រំលងម៉ឺនុយទំព័រ

រឿងរ៉ាវពិតរបស់ស្រីចិន៖ រាងកាយ និងការទុកចិត្តដែលត្រូវមនុស្សជិតដិតបំផុតបំផ្លាញពីម្នាក់ទៅម្នាក់

រឿងរ៉ាវពិតរបស់ស្រីចិន៖ រាងកាយ និងការទុកចិត្តដែលត្រូវមនុស្សជិតដិតបំផុតបំផ្លាញពីម្នាក់ទៅម្នាក់

ព័ត៌មាន
188
រឿងរ៉ាវពិតរបស់ស្រីចិន៖ រាងកាយ និងការទុកចិត្តដែលត្រូវមនុស្សជិតដិតបំផុតបំផ្លាញពីម្នាក់ទៅម្នាក់ ក្តីស្រឡាញ់ និង ការទុកចិត្តដែលយើងទទួលបាន ភាគច្រើនកើតចេញពីមនុស្សនៅជុំវិញខ្លួន ដែលមានគ្រួសារ សាច់ញាតិ មិត្តភក្តិ អ្នកភូមិផងរបងជាមួយជាដើម។ ដោយឡែក ខុសពីមនុស្សភាគច្រើនដែលទទួលបានភ័ព្ទវាសនាទាំងនោះ ស្រីចិន ត្រូវបានមនុស្សដែលនាងគិតថា ពួកគេនឹងធ្វើអោយនាងមានអារម្មណ៍កក់ក្តៅ នឹងសុវត្តិភាពបំផុតនោះ បែរជាប្រព្រឹត្តអំពើដែលបំផ្លាញជីវិតនាងទៅវិញ។ ផ្ទុយស្រលះពីក្មេងស្រីអាយុ ១០ ឆ្នាំដទៃដែលទទួលបានការស្រលាញ់ថ្នាក់ថ្នម ទំនុកបំរុងអោយរៀនសូត្រ ស្រីចិនត្រូវបានគេបំពានរាងកាយ ផ្លូវភេទ និងផ្លូវចិត្តរាប់តាំងពីអ្នកជិតខាង ជីតា ម្តាយបង្កើត រហូតដល់ប្តី ដែលសុទ្ធតែជាមនុស្សជិតដិតនៅក្បែរខ្លួននាងបំផុត។ ស្រីចិន រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គាត់មានបងប្អូន៤នាក់។ ដោយសារជីវភាពខ្វះខាត ម្ដាយនាងបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដូចនេះគាត់ត្រូវរស់​នៅ​​​​ជាមួយម្ដាយមីង និងជីតារបស់នាង។ នាងត្រូវបានអ្នកជិតខាង ចាប់រំលោភ តាំងពីនាងអាយុ១០ឆ្នាំ ចំណែកជនល្មើសនោះគឺមិនបានទទួលទោសទៅតាមផ្លូវច្បាប់ទេ។ ដោយសារគ្រួសារស្រីចិនមានជីភាពក្រីក្រ និងរងការគំរាមគំហែងពីគ្រួសារជនល្មើសផង ម្ដាយនាងក៏សម្រចចិត្តមិនប្ដឹងផ្ដល់អ្វីទាំងអស់។ ស្រីចិនបានត្រឹមតែឈឺចាប់និង ភ័យខ្លាចនៅពេលដែលឃើញបុរសនោះម្ដងៗ។ ថ្ងៃមួយជីតារបស់នាង ក៏មានបំណងចង់បំពានលើនាងដែរ គាត់បានទៅចាប់អោបនាង ដោយសារតែភ័យខ្លាចនាងក៏បានរុញជីតារបស់នាងដួល។ មិនត្រឹមតែ មិនទទួលបានការអើពើ ពីគ្រួសារទេ នាងថែមទាំងត្រូវបានម្ដាយមីងជេរ និងស្ដីបន្ទោសជា ខ្លាំង។ ដោយខ្លាចម្ដាយមីងរបស់ខ្លួនផង ខ្លាចជីតាផង នាងក៏បានរត់ចេញពីផ្ទះ ។ នាងបានទៅរស់នៅជាមួយនឹងអ៊ុំស្រីម្នាក់ ដែលជាស្រ្ដីមេម៉ាយ មានមុខរបរជាអ្នកបោកអ៊ុត និងមានកូនប្រុស២នាក់។ អ៊ុំស្រី គាត់ជាមនុស្សចិត្តល្អ ស្រីចិនរស់នៅទីនោះយ៉ាងមានសេចក្ដីសុខ។ តែដោយសារការលួងលោមពីម្ដាយបង្កើតរបស់នាង នាងក៏សម្រេចចិត្តចេញពីផ្ទះអ៊ុំស្រីនោះ ទៅរស់នៅជាមួយម្ដាយរបស់នាង។ តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ម្ដាយរបស់នាងបានយកនាងទៅលក់នៅកន្លែងរកស៊ីផ្លូវភេទមួយ កន្លែង។ នាងត្រូវបានម្ចាស់កន្លែងបង្ខំនាងឱ្យរួមភេទជាមួយនឹងភ្ញៀវរៀងរាល់ថ្ងៃ។ ថ្ងៃមួយនាងបានជួបជាមួយនឹងបុរសម្នាក់ បុរសនោះក៏បាននាំនាងចេញពីកន្លែងរកស៊ីផ្លូវភេទនោះមកធ្វើជាប្រពន្ធ ដោយត្រូវបង់ប្រាក់មួយចំនួន។ ស្រីចិនបានមករស់នៅជាប្ដី ប្រពន្ធ ដោយមិនបានសែនព្រេន ឬ រៀបការឡើយ។ ​ ពួកគាត់រស់នៅជាមួយគ្នាបាន២ទៅ៣ឆ្នាំ នាងក៏មានផ្ទៃពោះកូនដំបូង។ ក្នុងអំឡុងពេលនាងមានផ្ទៃពោះប្ដីរបស់នាងមានការផ្លាស់ប្ដូរមិនសូវយកចិត្តទុកដាក់ពីនាង និងធ្លាប់បានប្រើអំពើហិង្សាមកលើនាងជារឿយៗ ជាពិសេសប្ដីនាងបានមានទំនាក់ទំនងស្នេហាជាមួយស្រីដទៃ ដែលធ្វើឱ្យនាងមានការឈឺចាប់ជាខ្លាំង។​ បន្ទាប់ពីនាងសម្រាលកូនមិនទាន់បានប៉ុន្មានខែផង នាងក៏មានផ្ទៃពោះជាថ្មី ដោយសារជីវភាពគ្រួសារ និង ប្ដីដែលតែងតែប្រើអំពើហិង្សាផងនោះ​ នាងក៏សម្រេចចិត្តទៅទិញឱសថរំលូតមកប្រើដោយខ្លួនឯង។ ដោយសារអាយុផ្ទៃពោះរបស់នាងតិចជាង ៩សប្ដាហ៍ ការរំលូតរបស់នាងគឺទទួលបានជោគជ័យ។ ដោយសារកង្វះការយល់ដឹង រៀនសូត្រមិនបានជ្រៅជ្រះ  ស្រីចិនមិនបានយល់ដឹងពីមធ្យោបាយពន្យារកំណើតទេ នាងក៏មានផ្ទៃពោះម្ដងទៀតដោយមិនដឹងខ្លួន។ ពីមួយថ្ងៃទៅមួយថ្ងៃ ទារកក្នុងផ្ទៃកា​ន់តែធំឡើងៗ និងមានការរើបំរះ ពេលនោះទើបនាងបានដឹងថាខ្លួនកំពុងមានផ្ទៃពោះ។ នាងបានសម្រេចចិត្តទៅទិញថ្នាំរំលូតមកប្រើម្ដងទៀត ដោយនិយាយកុហកគ្រូពេទ្យពីអាយុគភ៌ពិតប្រាកដ ទើបខាងគ្រូពេទ្យបានលក់ថ្នាំទៅឱ្យនាង។  ដោយសារការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវពេលទៀបភ្លឺនាងចាប់ផ្ដើមមានការឈឺពោះជាខ្លាំង ប្ដីនាងក៏បាននាំនាងទៅពិនិត្យនៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ តែដោយអាយុផ្ទៃពោះច្រើនខែគ្រូពេទ្យមិនមានលទ្ធភាពក្នុងការសង្រ្គោះ គ្រូពេទ្យក៏បានបញ្ជូននាងតាមឡានពេទ្យទៅមន្ទីរពេទ្យខេត្តបាត់ដំបង។ នាងបានទទួលការជួយសង្រ្គោះពីគ្រូពេទ្យភ្លាមៗ និងរួចផុតពីគ្រោះថ្នាក់។ ក្រោយមកគ្រូពេទ្យបានប្រឹក្សា និងផ្ដល់មធ្យោបាយពន្យារកំណើតដោយការដាក់កងក្រោមស្បែកជូនដល់នាង​។ កំឡុងពេលស្នាក់នៅមន្ទីពេទ្យ គ្មាននរណាមកសួរសុខទុក្ខនាងឡើយ នាងបានត្រឹមតែទទួលពាក្យស្ដីបន្ទោសពីប្ដី និងម្ដាយក្មេក។ ក្រោយត្រឡប់មកផ្ទះវិញមិនទាន់បានប៉ុន្មានថ្ងៃផង ប្ដីរបស់នាងបានប្រើអំពើហិង្សាមកលើនាងសារជាថ្មី។ ក្រោយទទួលបានដំណឹងនេះ​បុគ្គលិករ៉ាក់ គកនក មេភូមិ និងប៉ូលីសបានចុះអន្តរាគមន៍ ហើយបានធ្វើការអប់រំទៅដល់ប្ដីរបស់នាង។ បន្ទាប់ពីបានទទួលការអប់រំមកប្ដីរបស់នាងបានសន្យាថានឹងឈប់ប្រើអំពើហិង្សាទៀត។ ក្រោយមកនាងមានការសប្បាយចិត្ត ដែលប្ដីរបស់នាងមានការកែប្រែបាន។ ស្រីចិននៅតែបានទទួលការគាំទ្រពី បុគ្គលិករ៉ាក់ គកនក មេភូមិ និង ប៉ូលីស ប្រសិនបើនាងជួបករណីនេះទៀត។  
អត្ថបទដោយ: RHAC

មតិយោបល់