រំលងម៉ឺនុយទំព័រ

ជំងឺចង្កោមគីសក្នុងកន្សោមពង ជាមូលហេតុដែលបណ្តាលឱ្យស្ត្រីមិនអាច ឬពិបាកនឹងមានកូន

ជំងឺចង្កោមគីសក្នុងកន្សោមពង ជាមូលហេតុដែលបណ្តាលឱ្យស្ត្រីមិនអាច ឬពិបាកនឹងមានកូន

ព័ត៌មានសុខភាពយុវវ័យ
1519

មានមូលហេតុជាច្រើនដែលបណ្តាលឱ្យស្ត្រីមិនអាច ឬពិបាកនឹងមានកូន ឬមានផ្ទៃពោះ។ ការលើទម្ងន់ វិបត្តិអ័រម៉ូន រដូវមិនទៀង ផលវិបាកនៃជំងឺកាមរោគ កត្តាស្បូន ឬស្ថានភាពនៃការរស់ដែលមានឥទ្ធិពលអវិជ្ជមានដល់ការវិវត្តន៍មេជីវិត ជំងឺចង្កោមគីសក្នុងកន្សោមពង ជាដើម។

ក្នុងចំណោមមូលហេតុទាំងអស់នេះ ជំងឺចង្កោមគីសក្នុងកន្សោមពង (PCOS) ត្រូវបានចាត់ទុកថាជាបញ្ហាសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរមួយ និងជាបញ្ហាអ័រម៉ូនទូទៅបំផុតមួយដែលប៉ះពាល់ដល់ស្ត្រីក្នុងវ័យបន្តពូជ។ ជំងឺនេះប៉ះពាល់ដល់ស្ត្រីដែលមានអាយុបន្តពូជ ប្រមាណពី ៨% ទៅ ១៣% ហើយមានរហូតដល់ទៅ៧០% ករណី ដែលមិនត្រូវបានធ្វើរោគវិនិច្ឆ័យ។ ជាធម្មតាជំងឺនេះចាប់ផ្តើមកើតក្នុងវ័យជំទង់ ប៉ុន្តែរោគសញ្ញាអាចប្រែប្រួលតាមពេលវេលា។

តើជំងឺចង្កោមគីសក្នុងកន្សោមពងបណ្តាលមកពីអ្វី?

គេមិនទាន់អាចកំណត់មូលហេតុដែលនាំឱ្យកើតមានជំងឺចង្កោមគីសក្នុងកន្សោមពងបាននៅឡើយទេ ប៉ុន្តែស្ត្រីដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ ឬជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះ។

ជំងឺចង្កោមគីសក្នុងកន្សោមពង អាចបណ្តាលឱ្យមានអតុល្យភាពអ័រម៉ូន មករដូវមិនទៀងទាត់ កម្រិត អ័រម៉ូនអង់ដ្រូសែន (ប្រភេទអ័រម៉ូនប្រុស) ឡើងលើស និងកើតដុំគីសនៅក្នុងកន្សោមពង។ ការមករដូវមិនទៀងទាត់ ជាទូទៅដែលរួមជាមួយនឹងការខ្វះមេជីវិតញី អាចធ្វើឱ្យពិបាកក្នុងការមានផ្ទៃពោះ។ ហើយជំងឺចង្កោមគីសក្នុងកន្សោមពង គឺជាមូលហេតុចម្បងនៃភាពគ្មានកូន។

ជំងឺចង្កោមគីសក្នុងកន្សោមពង គឺជាជំងឺរ៉ាំរ៉ៃ ហើយមិនអាចព្យាបាលបាន។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាមួយចំនួនអាចត្រូវបានកែលម្អតាមរយៈការផ្លាស់ប្តូររបៀបរស់នៅ ការប្រើថ្នាំ និងការព្យាបាលការមានកូន។

រោគសញ្ញា

រោគសញ្ញានៃជំងឺចង្កោមគីសក្នុងកន្សោមពង អាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយវាក៏អាចប្រែប្រួលតាមពេលវេលា។ ជារឿយៗវាកើតឡើងដោយគ្មានសញ្ញាច្បាស់លាស់។

ប៉ុន្តែស្ត្រីអាចកត់សម្គាល់រោគសញ្ញាមួយចំនួនដែលអាចកើតរួមមាន៖

  • ការមករដូវ ច្រើន ឬ យូរថ្ងៃ ឬច្រើនដងក្នុង១ខែ ឬការមករដូចមិនអាចទាយទុកជាមុនបាន ឬអវត្តមាននៃការមករដូវ

  • គ្មានផ្ទៃពោះ

  • មានកើតមុន ឬស្បែកឡើងខ្លាញ់

  • មានរោមលើសច្រើននៅលើមុខ ឬលើរាងកាយ

  • មានការទំពែកតាមលំនាំបុរស ឬសក់ស្តើង

  • មានការឡើងទម្ងន់ ជាពិសេសជុំវិញក្បាលពោះ

អ្នកដែលមានជំងឺចង្កោមគីសក្នុងកន្សោមពង អាចកើតមានស្ថានភាពសុខភាពផ្សេងទៀតរួមមាន:

  • ជំងឺទឹកនោមផ្អែមប្រភេទទី២

  • ជំងឺលើសឈាម

  • កូឡេស្តេរ៉ុលខ្ពស់

  • ជំងឺបេះដូង

  • មហារីកស្បូន (មហារីកស្រទាប់ខាងក្នុងនៃស្បូន)

ជំងឺចង្កោមគីសក្នុងកន្សោមពង ក៏អាចបណ្តាលឱ្យមានការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងរូបភាពរាងកាយអវិជ្ជមានផងដែរ។ រោគសញ្ញាមួយចំនួនដូចជា ភាពគ្មានកូន ភាពធាត់ និងការលូតលាស់សក់ដែលមិនចង់បាន អាចនាំឱ្យមានការមាក់ងាយក្នុងសង្គម។ នេះអាចប៉ះពាល់ដល់ផ្នែកជីវិតផ្សេងទៀតដូចជាគ្រួសារ ទំនាក់ទំនង ការងារ និងការចូលរួមនៅក្នុងសហគមន៍។

រោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យថាស្ត្រីអាចមានជំងឺចង្កោមគីសក្នុងកន្សោមពងនេះ គឺវិនិច្ឆ័យតាមរយៈវត្តមានយ៉ាងហោចណាស់ពីរក្នុងចំណោមកត្តាខាងក្រោម៖

  1. សញ្ញា ឬរោគសញ្ញានៃអ័រម៉ូនអង់ដ្រូសែនខ្ពស់ (ការដុះរោមលើមុខឬ រាងកាយច្រើន ឬ ការបាត់បង់សក់ពីក្បាល កើតមុន ឬកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនកើនឡើង)

  2. ការមករដូវមិនទៀងទាត់ ឬអវត្តមាននៃរដូវ

  3. ការពិនិត្យដោយអេកូសាស្ត្រ (Ultrasound) ឃើញមានចង្កោមគីស នៅក្នុងកន្សោមពង

ការធ្វើតេស្តឈាមអាចជួយកំណត់អត្តសញ្ញាណនៃការផ្លាស់ប្តូរលក្ខណៈនៃកម្រិតអ័រម៉ូនផងដែរ បើទោះបីជាការផ្លាស់ប្តូរទាំងនេះមិនមែនជាទូទៅក៏ដោយ។ ស្ត្រីដែលមានរោគសញ្ញាជំងឺនេះ អាចមានកម្រិតខ្ពស់នៃ:

  • អ័រម៉ូនតេស្តូស្តេរ៉ូន (ជាអ័រម៉ូន ដែលមានឥទ្ធិពលលើការលូតលាស់សក់ឬរោម)

  • អ័រម៉ូនអ៊ឹស្ត្រូសែន (អ័រម៉ូនដែលជំរុញការលូតលាស់នៃស្រទាប់ស្បូន (endometrium)

  • អ័រម៉ូន Luteinising (ដែលជាអ័រម៉ូនមានឥទ្ធិពលលើការផលិតអ័រម៉ូនដោយកន្សោមពងនិងមានសារៈសំខាន់សម្រាប់ការបញ្ចេញមេជីវិតញីធម្មតា)

  • អាំងស៊ុយលីន (អ័រម៉ូនដែលចូលរួមជាចម្បងក្នុងការប្រើប្រាស់ថាមពលពីអាហារ) និង

  • អ័រម៉ូនប្រឆាំងនឹង Müllerian (ដែលវាស់កម្រិតនៃការមានកូនរបស់កន្សោមពង)។

នៅពេលធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតក៏វិភាគលើវដ្តរដូវមិនទៀងទាត់ និងការបញ្ចេញពងមេជីវិតញី ដែលអាចជាផ្នែកធម្មតានៃភាពពេញវ័យ ឬអស់រដូវ ប្រវត្តិនៃការមានចង្កោមគីសក្នុងកន្សោមពងក្នុងគ្រួសារជាដើម។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ មានហានិភ័យខ្ពស់។ ទោះជាយ៉ាងណា រូបភាពអេកូសាស្ត្រ គឺមិនសុទ្ធតែបង្ហាញរូបភាពច្បាស់លាស់នោះទេ ហើយស្ត្រីខ្លះដែលបានពីនិត្យដោយអេកូ ក៏មិនអាចឃើញរូបភាពនៃចង្កោម គីស នេះដែរ បើទោះជាគាត់មានជំងឺនេះក៏ដោយ។

ការព្យាបាល

មិនមានការព្យាបាលឱ្យជាដាច់សម្រាប់ជំងឺនេះទេ ប៉ុន្តែការទទួលការព្យាបាលអាចធ្វើឱ្យស្ថានភាពសុខភាពប្រសើរឡើង។ សម្រាប់អ្នកដែលមករដូវមិនទៀងទាត់ បញ្ហាក្នុងការមានផ្ទៃពោះ ឬកើតមុន និងសក់ដុះច្រើន គួរទៅកាន់មន្ទីរពេទ្យ ឬគ្លីនិកជំនាញ ដើម្បីប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ។

រោគសញ្ញាមួយចំនួននៃជំងឺចង្កោមគីសក្នុងកន្សោមពង ក៏អាចត្រូវបានកាត់បន្ថយបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅ ដូចជាការទទួលទានរបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់ដែលអាចជួយកាត់បន្ថយទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ។

ថ្នាំពន្យារកំណើត (ថ្នាំគ្រាប់ពន្យារកំណើត) អាចជួយគ្រប់គ្រងវដ្តរដូវ និងកាត់បន្ថយរោគសញ្ញា។ ថ្នាំផ្សេងទៀតអាចកាត់បន្ថយការកើតមុន ឬការលូតលាស់សក់ដែលមិនចង់បានដែលបណ្តាលមកពី ជំងឺនេះផងដែរ។ ប៉ុន្តែស្ត្រីគួរប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជាមុនសិន មុននឹងសម្រេចចិត្តប្រើថ្នាំផេ្សងៗ។

ការព្យាបាលភាពគ្មានកូនដោយសារតែជំងឺចង្កោមគីសក្នុងកន្សោមពងនេះ អាចរាប់បញ្ចូលទាំងការផ្លាស់ប្តូររបៀបរស់នៅ ការប្រើប្រាស់ឱសថ ឬការវះកាត់ដើម្បីជំរុញការបញ្ចេញពងមេជីវិតញីទៀងទាត់។ ស្ត្រីក៏អាចសាកល្បងការបង្កកំណើតបែបវិទ្យាសាស្ត្រ IVF (បង្កកំណើតក្នុងមន្ទីរពិសោធន៍) ផងដែរ ប៉ុន្តែវាមានហានិភ័យមួយ ចំនួន។

យោង៖អត្ថបទសុខភាពរបស់អង្គការសុខភាពពិភពលោក ឆ្នាំ២០២៣

អត្ថបទដោយ: RHAC

មតិយោបល់