រំលងម៉ឺនុយទំព័រ

ចំណេះដឹងសុខភាពទាក់ទងនឹងបញ្ហាគភ៌គំរាមរលូត

ចំណេះដឹងសុខភាពទាក់ទងនឹងបញ្ហាគភ៌គំរាមរលូត

ព័ត៌មានសុខភាពយុវវ័យ
3894

យើង​សង្កេត​ឃើញថា រហូតមកដល់ពេលបច្ចុប្បន្ននេះ បញ្ហាគភ៌គំរាមរលូតនៅតែចោទជាបញ្ហាចំបង ​​
ចំ​ពោះ​​ស្រ្តីដែលមានផ្ទៃពោះ ព្រោះវាក៏អាចគ្រោះថ្នាក់ទៅដល់អាយុជីវិតស្រ្តីជាម្តាយផងដែរ ប្រ​សិន​បើគាត់​ខ្វះចន្លោះក្នុងការព្យាបាល និងការតាមដានពិនិត្យផ្ទៃពោះឱ្យបានដិតដល់។ នៅលើសកលលោក ការ​គំរាមរលូត កើតមានប្រហែល ២០ ទៅ៣០ភាគរយនៅក្នុងអំឡុងពេល២០សប្តាហ៍នៃអាយុគភ៌។ ប៉ុន្តែប្រហែល ៥០ភាគរយនៃការគំរាមរលូតទាំងនេះ ស្រ្តីអាចបន្តការពពោះរហូតដល់គ្រប់ខែ ដោយមាន ឬ​ មិនមានការ ព្យាបាល ប្រសិនបើគ្មានសញ្ញាអ្វីប្លែក។

តើយើងអាចដឹងអាការៈនៃការគំរាមរលូតយ៉ាងដូចម្តេច?

ការគំរាមរលូត គឺជាការធ្លាក់ឈាមតាមទ្វារមាសដែលអាចកើតមាននៅអំឡុងពេលចាប់ផ្តើមមានគភ៌រហូតដល់សប្តាហ៍ទី ២០នៃគភ៌ក្នុងផ្ទៃ។ ការធ្លាក់ឈាមនេះអាចរួមផ្សំជាមួយនឹងការឈឺចុកចាប់ក្នុងពោះ ដែលជាសញ្ញាបញ្ជាក់ពីការគំរាមរលូត ឬអាចឈានទៅរកការរលូតផងដែរ។

តើការគំរាមរលូតបណ្តាលមកពីមូលហេតុអ្វី ហើយវាអាចនាំឱ្យមានកត្តាប្រឈមអ្វីខ្លះ?​

មូលហេតុក៏ដូចជាកត្តាប្រឈម សំខាន់ៗដែលអាចបង្កឲ្យមានបញ្ហាគំរាមរលូត រួមមាន៖

  • ការពិសារស្រា ឬ បារី
  • ភាពមិនប្រក្រតីនៃកត្តាហ្សែន ឬក្រូម៉ូសូម
  • ការឆ្លងរោគនូវ ពពួកបាក់តេរី ឬ ពពួកវីរុសក្នុងអំឡុងពេលពពោះ
  • គ្រោះថ្នាក់ ឬ ការប៉ះទង្គិច ចំផ្នែកណាមួយនៃពោះ
  • អាយុម្តាយច្រើនលើសពី ៣៥ឆ្នាំ
  • ការលើសគីឡូច្រើន
  • ការប្រើប្រាស់ថ្នាំ​គ្មាន​វេជ្ជបញ្ជា ឬប៉ះពាល់ដោយសារធាតុគីមីផ្សេងៗ
  • មានជំងឺប្រចាំកាយដូចជា​ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺក្រពេញពកក ។ល។

បញ្ហាដែលបានរៀបរាប់ខាងលើនេះ មិនមានជាកត្តាជំរុញ ចម្បងច្បាស់លាស់ទៅលើការគំរាមរលូតកូនទាំងស្រុងនៅឡើយទេ។​ ហើយ គេក៏សង្កេតឃើញថា ការធ្វើការងារធ្ងន់ និងការកង្វះចំណីអាហារ ក៏ជាកត្តាជំរុញបន្តិចបន្តួចលើការគំរាមរលូតផងដែរ។

៣-រោគសញ្ញា និងរោគវិនិច្ឆ័យ

ជាទូទៅ បញ្ហាគំរាមរលូត អាចលេចឡើងនូវរោគសញ្ញាដូចជា

  • ការធ្លាក់ឈាមតាមទ្វារមាសតិចតួច
  • ការចុកពោះតិចៗ ឬ ការឈឺចាប់ពោះដែលមានសភាពរាងធ្ងន់ចុះក្រោម
  • ការឈឺចង្កេះផ្នែកខាងក្រោម
  • ការថយចុះ នូវសញ្ញានៃការមានកូន (​បាត់ចង្អោរ)

ដូចគ្នានេះផងដែរ  បញ្ហាគំរាមរលូត គេអាចធ្វើរោគវិនិច្ឆ័យ តាមរយៈការពិនិត្យអាងត្រគាក
អេកូសាស្រ្ត និង ការពិនិត្យឈាមជាដើម។ល។

៤-ផលវិបាក

 ផលវិបាកដែលអាចនឹងកើតមានចំពោះស្ត្រី បន្ទាប់ពីមានបញ្ហាគំរាមរលូតមានដូចជា៖

  • ការរបើកសុក
  • ការធ្លាក់ឈាមក្រោយសម្រាល
  • ការសល់កម្ទេចសុក
  • ស្បូនខ្សោយអាចឈានទៅរកការកាត់ស្បូនចោល
  • វិបត្តិអត់កូនទៅថ្ងៃក្រោយដោយសារការរំលូត
  • ទារកកើតមិនគ្រប់ខែ។

៥-វិធីសាស្រ្តថែទាំ និង ការពារ

ចំពោះវិធីសាស្រ្តក្នុងការពារការគំរាមរលូតគឺមិនមានវិធីសាស្រ្តការពារជាក់លាក់នៅឡើយទេ ប៉ុន្តែយើងអាចថែរក្សាគភ៌ តាមរយៈ៖

  • កាត់បន្ថយ​ធ្វើ​ការ​ធ្ងន់ ឬ​ឈោង​ខ្ពស់​ផុត​ដៃ
  • កាត់បន្ថយការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ
  • ​​បរិភោគអាហារដែលឆ្អិនល្អ និង ជៀសវាង ចំណីអាហារ​ផ្អាប់ ហឹរ
  • សម្រាកអោយបានគ្រប់គ្រាន់
  • ចៀសវាងការលេបថ្នាំដោយគ្មានវេជ្ជបញ្ជា
  • តម​រួម​ភេទជាពិសេសក្នុងកំឡុងត្រីមាសទីមួយ។

ដូចនេះ ស្ត្រីមានផ្ទៃពោះទាំងអស់គប្បីយកចិត្តទុកដាក់ ពិនិត្យតាមដានថែទាំផ្ទៃពោះឱ្យបានទៀងទាត់ ហើយ ប្រសិនបើមានរោគសញ្ញាណាមួយខាងលើ  សូមប្រញាប់រួសរាន់ទៅ ពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យ ដើម្បីកំណត់បាននូវរោគវិនិច្ឆ័យ និងធ្វើការព្យាបាលបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

រៀបចំដោយ​វេជ្ជ. ភោគ មុនីរង្សី គ្រូពេទ្យទទួលបន្ទុកគ្លីនិក រ៉ាក់ សៀមរាប ឆ្នាំ២០២៣

អត្ថបទដោយ: RHAC

មតិយោបល់