
តើឈាមនៅក្នុងទឹកកាមគឺជាអ្វី?
នៅពេលដែលអ្នកឃើញឈាមក្នុងទឹកកាមរបស់ខ្លួន អ្នកអាចមានការភ្ញាក់ផ្អើល។ វាជារឿងកម្រ ប៉ុន្តែវាក៏មិនបង្ហាញពីបញ្ហាធ្ងន់ធ្ងរអ្វីនោះដែរ ជាពិសេសបុរសដែលមានអាយុក្រោមវ័យ ៤០ ឆ្នាំ។ ឈាមក្នុងទឹកកាម (hematospermia) ជាទូទៅ មិនកើតមានរយៈពេលយូរនោះទេ ព្រោះជាធម្មតាវានឹងបាត់ទៅវិញដោយឯកឯង។
មូលហេតុដែលអាចកើតមាននៃឈាមនៅក្នុងទឹកកាម
ទឹកកាមឆ្លងកាត់តាមបំពង់បន្តបន្ទាប់ទៅកាន់បង្ហួរនោមសម្រាប់ការបញ្ចេញទឹកកាម។ វាអាចមានកត្តាមួយចំនួន ដែលបណ្តាលឱ្យសរសៃឈាមនៅតាមផ្លូវនេះបែក និងលេចចេញឈាមចូលទៅក្នុងទឹកកាម។
នៅក្នុងករណីជាច្រើន មូលហេតុពិតប្រាកដនៃឈាមក្នុងទឹកកាមមិនត្រូវបានកំណត់បាននោះទេ។ តែទោះជាយ៉ាងណា នៅពេលដែលមានករណីនេះកើតឡើង គ្រូពេទ្យអាចនឹងធ្វើការពិនិត្យស្វែងរកមូលហេតុមួយចំនួនដែលអាចកើតមាន ដូចជា៖
ការរលាក៖ ការរលាកនៃ ថង់ទឺកកាម គឺជាមូលហេតុទូទៅនៃបញ្ហាឈាមក្នុងទឹកកាម។ ការរលាកនៃក្រពេញ បំពង់បង្ហួរនោម ឬសរីរាង្គណាមួយដែលពាក់ព័ន្ធនឹងប្រដាប់បន្តពូជបុរសអាចបណ្តាលឱ្យមានឈាមនៅក្នុងទឹកកាមរបស់អ្នក។ ការរលាកក្រពេញប្រូស្តាត អាចបណ្តាលឱ្យមានការឈឺចាប់ បញ្ហានោម និងអសមត្ថភាពផ្លូវភេទ។
ការរលាកក្រពេញ អេពីឌីឌីម ឬEpididymitis (ឬក្រពេញនៅខាងក្រោយពងស្វាសដែលផ្ទុកមេជីវិតឈ្មោល) ភាគច្រើនបណ្តាលមកពីការឆ្លងចូលនូវមេរោគ ឬបាក់តេរី រួមទាំងការឆ្លងមេរោគតាមផ្លូវបន្តពូជ (STIs) ដូចជាជំងឺពងទឹក ជំងឺប្រមេះទឹកបាយ ឬជំងឺ ប្រមេះទឹកថ្លា។ ប្រសិនបើអ្នកមានការឆ្លងមេរោគតាមផ្លូវបន្តពូជ អ្នកអាចមានរោគសញ្ញា ដូចជា៖ ពងស្វាសក្រហម ឬហើម ឈឺពងស្វាស ការហូរទឹករំអិល និងការនោមឈឺ។
រលាកបង្ហួរនោម ដែលអាចបណ្តាលឱ្យមានការឈឺចាប់ពេលបត់ជើងតូច រមាស់ ឬក្រហាយនៅជិតទរន្ធប្រដាប់ភេទ ឬទឹករំអិលរបស់លិង្គ។ មួយវិញទៀត វាក៏អាចមកពីការរលាកក៏អាចបណ្តាលមកពីមានគ្រួសនៅក្នុងក្រពេញប្រូស្តាត ក្រពេញទឹកកាម ប្លោកនោម ឬបង្ហួរនោម។
ជំងឺឆ្លង៖ ដូចគ្នានឹងការរលាកដែរ ការបង្ករោគនៅក្នុងក្រពេញ បំពង់ ឬសរីរាង្គណាមួយដែលពាក់ព័ន្ធនឹងប្រដាប់បន្តពូជបុរសអាចបណ្តាលឱ្យមានឈាមនៅក្នុងទឹកកាម។ ជំងឺកាមរោគ ដូចជាជំងឺប្រមេះទឹកថ្លា ជំងឺប្រមេះទឹកបាយ ឬជំងឺពងទឹក ក៏អាចបណ្តាលឱ្យមានការរលាក និងមានឈាមនៅក្នុងទឹកកាមផងដែរ។ ការឆ្លងដែលបង្កឡើងដោយមេរោគ បាក់តេរី ឬផ្សិតក៏អាចនាំឱ្យមានស្ថានភាពនេះដែរ។
ការស្ទះ៖ ប្រសិនបើបំពង់ទឹកកាម ត្រូវបានស្ទះ នោះសរសៃឈាមជុំវិញអាចរីកធំ និងបែកបាន។ ប្រសិនបើក្រពេញប្រូស្តាតរបស់អ្នករីកធំ វាអាចដាក់សម្ពាធលើបង្ហួរនោមរបស់អ្នក ដែលអាចបណ្តាលឱ្យមានឈាមក្នុងទឹកកាម។
ដុំសាច់៖ ការដុះដុំសាច់ នៅក្នុងក្រពេញប្រូស្តាត ពងស្វាស អេពីឌីឌីម ឬថង់ទឹកកាម ក៏អាចនាំឱ្យមានឈាមក្នុងទឹកកាមរបស់អ្នកដែរ។
ភាពមិនធម្មតានៃសរសៃឈាម៖ ភាពមិនធម្មតានៃសរសៃឈាមនៅក្នុងប្រដាប់បន្តពូជបុរស ដូចជា គីសសរសៃឈាម អាចធ្វើឱ្យមានឈាមនៅក្នុងទឹកកាមរបស់អ្នកដែរ។
កត្តាផ្សេងៗ៖ លក្ខខណ្ឌដែលប៉ះពាល់ដល់រាងកាយទាំងមូលរបស់អ្នកក៏អាចបណ្តាលឱ្យមានឈាមនៅក្នុងទឹកកាមរបស់អ្នកផងដែរ។ ទាំងនេះរួមមានជំងឺលើសឈាម (សម្ពាធឈាមខ្ពស់) និងជំងឺ hemophilia (ជំងឺដែលនាំឱ្យងាយនិងហូរឈាមច្រើន)។ លទ្ធភាពផ្សេងទៀតរួមមានជំងឺមហារីកឈាម និងជំងឺថ្លើមរ៉ាំរ៉ៃ។
របួស / នីតិវិធីវេជ្ជសាស្រ្ត៖របួសរាងកាយ ដូចជា ប៉ះត្រូវពងស្វាសពេលលេងកីឡា អាចនាំឱ្យមានឈាមក្នុងទឹកកាម។ របួសអាចបណ្តាលឱ្យសរសៃឈាមលេចធ្លាយ ហើយឈាមអាចនឹងចេញពីខ្លួនអ្នកទៅក្នុងទឹកកាម។ នីតិវិធីវេជ្ជសាស្រ្តដូចជាការពិនិត្យក្រពេញប្រូស្តាត ឬការធ្វើកោសល្យវិច័យ ឬការវះកាត់សរសៃឈាម ក៏អាចបណ្តាលឱ្យមានឈាមនៅក្នុងទឹកកាមរបស់អ្នកផងដែរ។
តើពេលណាត្រូវទៅជួបគ្រូពេទ្យ
អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីស្វែងរកមូលហេតុនៃការមានឈាមក្នុងទឹកកាម ប្រសិនបើអ្នកមានគ្រួសារ ឬប្រវត្តិផ្ទាល់ខ្លួនមានជំងឺមហារីក ឬជំងឺកាមរោគ។ អាយុរបស់អ្នកក៏អាចយោងជាគោលការណ៍ណែនាំផងដែរ។
ប្រសិនបើអ្នកមានអាយុលើសពី 40 ឆ្នាំ
បុរសដែលមានអាយុលើសពី 40 ឆ្នាំមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺដូចជាមហារីកក្រពេញប្រូស្តាត។ ដោយសារតែបញ្ហានេះ អ្នកគួរប្រាប់គ្រូពេទ្យគ្រប់ពេលដែលអ្នកឃើញឈាមក្នុងទឹកកាម។ គ្រូពេទ្យរបស់អ្នកនឹងពិនិត្យរកមូលហេតុនៃឈាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នកមានអាយុក្រោម 40 ឆ្នាំ
ប្រសិនបើអ្នកមានអាយុក្រោម 40 ឆ្នាំ ហើយមិនមានរោគសញ្ញាអ្វីក្រៅពីទឹកកាមចេញឈាម សូមរង់ចាំមើលថាតើឈាមនឹងបាត់ទៅវិញដោយខ្លួនឯងឬទេ។ ប្រសិនបើ អ្នកបន្តឃើញមានការលាយឈាមក្នុងទឹកកាម ឬប្រសិនបើអ្នកចាប់ផ្តើមមានរោគសញ្ញាបន្ថែមដូចជាការឈឺចាប់ ឬក្តៅខ្លួន សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យរបស់អ្នក។ គ្រូពេទ្យអាចធ្វើការពិនិត្យក្រពេញប្រូស្តាត ឬការវិភាគលើទឹកកាម និងទឹកនោមរបស់អ្នក ដើម្បីកំណត់ប្រភពនៃឈាម។
ប្រភព៖ healthline
ព័តមានបន្តែមអំពីការប្រើប្រាស់ ឬការទទួលសេវាមធ្យោបាយពន្យាកំណើត សូមទាក់ទងមកទូរសព័្ទលេខ៖ 010 812 812, 089 333 990 និង 088 7 107 107
មតិយោបល់