រំលងម៉ឺនុយទំព័រ

អំពីលិង្គ និងពងស្វាស

អំពីលិង្គ និងពងស្វាស

ព័ត៌មានសុខភាពយុវវ័យ
20

ផ្នែកខ្លះនៃលិង្គ និងពងស្វាស

លិង្គជាផ្នែកមួយនៃរាងកាយសម្រាប់ នោម រួមភេទ និងបញ្ចេញទឹកកាម។ ចំណែកឯពងស្វាសវិញ មានតួនាទី ផលិតមេជីវិតឈ្មោល។ ទាំងលិង្គ និងពងស្វាសអាចមានទំហំ រូបរាង ពណ៌ ក្លិន និងរោមខុសៗគ្នា។ វាក៏ជារឿងធម្មតាដែរ ដែលអាចមានប្រជ្រុយ ឬចំណុចកន្ទួលពកៗតិចតួចនៅលើផ្នែកផ្សេងៗគ្នា។

លិង្គ និងពងស្វាសលូតលាស់ក្នុងកំឡុងពេលវ័យជំទង់។ ពេលវេលាជាក់លាក់ដែលប្រដាប់បន្តពូជលូតលាស់ពេញលេញ គឺខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ។ សម្រាប់មនុស្សមួយចំនួន វាអាចចំណាយពេលរហូតដល់ពួកគេមានអាយុ ២០ ឆ្នាំ។

តើលិង្គមានរចនាសម្ព័ន្ធយ៉ាងដូចម្តេច?

លិង្គមាន ៣ ផ្នែកសំខាន់ៗ គឺ៖ គល់លិង្គ តួលិង្គ និងក្បាលលិង្គ។ នៅក្នុងលិង្គមានជាលិកាស្ពោត ចំនួន ៣ ដែលអាចរីកប៉ោងបាន។ ជាលិកាទាំងនេះមានលក្ខណៈដូចអេប៉ុង ដែលអាចស្រូប និងផ្ទុកឈាមបាន ។ នៅពេលមានការរំញោចផ្លូវភេទ ឈាមនឹងហូរចូលជាលិកាទាំងនេះច្រើនឡើងបណ្តាលឱ្យលិង្គរឹង និងឡើងធំ ដែលហៅថា ការឡើងរឹងរបស់លិង្គ (Erection)។ជាលិកាស្ពោត (Erectile bodies) ចំនួន ២ ស្ថិតនៅជាប់គ្នា នៅសងខាងនៃតួលិង្គ។ ជាលិកាទាំងពីរនេះជាផ្នែកសំខាន់ដែលធ្វើឱ្យលិង្គរឹង ។

ជាលិកាស្ពោតទី ៣ ស្ថិតនៅខាងក្រោមជាលិកាទាំងពីរនោះ។ បង្ហួរនោម (Urethra) ឆ្លងកាត់ជាលិកាទី ៣ នេះ។ ដោយសារជាលិកានេះមិនរឹងខ្លាំងដូចជាលិកាពីរខាងលើ ដូច្នេះនៅពេលលិង្គឡើងរឹង បង្ងួរនោមនៅតែបើកចំហ ដែលអនុញ្ញាតឱ្យទឹកកាម (Semen) អាចបញ្ចេញចេញមកក្រៅបាន។

ជាលិកាស្ពោត ទាំងនេះលាតសន្ធឹងចូលទៅក្នុងរាងកាយបន្តិច ដែលយើងអាចស្ទាបដឹងនៅចន្លោះពងស្វាស (Scrotum) និងរន្ធគូទ (Anus)។

លិង្គមិនមែនជាសាច់ដុំនោះទេ។ ដូច្នេះវាមិនអាចទទួលការហ្វឹកហាត់ ឬទាញពន្លូតវាឱ្យធំជាងមុនបានឡើយ។ គ្មានស្រទាប់ខ្លាញ់ក្រោមស្បែកនៅលើលិង្គនោះទេ។ នៅកន្លែងភាគច្រើនផ្សេងទៀតលើរាងកាយ អ្វីៗដូចជាសរសៃឈាម ក្រពេញខ្លាញ់ និងគល់រោម គឺត្រូវបានលាក់កំបាំងដោយស្រទាប់ខ្លាញ់ក្រោមស្បែក ប៉ុន្តែនៅលើលិង្គវិញ អ្វីៗគ្រប់យ៉ាងគឺត្រូវបានមើលឃើញយ៉ាងច្បាស់។

ក្បាលលិង្គ

ក្បាលលិង្គស្ថិតនៅចុងបំផុតនៃលិង្គ ហើយជាផ្នែកមួយនៃជាលិកាស្ពោតខាងក្រោម។ ក្បាលលិង្គ និងតំបន់នៅខាងក្រោមវា គឺជាកន្លែងដែលងាយរំញោចខ្លាំងបំផុត (sensitive) នៅក្នុងរាងកាយ។ ក្នុងអំឡុងពេលវ័យជំទង់ មនុស្សជាច្រើននឹងដុះពកតូចៗ ឬសាច់ដុះតូចៗនៅជុំវិញគែមនៃក្បាលលិង្គ។ ពួកវាត្រូវបានគេហៅថា គុជក្បាលលិង្គ (penile papules) វាជារឿងធម្មតា និងគ្មានគ្រោះថ្នាក់នោះទេ។

ស្បែកគ្របក្បាលលិង្គ

ស្បែកគ្របក្បាលលិង្គមាន  តួនាទីការពារក្បាលលិង្គ (Glans)។ ដោយមានជំនួយពីសារធាតុខ្លាញ់ (Sebum) ដែលផលិតដោយក្រពេញបញ្ចេញខ្លាញ់ (Sebaceous Glands) នៅលើស្បែកគ្របក្បាលលិង្គ ស្បែកនៅលើក្បាលលិង្គត្រូវបានរក្សាឱ្យទន់ និងមានសំណើម។ សារធាតុខ្លាញ់នេះក៏ជួយការពារការឆ្លងមេរោគផ្សិត និងបាក់តេរីផងដែរ។ក្រពេញបញ្ចេញខ្លាញ់ទាំងនេះអាចមើលឃើញជាគ្រាប់តូចៗពណ៌លឿងស្រាលនៅលើស្បែក ដែលជា
លក្ខណៈធម្មតារបស់រាងកាយ។

បរិមាណស្បែកគ្របក្បាលលិង្គមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ មនុស្សខ្លះមានស្បែកគ្របក្បាលលិង្គវែង ដែលអាចគ្របក្បាលលិង្គបានទាំងស្រុង ខណៈដែលអ្នកខ្លះទៀតមានស្បែកគ្របខ្លីជាង ហើយមិនគ្របដណ្តប់ក្បាលលិង្គទាំងមូលឡើយ។មនុស្សគ្រប់រូបកើតមកជាមួយស្បែកគ្របក្បាលលិង្គ ប៉ុន្តែមនុស្សខ្លះអាចលែងមានវាទៀតដោយសារតែបានធ្វើ ការកាត់ស្បែកគ្របក្បាលលិង្គ (Circumcision)។ ការកាត់នេះអាចត្រូវបានធ្វើឡើងដោយហេតុផលសាសនា ប្រពៃណី វប្បធម៌ ឬហេតុផលវេជ្ជសាស្ត្រផ្សេងៗ ដោយយកស្បែកគ្របក្បាលលិង្គទាំងមូល ឬមួយផ្នែកចេញ។នេះត្រូវបានគេហៅថា ការកាត់ស្បែក ចុងលិង្គ (circumcision)។ អ្នកខ្លះក៏ត្រូវកាត់ស្បែកនេះចេញផងដែរ ប្រសិនបើវា "តឹងខ្លាំង" (tight foreskin)។

ខ្សែហ្វ្រាំង (ខ្សែស្បែកក្រោមក្បាលលិង្គ)

ខ្សែហ្វ្រាំងនេះ គឺជាខ្សែស្បែកដែលភ្ជាប់ទៅនឹងផ្នែកខាងក្រោមនៃលិង្គ និងនៅក្នុងស្បែកគ្របក្បាលលិង្គ។ខ្សែនេះមិនអាចលាតសន្ធឹង ឬយឺតខ្លាំង តាម​ប្រវែងនៃលិង្គនោះទេ។ ខ្សែនេះជួនកាលអាចខ្លីបន្តិច ឬតឹងខ្លាំង ដែលវាអាចដាច់រហែក និងហូរឈាម។ ជាធម្មតាបញ្ហានេះវាអាចកើតឡើងក្នុងពេលរួមភេទ ឬពេលសម្រេចកាមដោយខ្លួនឯង។ អានបន្ថែមអំពីខ្សែហ្វ្រាំងខ្លី។

តើស្រោមពងស្វាសមានរចនាសម្ព័ន្ធយ៉ាងដូចម្តេច?

ស្រោមពងស្វាស ជាថង់ស្បែកមួយដែលព្យួរនៅក្រោមលិង្គ។ នៅក្នុងស្រោមពងស្វាស មានពងស្វាស ព្រមទាំងអេពីឌីឌីម បំពង់បង្ហូរមេជីវិត និងសរសៃឈាមផងដែរ។ ស្រោមពងស្វាសមិនមានស្រទាប់ខ្លាញ់ក្រោមស្បែក (Subcutaneous Fat) ដូចតំបន់ផ្សេងៗនៃរាងកាយទេ។ ដោយសារតែហេតុនេះ ក្រពេញបញ្ចេញខ្លាញ់ (Sebaceous Glands) ដែលស្ថិតនៅក្រោមស្បែក អាចមើលឃើញជាដុំពកតូចៗ ឬធ្វើឱ្យផ្ទៃស្បែកមើលទៅមិនរលោងស្មើនោះទេ។ នេះគឺជាលក្ខណៈធម្មតារបស់ស្រោមពងស្វាស ហើយជាទូទៅមិនបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ។

ផ្នែកខាងក្រោមនៃលិង្គ មានខ្សែបន្ទាត់មួយ ដែលតពីផ្នែកខាងក្រោមនៃក្បាលលិង្គ តួលិង្គ រហូត​ដល់លើស្បែកពងស្វាស។ វាជាស្នាមសេសសល់តាំងពីការវិវត្តរបស់ទារកក្នុងផ្ទៃ នៅពេលដែល ផ្នែកដែលត្រូវក្លាយជាលិង្គ និងពងស្វាស លូតលាស់ភ្ជាប់គ្នា។ ជួនកាល ស្បែកនៅត្រង់នោះមានពណ៌ខុសពីផ្នែកផ្សេងទៀតនៃលិង្គ។

ពងស្វាស

ពងស្វាស ស្ថិតនៅក្នុងស្រោមពងស្វាស និងមានរាងទ្រវែងបន្តិច។ ពងស្វាសមានតួនាទីផលិតមេជីរិត ឈ្មោល និងអ័រម៉ូនភេទបុរសហៅថាតេស្តូស្តេរ៉ូន។
ជារឿងធម្មតាទេដែលពងស្វាសមួយមានទំហំធំជាងមួយទៀតបន្តិច ហើយក៏ព្យួរនៅកម្ពស់ខុសគ្នាបន្តិចបន្តួចផងដែរ​ទៅតាមមនុស្សម្នាក់ៗ។

អេពីឌីឌីម

អេពីឌីឌីម គឺជាបំពង់វែងមួយដែលបត់បែនចូលគ្នាស្ថិតនៅផ្នែកខាងក្រោយនៃពងស្វាស។ មេជីវិតឈ្មោលលូតលាស់ នឹងទុំ ហើយរក្សាទុកនៅក្នុងអេពីឌីឌីម។ បន្ទាប់ពី មួយរយៈពេល មេជីវិតឈ្មោលចាស់ៗនឹងត្រូវជំនួសដោយមេជីវិតថ្មី។ មេជីវិតចាស់ៗនឹងចេញពីរាងកាយនៅពេលដែលអ្នកបញ្ជេញទឹកកាម។

បំពង់បង្ហូរមេជីវិតឈ្មោល

បំពង់បង្ហូរមេជីវិតឈ្មោល គឺដូចជាបំពង់មួយ តភ្ជាប់ពី អេពីឌីឌីម និងថង់ទឹកកាម។ ដោយមានជំនួយពីកោសិកាសាច់ដុំនៅក្នុងបំពង់បង្ហូរមេជីវិតឈ្មោល មេជីវិតឈ្មោលត្រូវបានបញ្ជូនចេញតាមបង្ហួរនោមនៅពេលអ្នកបញ្ចេញទឹកកាម។ នៅពេលបញ្ចេញទឹកកាម មេជីវិតឈ្មោលលាយជាមួយទឹករំអិលពីថង់ទឹកកាម និងក្រពេញប្រូស្តាត។

បង្ហួរនោម

បង្ហួរនោម មានការតភ្ជាប់ទៅនឹងប្លោកនោម និងទាំងបំពង់បង្ហូរមេជីវិត។ នៅពេលលិង្គឡើងរឹង(Erection) ផ្លូវពីប្លោកនោមទៅកាន់បង្ហួរនោមនឹងបិទ ជាបណ្តោះអាសន្ន។ យន្តការនេះជួយការពារមិនឱ្យទឹកនោមលាយឡំជាមួយទឹកកាមនៅពេលមានការបញ្ចេញទឹកកាម (Ejaculation)។

ដោយសារហេតុនេះហើយ ទើបការនោមអាចមានការលំបាកជាងធម្មតា នៅពេលលិង្គកំពុងឡើងរឹង។ ប៉ុន្តែជាទូទៅ បន្ទាប់ពីការឡើងរឹងបានបញ្ចប់ការនោមនឹងត្រឡប់មកធម្មតាវិញ។

ក្រពេញប្រូស្តាត

ក្រពេញប្រូស្តាត គឺជាក្រពេញមួយស្ថិតនៅក្រោមប្លោកនោម និងនៅខាងមុខរន្ធគូទ និងផ្នែកដើមនៃលិង្គដែលស្ថិតនៅខាងក្នុងរាងកាយ។ វាមានតួនាទីផលិតសារធាតុរាវដែលជាផ្នែកមួយនៃទឹកកាម ដើម្បីជួយចិញ្ចឹម ការពារ និងជួយឱ្យមេជីវិតឈ្មោលធ្វើចលនាបានល្អ។ មនុស្សមួយចំនួនអាចមានអារម្មណ៍ផ្លូវភេទនៅពេលក្រពេញប្រូស្តាតត្រូវបានរំញោច។

ទឹកកាមមានផ្ទុកមេជីវិតឈ្មោល

ទឹកកាមក៏ត្រូវបានគេហៅថាសារធាតុរាវ និងជាល្បាយនៃសារធាតុរាវដែលចេញពីលិង្គនៅពេលអ្នកបញ្ចេញទឹកកាម។ រាងកាយច្រើនតែចាប់ផ្តើមផលិតទឹកកាមក្នុងអំឡុងពេលពេញវ័យ។ មួយភាគធំ គឺសារធាតុរាវមកពីថង់ទឹកកាម និងក្រពេញប្រូស្តាត។ មេជីវិតឈ្មោល គឺគ្រាន់តែជាផ្នែកតូចមួយនៃទឹកកាមទាំងមូល។ ទឹកកាមមានសារធាតុរាវចន្លោះពី ៣ទៅ ៥មីលីលីត្រ ដែលប្រហែលស្មើនឹង មួយស្លាបព្រាកាហ្វេ។

មេជីវិតឈ្មោលមានក្បាល ផ្នែកកណ្តាល និងកន្ទុយ។ នៅក្នុងការបញ្ចេញទឹកកាម ជាធម្មតាមានមេជីវិតឈ្មោលជាងបីរយលាន។ ដើម្បីមើលមេជីវិតឃើញ លុះត្រាតែមើលតាមមីក្រូទស្សន៍។ ទារកអាចវិវឌ្ឍន៍បាននៅពេលដែលមេជីវិតឈ្មោល និងមេជីវិតញីរួមបញ្ចូលគ្នានៅក្នុងស្បូន។ មេជីវិតឈ្មោលថ្មីត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ នៅក្នុងអេពីឌីឌីម។ មេជីវិតឈ្មោលមិនអាចអស់នោះទេ ទោះបីជាអ្នកបញ្ចេញទឹកកាមប៉ុន្មាន​ដង​ក៏ដោយ។

រន្ធគូទ

រន្ធគូទ ជាផ្នែកបញ្ចប់នៃពោះវៀនធំ និង ជាកន្លែងដែលលាមកចេញពីរាងកាយ។ រន្ធគូទមិនមែនជាផ្នែកមួយនៃការកំណត់អត្តសញ្ញាណភេទនោះទេ ប៉ុន្តែស្ថិតនៅជិត និងជាផ្នែកនៃសាច់ដុំ និងសរសៃប្រសាទដែលស្ថិតនៅក្នុងលិង្គ និងពងស្វាស។ រន្ធគូទមានភាពរសើបនៅពេលប៉ះ។

តំបន់ប៉េរីណេ

តំបន់ប៉េរីណេ គឺជាតំបន់ដែលនៅចន្លោះ រន្ធគូទ និងពងស្វាស។ វាក៏ងាយរំញោចខ្លាំងផងដែរនៅពេលប៉ះពាល់។ នៅក្រោមស្បែក មានភាពរឹង និងមានសាច់ដុំ ដែលភ្ជាប់ទៅនឹងលិង្គ និងពងស្វាស។

ពណ៌

ក្នុងអំឡុងពេលពេញវ័យ លិង្គ ពងស្វាស និងរន្ធគូទជាធម្មតាប្រែជាខ្មៅបន្តិច។ នេះដោយសារតែស្បែកនៅលើតំបន់ទាំងនេះ មានផ្តុំនូវ សារធាតុពណ៌នៃ រាងកាយជាច្រើនជាងគេនៅលើខ្លួនរបស់អ្នក។

ក្លិន

តំបន់ប្រដាប់ភេទអាចមានក្លិនខុសៗគ្នា។ ក្លិននេះ គឺដោយសារតែតំបន់នេះបញ្ចេញញើសច្រើនជាងផ្នែកផ្សេងៗនៃរាងកាយ។ នៅក្រោមស្បែកគ្របក្បាលលិង្គ សារធាតុខ្លាញ់ ក្អែលលិង្គ(smegma) ក៏ត្រូវបានបង្កើតឡើងផងដែរ ដែលវាអាចបង្កឱ្យមានក្លិន។ សូមអានអត្ថបទបន្ថែមអំពីរបៀបលាងសម្អាតលិង្គ។

អត្ថបទដោយ: RHAC

មតិយោបល់