រំលងម៉ឺនុយទំព័រ

អ្នកណាជាក្រុមគោលដៅលាក់មុខ ហើយប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍?

អ្នកណាជាក្រុមគោលដៅលាក់មុខ ហើយប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍?

រឿងជោគជ័យ
24

ក្រុម​គោល​ដៅលាក់មុខ​ជាក្រុម​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគអេដស៍ កាមរោគ ហើយ​ក្រុម​នេះ​ពិបាក​ទាក់ទង​ឱ្យ​មកទទួល​សេវា​អប់រំ និង​ធ្វើតេស្ត​។​ អ្នកទាំងនេះជាក្រុម​បុរសរួមភេទជាមួយបុរស ឬអ្នកប្លែងភេទ ដែល​​ធ្វើ​ការ​ក្នុងវិស័យ​រដ្ឋ ឯកជន ជាសិស្ស ឬ​និស្សិត​ជា​ដើម​​។​

ក្រុម​បុរស​រួមភេទជាមួយបុរស ឬ​ក្រុម​អ្នក​ប្លែង​ភេទ បាន​ជ្រើស​រើស និង​និយម​ប្រើ​ App Grindr ឬ Blued ដែល​បច្ចុប្បន្ន​នេះ​ដូ​រឈ្មោះ​មក​ជា HEESAY ដើម្បី​ស្វែង​រក​ដៃគូរួម​ភេទ​​។

បើ​តាម​របាយការណ៍​របស់ ​IBBS (Integrated HIV Bio-Behavioral Surveillance Survey-2023) ឆ្នាំ​២០២៣ ប្រេវ៉ាឡង់នៃការ​ឆ្លង​​មេរោគ​អេដស៍​នៅមាន​អត្រាខ្ពស់​​សម្រាប់​ក្រុម​បុរសរួម​ភេទ​ជាមួយ​បុរស(MSM) ៥,៥% ក្រុម​អ្នក​ប្លែង​ភេទ(TG) ​១៣,៥% ខណៈ​ស្រ្តី​បម្រើ​ការ​នៅ​សេវា​កម្សាន្ត​មាន​៤,៩%​។

មូលហេតុចម្បងនៃការលាក់អត្តសញ្ញាណត្រូវបានកត់សម្គាល់ថា នៅតែទាក់ទងនឹងភាពភ័យខ្លាច ការមាក់ងាយ និងការរើសអើងក្នុងសង្គម។ ភាពខ្មាសអៀនចំពោះអ្នកដទៃ និងការខ្លាចបាត់បង់កិត្តិយស ព្រោះពួកគាត់ជាអ្នកធ្វើការមានគេស្គាល់ច្រើន សិស្ស និស្សិត ​ និងអ្នកខ្លះមានភរិយា និងកូនទៀតផង គឺជាការអះអាងរបស់ពួកគាត់តាមរយៈក្រុមការងាររបស់អង្គការរ៉ាក់។ ឥរិយាបថរួមភេទដោយប្រថុយប្រថានមួយចំនួនដូចជាការមិនចូលចិត្តប្រើស្រោមអនាម័យ និងចូលចិត្តរួមភេទជាក្រុម ដោយប្រើថ្នាំជំនួយផ្លូវភេទ ឬថ្នាំញៀនក៏ជាកត្តាជំរុញបន្ថែមក្នុងការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃមេរោគអេដស៍​ ក្នុង​ចំណោម​ក្រុម​គោល​ដៅ​លាក់​មុខ​ទាំងនេះ​។

ដើម្បីស្វែងរកក្រុមគោលដៅជា MSM ឬ TG ដែលលាក់អត្តសញ្ញាណបែបនេះ ក្រុមការងារអង្គការរ៉ាក់ បានប្រើប្រាស់ App ទាំងពីរខាងលើដើម្បីផ្ដល់ការអប់រំ និងណែនាំឱ្យទទួលសេវាតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយ ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់។ ការ​ប្រើ​ប្រើ​ប្រាស់App សម្រាប់​ទាក់ទង​ក្រុម​គោលដៅ​ជា​យន្តការមួយ​ក្នុង​ចំណោម​យន្តការ​ផ្សេង​ទៀត​របស់​ថ្នាក់ជាតិ​ ​ក៏​ដូច​ជា​ម្ចាស់​ជំនួយ​ដើម្បី​ជំរុញ​ការ​អប់រំ និង​ធ្វើតេស្ត​ដល់​ក្រុម​គោល​ដៅ​ឱ្យ​បាន​កាន់តែច្រើន ពិសេស​​ក្រុម​លាក់​មុខ​​។

ក្រុម​ការងារ​បាន​ផ្ញើ​សារទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ App ​ទាំងពីរ​នោះដោយ​ណែ​នាំ​ខ្លួន និង​ស្ថាប័ន ក្នុង​ន័យ​ឱ្យ​ក្រុម​គោល​ដៅ​មាន​ទំនុក​ចិត្ត​​ក្នុង​ការ​សន្ទនាជាមួយ​។ ក្រៅពីការ​បង្ហាញ​អត្តសញ្ញាណរបស់​ខ្លួន បុគ្គលិករ៉ាក់ត្រូវមាន​ចំណេះដឹង​ទាក់ទងនឹងមេរោគអេដស៍ កាមរោគ សុខភាពផ្លូវភេទ សុខភាពបន្តពូជ ​ច្បាស់លាស់ ហើយអាចឆ្លើយតបនូវសំណួរ​ និង​បញ្ហារបស់​ក្រុម​គោលដៅបាន ទើប​អាចទទួល​បានការទុក​ចិត្ត​ពី​អ្នក​ទាំងអស់​នោះ។

ក្រៅ​ពី​ទាក់ទង​ក្រុម​គោលដៅ​តាម​ App បុគ្គលិក​រ៉ាក់​ក៏​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូច​ជា​ហ្វេសប៊ុក តិកតុក និង​តេឡេក្រាម ក្នុង​ការ​បញ្ជ្រាប​សារ​អប់​រំ និង​ជំរុញ​លើក​ទឹក​ចិត្ត​ក្រុម​គោលដៅផ្សេង​ទៀត​ឲ្យ​មក​ធ្វើ​តេស្ត​ ទទួល​យក​ស្រោម​អនាម័យ និង​ថ្នាំ​ប្រឹព​ផង​ដែរ​។​

ការនិយាយ​លើក​ទឹក​ចិត្ត ការ​ផ្ដល់​ចំណេះដឹង និង​​ការ​បង្ហាយ​ការវិការ​ជា​អ្នក​ជួយ​របស់​បុគ្គលិក​រ៉ាក់​បាន​​ធ្វើ​ឱ្យ​ក្រុម​គោល​ដៅ​​យល់​ពី​សារសំខាន់​នៃ​ការ​ធ្វើ​តេស្ត​​​ដើម្បីដឹង​ពីស្ថាន​ភាព​ខ្លួន​បាន​ទាន់​ពេលវេលា​​។ ការ​ដឹង​ពី​ស្ថាន​ភាព​ខ្លួ​ន​ជួយ​ឱ្យ​ក្រុម​គោល​ដៅ​អាច​ជ្រើស​រើស​វិធីការពារ​ខ្លួន​ពីមេរោគអេដស៍ និង​កាមរោគ​ ដោយ​ប្រើ​ថ្នាំ​ប្រឹព និងស្រោម​អនាម័យ​ ឬ​បើ​មាន​ប្រតិកម្ម​មេរោគ​អេដស៍​អាច​ទទួល​បាន​ការព្យាបាល​ទាន់​ពេល​វេលា​មិន​បណ្ដាល​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ពីជំងឺ​ឱកាស​និយម​ផ្សេងៗ​​។

អត្ថបទដោយ: RHAC

មតិយោបល់