រំលងម៉ឺនុយទំព័រ

សន្និបាតប្រតិភូប្រចាំ៣ឆ្នាំរបស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា «រ៉ាក់»

សន្និបាតប្រតិភូប្រចាំ៣ឆ្នាំរបស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា «រ៉ាក់»

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
156

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលហៅកាត់ថាអង្គការរ៉ាក់ បានប្រារព្ធសន្និ​បាត​ប្រតិភូប្រចាំ៣ឆ្នាំរបស់អង្គការរ៉ាក់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ។

សន្និបាតប្រតិភូប្រចាំ៣ឆ្នាំនេះបានប្រារព្ធធ្វើឡើង និងមានការអញ្ជើញចូលរួម​ពីវេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់ក្នុងពិធីបើកសន្និបាត លោកស្រី លោក ជាប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិ លោកស្រី លោក ជាស្ត្រីបង្គោល និងជាអ្នកស្ម័គ្រចិត្តនៃអង្គការរ៉ាក់ លោកស្រី លោក ជាបុគ្គលិកប្រតិបត្តិ និងបុគ្គលិកអង្គការរ៉ាក់ពីភ្នំពេញ និងតាមបណ្តាខេត្ត។

សន្និបាតប្រតិភូប្រចាំ៣ឆ្នាំ បានរៀបចំឡើងក្នុងគោលបំណងធំៗចំនួន៣៖ ទី១ ពិនិត្យសមិទ្ធផលការងារ និងរបាយការណ៌ហិរញ្ញវត្ថុរយៈពេល៣ឆ្នាំ (២០១៩-២០២១) ទី២ ពិនិត្យ និងការផ្តល់អនុសាសន៍លើផែនការយុទ្ធសាស្រ្តរបស់អង្គការរ៉ាក់ ២០២៣-២០២៨ ទី៣ ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជាតិអង្គការរ៉ាក់សម្រាប់អណត្តិបន្ទាប់។

តាមរយៈការបោះឆ្នោតនៅក្នុងអណត្តិនេះក្នុងកម្មវិធីសន្និបាតប្រតិភូប្រចាំ៣ឆ្នាំ អង្គការរ៉ាក់មានសេចក្តីសោមនស្សប្រកាសនូវសមាសភាពរបស់ លោកស្រី លោកជាប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិដូចខាងក្រោម៖ (១)អ្នកស្រីវេជ្ជបណ្ឌិត អ៊ុកវង្ស វឌ្ឍនី ជាប្រធានក្រុមប្រឹក្សាជាតិ (២)លោកវេជ្ជបណ្ឌិត សុខ សុវណ្ណារិទ្ធ ជាអនុប្រធានក្រុមប្រឹក្សាជាតិ ​ (៣)អ្នកស្រីវេជ្ជបណ្ឌិត សេង ស៊ាមរ៉ុង ជាហិរញ្ញិកនៃក្រុមប្រឹក្សាជាតិ (៤)អ្នកស្រី ស៊ុំ សានណារី ជាលេខាធិកានៃក្រុមប្រឹក្សាជាតិ សមាជិកសមាជិកានៃក្រុមប្រឹក្សាជាតិចំនួន៥រូបរួមមាន៖ (១)អ្នកស្រី ហ៊ួយ សុជីវណ្ណី(២)លោក សុខ ឧត្តម (៣)លោក ធុល ខេមរា (៤)កញ្ញា រឿន ស្រីណាត់ (៥)លោក លឿន តុ និងសមាជិកាតែងតំាងចំនួន១រូប៖ អ្នកស្រី ទិត្យ សំអុន ។

អ្នកស្រីហួយ សុជីវណ្ណី ប្រធានក្រុមបឹ្រក្សាជាតិក្នុងអណត្តិកន្លងមក បានមានប្រសាសន៍ថា៖​ «នៅក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដល់ក្រុមបុគ្គលិកប្រតិបត្តិអង្គការរ៉ាក់ ដែលមានការដឹកនាំដោយវេជ្ជបណ្ឌិត វ៉ា ជីវ័ន ជានាយកប្រតិបត្តិ បានខិតខំប្រឹងប្រែងធ្វើការងារលើកកម្ពស់ និងអន្តរាគមន៍បានសម្រេចដោយជោគជ័យ។ វត្តមានរបស់អង្គការរ៉ាក់បានរួមចំណែកក្នុងការលើកកម្ពស់សេវាសុខាភិបាលសាធារណៈ វិស័យអប់រំ តាមរយៈការផ្តល់សេវា ការអប់រំ លើកកម្ពស់ចំណេះដឹងទាក់ទងនឹងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទក្នុងរយៈពេលបីឆ្នាំនេះ ចាប់តាំងពីឆ្នាំ២០១៩ មកដល់ឆ្នាំ២០២២នេះ បានបង្ហាញឱ្យឃើញអំពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់»។

វេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិ បានមានប្រសាសន៍ថា៖ «ក្នុងឱកាសប្រារព្ធសន្និបាតប្រតិភូប្រចាំ៣ឆ្នាំដែលប្រារព្ធបានជោគជ័យ ខ្ញុំបាទសូមគោរពអរគុណដល់លោក លោកស្រីប្រធានក្រុមបឹ្រក្សាជាតិ និងក្រុមប្រឹក្សាជាតិ បុគ្គលិកអង្គការរ៉ាក់ទាំងអស់ និងបណ្តាញយុវវ័យដែលបានចូលរួមយ៉ាងសកម្មដើម្បីសម្រេចបានជាសមិទ្ធផលក្នុងការលើកកម្ពស់សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិទូទាំងប្រទេសកម្ពុជា។ ដូចេ្នះ ខ្ញុំសង្ឃឹមថាសមាជិក សមាជិកា ប្អូនៗបណ្តាញយុវវ័យដើម្បីសុខភាពខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកសម្រេចបាននូវផែនការយុទ្ធសាស្រ្តថ្មីរបស់យើងក្នុងឆ្នាំ២០២៣-២០២៨។

អ្នកស្រីវេជ្ជបណ្ឌិត អ៊ុកវង្ស វឌ្ឍនី ជាប្រធានក្រុមប្រឹក្សាជាតិនៅក្នុងអណតិ្តនេះបានមានប្រសាសន៍ថា៖ «នាងខ្ញុំសូមថ្លែងអំណរគុណដល់សមាជិកសមាជិកានៃក្រុមបឹ្រក្សាជាតិ និងក្រុមយុវវ័យដែលបានស្ម័គ្រចិត្តទាំងអស់ដែលបានជ្រើសរើសរូបនាងខ្ញុំជាប្រធានក្រុមបឹ្រក្សាជាតិរបស់អង្គការរ៉ាក់ និងការចូលរួមជាផ្នែកមួយយ៉ាងសកម្មក្នុងការបំពេញនូវតម្រូវការរបស់ប្រជាជននៅតាមសហគមន៍ពីសុខភាពផ្លូវភេទ​ សុខភាពបន្តពូជ និងសិទ្ធិ តាមរយៈសហគមន៍ យុវវ័យក្នុង និងក្រៅសាលា ជាពិសេសអ្នកមាននិន្នាការខុសគ្នា និងរោងចក្រនានា»។

លោក ធុល ខេមរា តំណាងយុវវ័យរបស់អង្គការរ៉ាក់បានរៀបរាប់ថា៖ «ខ្ញុំបាទពិតមានកិត្ដិយស និងសេចក្ដីសោមនស្សជាពន់ពេក ដែលបានចូលរួមនៅក្នុងសន្និបាតប្រតិភូប្រចាំ៣ឆ្នាំរបស់អង្គការរ៉ាក់ដែលបាន និងកំពុងប្រារព្ធធ្វើឡើងនាពេលនេះ។ នៅក្នុងរយៈពេល៣ឆ្នាំកន្លងទៅក្រុមយុវវ័យស្ម័គ្រចិត្តយើងខ្ញុំតែងតែត្រូវបានផ្តល់ឱកាស ក្នុងការចូលរួមជាផ្នែកមួយក្នុងការលើកកម្ពស់ចំណេះដឹងអប់រំ ទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅដល់យុវវ័យ ដោយរាប់បញ្ចូលទាំងក្រុមអ្នកមាននិន្នាការចម្រុះទាំងក្នុង និងក្រៅសាលារៀន ដែលនេះជាការសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិ ក៏ដូចជាក្រុមការងារបុគ្គលិកប្រតិបត្តិនៃអង្គការរ៉ាក់ មកកាន់ក្រុមយុវវ័យស្ម័គ្រចិត្តផងដែរ»។

លោកបានបន្ថែមថា លោកនិងបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព របស់អង្គការរ៉ាក់ទាំងអស់សន្យា និងប្តេជ្ញាចិត្តថា នឹងនៅតែបន្តការចូលរួមក្នុងការលើកកម្ពស់ការងារផ្តោតលើសុខភាពផ្លូវភេទ​ សុខភាពបន្តពូជ និងសិទិ្ធទាំងនៅក្នុងប្រទេស ក៏ដូចជានៅក្នុងថ្នាក់តំបន់ ជាពិសេសខិតខំពង្រឹងនូវសមត្ថភាព​ ក៏ដូចជាចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ទាក់​ទង​ទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដើម្បីធានាបានថាសម្លេងរបស់យុវវ័យ​ និងការចូលរួមប្រកបដោយអត្ថន័យរបស់ពួកយើងត្រូវបានទទួលស្គាល់ ក្នុងការងារ​ផ្សព្វផ្សាយ និងតស៊ូមតិ សម្រាប់ការងារមួយនេះ។

គួរបញ្ជាក់ដែរថា៖ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា «រ៉ាក់» គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលបានធ្វើការ​យ៉ាងសកម្មក្នុងការនាំយក​សេវាសុខភាពផ្លូវភេទ និងបន្តពូជ ដែលមាន​​គុណភាព​ជូន​ដល់​ប្រជាជនគ្រប់រូបតាំងពីឆ្នាំ១៩៩៦​ រហូតមកដល់បច្ចុប្បន្ន។​ អង្គការរ៉ាក់ ​មានការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការផ្តល់ឱ្យប្រជាជនគ្រប់រូបនៅកម្ពុជាមានសិទ្ធិពេញលេញទាក់ទងនឹងរឿងផ្លូវភេទ និងទទួលបានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ អង្គការរ៉ាក់ បាននឹងកំពុងបំពេញបេសកកម្មក្នុងការដោះស្រាយឧបសគ្គសង្គម និងយេនឌ័រ កែលម្អគុណភាពសេវាសុខភាព ផ្តល់ភាពអង់អាចដល់មនុស្សគ្រប់រូប រួមមានយុវវ័យ ក្រុមអ្នកមាននិន្នាការភេទចម្រុះ ស្ត្រីដែលរស់នៅជនបទ ជនមានពិការភាព ក្នុងការសម្រេចចិត្តទាក់ទងនឹងរឿងផ្លូវភេទរបស់ខ្លួន និងអាចទទួលបានសេវាកម្ម និងព័ត៌មានសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ប្រកប​ដោយគុណភាព៕

អត្ថបទដោយ: RHAC

មតិយោបល់