រំលងម៉ឺនុយទំព័រ

អង្គការរ៉ាក់រៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ គុណភាពកម្មវិធី និងការគ្រប់គ្រងហានិភ័យ

អង្គការរ៉ាក់រៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ គុណភាពកម្មវិធី និងការគ្រប់គ្រងហានិភ័យ

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
17

សៀមរាប៖ នៅថ្ងៃទី២៧–២៨ ខែកក្កដា ឆ្នាំ២០២៦ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (RHAC) បានរៀបចំ កិច្ចប្រជុំបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសណ្ឋាគារ Empress Angkor Resort ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកសម្របសម្រួល អ្នកគ្រប់គ្រងកម្មវិធី មន្ត្រីបង្គោលកម្មវិធី និងបុគ្គលិកមកពីការិយាល័យកណ្តាល និងតាមបណ្ដាលខេត្តទូទាំងប្រទេស។

កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តការងារក្នុងឆមាសទី១ ឆ្នាំ២០២៦ ពិនិត្យលទ្ធផលនៃការតាមដាន និងវាយតម្លៃគម្រោង ការប្រើប្រាស់ថវិកា ការគ្រប់គ្រងហានិភ័យ ព្រមទាំងកំណត់វិធានការឆ្លើយតប និងផែនការសកម្មភាពសម្រាប់ឆមាសទី២។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏ផ្តោតលើការលើកកម្ពស់ ការទប់ស្កាត់ការក្លែងបន្លំ ការកសាងវប្បធម៌ការងារប្រកបដោយសុខុមាលភាព ភាពធន់ សាមគ្គីភាព និងការទទួលខុសត្រូវរួមក្នុងស្ថាប័ន។

ក្នុងមតិបើកកិច្ចប្រជុំ លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន បានគូសបញ្ជាក់ថា តម្លៃស្នូលរបស់អង្គការរ៉ាក់ គឺ សាមគ្គីភាព ភាតរភាព និងការយោគយល់គ្នា។ លោកបានមានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាពបុគ្គលិកតាមរយៈការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ គឺមានសារៈសំខាន់ ប៉ុន្តែអ្វីដែលធ្វើឱ្យស្ថាប័នរីកចម្រើនប្រកបដោយនិរន្តរភាព គឺការគាំទ្រគ្នាទៅវិញទៅមក ការធ្វើការជាក្រុម និងការមានគោលដៅរួម។លោកនាយកប្រតិបត្តិក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រប់គ្រងគម្រោង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នដៃគូ និងអាជ្ញាធរមូលដ្ឋាន រហូតធ្វើឱ្យកម្មវិធី និងសេវាកម្មរបស់អង្គការរ៉ាក់ទទួលបានការទទួលស្គាល់ និងការគាំទ្រយ៉ាងទូលំទូលាយ។

ក្នុងឱកាសនោះ លោកក៏បានរំលឹកអំពីខួប ៣០ ឆ្នាំនៃការបង្កើតអង្គការរ៉ាក់ ដោយលើកឡើងពីដំណើរវិវឌ្ឍរបស់អង្គការចាប់តាំងពីឆ្នាំ១៩៩៦ រហូតក្លាយជាស្ថាប័នឈានមុខមួយក្នុងការលើកកម្ពស់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ សុខភាពយុវវ័យ ផែនការគ្រួសារ ការទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ ការងារតស៊ូមតិ និងការអភិវឌ្ឍស្តង់ដារសេវាមិត្តភាពយុវវ័យនៅកម្ពុជា។

ក្នុងថ្ងៃដំបូងនៃកិច្ចប្រជុំ អង្គការបានបង្ហាញរបាយការណ៍ស្តីពីការអនុវត្តថវិកាប្រចាំឆ្នាំ លទ្ធផលនៃការតាមដាន និងវាយតម្លៃគម្រោង ការគៀងគរធនធាន និងការវាយតម្លៃគុណភាពនៃការអនុវត្តកម្មវិធីសំខាន់ៗ។ បន្ទាប់មក អ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិអង្គការរ៉ាក់ បានធ្វើបទបង្ហាញស្តីពី ការវិភាគហានិភ័យ និងការរៀបចំផែនការឆ្លើយតប ដោយណែនាំឱ្យក្រុមការងារកំណត់ហានិភ័យសំខាន់ៗដែលអាចប៉ះពាល់ដល់ការអនុវត្តកម្មវិធី និងគម្រោង ព្រមទាំងរៀបចំផែនការឆ្លើយតបជាជម្រើសទី១ (Plan A) និងផែនការបម្រុង (Plan B) ដោយកំណត់សកម្មភាព អ្នកទទួលខុសត្រូវ និងកាលវិភាគអនុវត្តឱ្យបានច្បាស់លាស់។

បន្ទាប់ពីបទបង្ហាញ ក្រុមការងារតាមកម្មវិធី និងគម្រោងនីមួយៗ បានពិភាក្សា និងវិភាគហានិភ័យដែលអាចកើតមាន ព្រមទាំងរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៦។ ជាចុងក្រោយ តំណាងក្រុមនីមួយៗបានធ្វើបទបង្ហាញជូនអង្គប្រជុំរួម អំពីលទ្ធផលនៃការពិភាក្សា ការវិភាគហានិភ័យ និងទិសដៅនៃការអនុវត្តផែនការរបស់ខ្លួន ដើម្បីទទួលបានមតិយោបល់ និងអនុសាសន៍បន្ថែមពីថ្នាក់ដឹកនាំ និងអ្នកចូលរួម។

នៅថ្ងៃទី២ នៃកិច្ចប្រជុំ បុគ្គលិកទាំងអស់បានរំលឹកឡើងវិញអំពីគោលនយោបាយទប់ស្កាត់ការក្លែងបន្លំ ការកំណត់សកម្មភាពដែលចាត់ទុកថាជាការក្លែងបន្លំ និងយន្តការដោះស្រាយ ព្រមទាំងពិនិត្យឡើងវិញអំពីគោលនយោបាយពាក់ព័ន្ធនឹងការចំណាយ និងការចែករំលែកព័ត៌មានក្នុងស្ថាប័ន ដើម្បីពង្រឹងអភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព។

ក្នុងពិធីបិទកិច្ចប្រជុំ អ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី តាងនាមថ្នាក់ដឹកនាំ បានថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ វិភាគបញ្ហា និងកំណត់ដំណោះស្រាយរួម។ អ្នកស្រីបានអំពាវនាវឱ្យបុគ្គលិកបន្តប្រកាន់ខ្ជាប់នូវវប្បធម៌សុចរិតភាព តម្លាភាព គណនេយ្យភាព និងការប្រកាសការប៉ះទង្គិចផលប្រយោជន៍ (Conflict of Interest) ដើម្បីធានាប្រសិទ្ធភាព ភាពជឿជាក់ និងនិរន្តរភាពនៃការអនុវត្តបេសកកម្មរបស់អង្គការរ៉ាក់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

អត្ថបទដោយ: RHAC

មតិយោបល់