីបណ្ឌិត បន្ថែមទៀតថា ការដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរំលឹកនេះ ជាភ័ព្វសំណាងរបស់សិក្ខាកាមគ្រប់គ្នា ដោយមូលហេតុថា មិនងាយមានការរៀបចំវគ្គបណ្តុះបណ្តាលបែបនេះឡើយ ហើយអ្នកស្រីលើកទឹកចិត្តសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មភាពគ្រប់សកម្មភាពក្នុងវគ្គបណ្តុះបណ្តាលនេះ។ ជាចុងក្រោយ អ្នកស្រីបណ្ឌិត សង្ឃឹមថា ក្រោយចូលរួមវគ្គបណ្តុះបណ្តាលរំលឹក អ្នកចូលរួមទាំងអស់ទទួលបានចំណេះដឹងបន្ថែម និងមានទំនុកចិត្ត ក្នុងការចែករំលែក និងគាំទ្រផ្នែកសុខភាព ទាំងនៅសាលារៀន និងសហគមន៍។ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល លោក មួង ណាត នាយកអនុវិទ្យាល័យ សម្តេចហ៊ុនសែនអង្គរជ័យ បានលើកឡើងពីសារៈសំខាន់នៃការរៀបចំវគ្គរំលឹក ក្រោយពីបានចូលរួមម្តងកាលពីឆ្នាំ២០២៥។ លោកនាយកក៏បានលើកឡើងពីកិច្ចការសំខាន់ៗ ដែលសាលាបាន  សហការគ្នាជាមួយអង្គការរ៉ាក់ រហូតបានសម្រេចជាសមិទ្ធផលជាច្រើនដូចជា សំណង់បង្គន់អនាម័យមេត្រីភាព បន្ទប់សុខភាព និងបរិក្ខារលាងសម្អាតដៃជាដើម។ មិនតែប៉ុណ្ណោះ លោកនាយកក៏បានថ្លែងអំណរគុណដល់អង្គការរ៉ាក់ដែលបានគាំទ្រ និងយកចិត្តទុកដាក់យ៉ាងពេញទំហឹង ដល់ក្មេងស្រីក្នុងការគ្រប់គ្រងអនាម័យពេលមករដូវ តាមរយៈការចែកជូននូវសំឡីអនាម័យប្រចាំខែ។ លោកបន្តទៀតថា អង្គការ រ៉ាក់បានអនុវត្តសកម្មភាពយ៉ាងសកម្មក្នុងការអប់រំផ្សព្វផ្សាយអំពីការគ្រប់គ្រងអនាម័យពេលមករដូវ ជូនដល់សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូ និងសហគមន៍ ដើម្បីបង្កើនការយល់ដឹង និងលុបបំបាត់ការរើសអើងចំពោះប្រធានបទនេះ។ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់អង្គការរ៉ាក់ គណៈគ្រប់គ្រងសាលាអនុវិទ្យាល័យ សម្តេចហ៊ុនសែនអង្គរជ័យ ក៏បានចូលរួមសកម្មគ្រប់សកម្មភាពរបស់គម្រោង ដូចជាការរៀបចំចាត់តាំងគណកម្មការសុខភាព និងរៀបចំផែនការថវិកាសម្រាប់ជួលជុលបរិក្ខារឱ្យបានស្ថិតស្ថេរគង់វង្ស ប្រើប្រាស់ជាប្រយោជន៍រួមបានដល់សិស្សានុសិស្សជំនាន់ក្រោយៗ។

អ្នកស្រី កាន់ សុធារី អនុប្រធានការិយាល័យសុខភាពសិក្សា នៃក្រសួងអប់រំយុវជន​និងកីឡា បានថ្លែងអំណរគុណដល់អង្គការរ៉ាក់ដែលស្វះស្វែងកៀងគររកជំនួយ ដើម្បីគាំទ្រផ្នែកសុខភាពដល់សិស្សានុសិស្សនៅសាលារៀន និងសហគមន៍។ លោកស្រីបានចែករំលែកផងដែរថា ប្រធានបទរដូវ និងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ធ្លាប់តែជាប្រធានបទរសើប និងមិនត្រូវបានលើកមកសិក្សាស្វែងយល់ និងពិភាក្សាច្រើនឡើយ ដែលធ្វើឱ្យការយល់ដឹងពីប្រធានបទទាំងនេះនៅមានកម្រិត និងជះឥទិ្ធពលដល់ផ្នែកសុខភាព។ ដោយឡែក នាពេលបច្ចុប្បន្ន ព័ត៌មានទាក់ទងនឹងប្រធានបទនេះងាយស្រួលក្នុងការស្វែងរក និងត្រូវបានលើកយកមកពិភាក្សា និងសិក្សាស្វែងយល់បន្ថែម តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ហើយអ្នកស្រីសង្ឃឹមថា សិក្ខាកាមទាំងអស់បើកចិត្តក្នុងការស្វែងយល់ និងពិភាក្សាក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យមានភាពសកម្ម និងប្រកបដោយស្មារតីយកចិត្តទុកដាក់។

ក្រោយចូលរួមវគ្គបណ្តុះបណ្តាលរំលឹក អ្នកស្រី ផាន សូរិយា ជាគ្រូបង្រៀននៅអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ បានចែករំលែកថា នេះជាលើកទី២ ដែលអ្នកគ្រូបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការរ៉ាក់ ដែលផ្តល់ឱកាសឱ្យអ្នកគ្រូរំលឹកពីប្រធានបទកាលពីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលក្នុងឆ្នាំមុន និងបានស្វែងយល់ពីប្រធានបទថ្មីបន្ថែម ដែលទាក់ទងនឹងសុខភាពផ្លូវភេទសុខភាពបន្តពូជ។ ដោយសារតែអ្នកគ្រូ ជាគ្រូប្រចាំបន្ទប់សុខភាព អ្នកគ្រូបានប្តេជ្ញា នឹងចែករំលែកចំណេះដឹងបន្ថែមដល់សិស្សានុសិស្ស ដោយប្រើប្រាស់សម្ភារអប់រំដែលរ៉ាក់បានដាក់តាំងក្នុងកម្មវិធី ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យសិស្សមានការយល់ដឹង និងរក្សាសុខភាពរបស់ខ្លួន។

អ្នកស្រី សួង សុបិន ជាអ្នកផ្តល់សេវានៅមណ្ឌលសុខភាពសំឡាញ បានឆ្លុះបញ្ចាំងពីការចូលរួមវគ្គបណ្តុះបណ្តាលរំលឹកដែល អង្គការរ៉ាក់បានរៀបចំ ដោយអ្នកស្រីទទួលបានចំណេះបន្ថែមពីប្រធានបទសុខភាពផ្លូវភេទសុខភាពបន្តពូជ ជាពិសេសស្វែងយល់បន្ថែមពីវិធីសាស្ត្រប្រឹក្សា និងកសាងទំនាក់ទំនងជាមួយយុវវ័យ។ អ្នកស្រីនឹងប្រើប្រាស់ចំណេះដឹងនេះ បញ្រ្ជាបបន្ថែមដល់សហគមន៍ពេលមកទទួលសេវា និងបញ្ជ្រាបតាមសាលារៀនតាមកម្មវិធី ដើម្បីឱ្យយល់ដឹងពីការរក្សាអនាម័យពេលមករដូវ និងការថែទាំងសុខភាពទូទៅផងដែរ។

អង្គការរ៉ាក់នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ ChorogUsan for children ជាអង្គការដៃគូ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាពិសេសការយល់ដឹងនូវការគ្រប់គ្រងអនាម័យពេលមានរដូវរបស់យុវវតី នៅក្នុងសាលារៀនគោលដៅចំនួន៤ គឺអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ អនុវិទ្យាល័យវត្តសំឡាញ អនុវិទ្យាល័យក្រាំងស្នាយ និងអនុវិទ្យាល័យដើមស្នាយ ដែលស្ថិតនៅ ស្រុកឈូក ស្រុកអង្គរ​ជ័យ និងស្រុកកំពង់ត្រាច ខេត្តកំពត។

អត្ថបទដោយ: RHAC

មតិយោបល់