រំលងម៉ឺនុយទំព័រ

បទសម្ភាសន៍អំពី «មធ្យោបាយពន្យារកំណើតបន្ទាន់» ជាមួយអ្នកស្រី ខេង សុផាន អ្នកផ្ដល់សេវា នៅគ្លីនិករ៉ាក់ទឹកថ្លា

បទសម្ភាសន៍អំពី «មធ្យោបាយពន្យារកំណើតបន្ទាន់» ជាមួយអ្នកស្រី ខេង សុផាន អ្នកផ្ដល់សេវា នៅគ្លីនិករ៉ាក់ទឹកថ្លា

ព័ត៌មានសុខភាពយុវវ័យ
112
  • តើអ្វីទៅជាមធ្យោបាយពន្យារកំណើតបន្ទាន់អ្នកគ្រូ?
មធ្យោបាយពន្យារកំណើតបន្ទាន់ គឺជាមធ្យោបាយមួយដែលយើងបានផ្តល់ទៅឱ្យស្ត្រីដែលគាត់មិនទាន់ចង់បានកូន នៅពេលដែលគាត់រួមភេទមិនបានការពារ ដើម្បីទប់ស្កាត់នូវការមានផ្ទៃពោះ ដែលមានសកម្មភាពបង្អាក់នូវការខ្ជាក់មេជីវិតញី និងបង្អាក់នូវការបង្ករកំណើតដែរ។
  • តើមធ្យោបាយពន្យារកំណើតបន្ទាន់មានវិធីណាខ្លះដែរអ្នកគ្រូ?
មធ្យោបាយពន្យារកំណើតបន្ទាន់មាន២ប្រភេទ ថ្នាំគ្រាប់និង កងដាក់ស្បូន។​ ថ្នាំគ្រាប់មាន២ប្រភេទទៀត គឺថាពពួកដែលមានជាតិអរម៉ូនមួយមុខ ​ដែលមានប្រសិទ្ធភាព99%។​ថ្នាំគ្រាប់ដែលមានជាតិអរម៉ូន២មុខអាចមានប្រសិទ្ធភាព98% ហើយនឹងកងដាក់ស្បូនដែលគ្មានជាតិអរម៉ូនប្រសិទ្ធភាព99%។
  • តើក្នុងករណីណាខ្លះដែលស្ត្រីអាចប្រើមធ្យោបាយនេះបានអ្នកគ្រូ?
ស្ត្រីដែលអាចប្រើមធ្យោបាយពន្យារកំណើតបន្ទាន់នៅពេលដែលថាស្ត្រីនៅក្នុងវ័យបន្តពូជ ហើយគាត់រូមភេទពុំបានការពារ យើងអាចផ្តល់ជូនគាត់នៅពេលដែលថាគាត់មកចន្លោះពេលបន្ទាប់ពីការរួមភេទពុំបានការពាររហូតដល់៥ថ្ងៃបន្ទាប់ និងរាល់ស្ត្រីដែលថាគាត់មកកាន់តែឆាប់ ប្រសិទ្ធភាព ក៏កាន់តែប្រសើរដែរ​។ ហើយរាល់ស្ត្រីដែលពន្យារកំណើតរាល់ថ្ងៃ គាត់មានការប្រើខុសដូចជាការប្រើស្រោម ឬក៏ប្រើថ្នាំគ្រាប់ ប្រើមិនបានត្រឹមត្រូ​វ ក៏គាត់អាចមកទទួលសេវានេះដែរ។ ក្នុងករណីថាដែលគាត់អញ្ជើញមកគឺថា នៅសេវានេះគឺមិនបាច់សួរប្រវត្តិ ឬក៏មិនបាច់ធ្វើការពិនិត្យសុខភាពទេ។ ហើយរាល់ស្ត្រីដែលគាត់ធ្លាប់ប្រើមធ្យោបាយពន្យារកំណើតជាថ្នាំគ្រាប់ ហើយគាត់មានការប្រើមិនបានដោយសារមានការរំខានខ្លាំង ក៏អាចទទូលនៅសេវានេះបានដែរ។
  • តើមធ្យោបាយពន្យារកំណើតទាំង២នេះ នៅពេលដែលស្ត្រីប្រើ តើគាត់មានផលប៉ះពាល់ឬ ផលរំខានទៅដល់សុខភាពគាត់យ៉ាងណាខ្លះដែរអ្នកគ្រូ?
ចំពោះមធ្យោបាយពន្យារកំណើត​បន្ទាន់នេះគឺថា អត់មានផលប៉ះពាល់ដល់សុខភាពទេ គាត់គ្រាន់តែមានផលរំខានខ្លះៗតិចតួច តែទៅតាមសុខភាពរបស់ស្ត្រីនិមួយៗ។​ ផលរំខាននេះមានដូចជា ការឈឺក្បល ឈឺដោះ ឬក៏ឈឺពោះ ឬមានការក្អួតចង្អោរ វិលមុខ អស់កម្លាំងតិចតួច​ ហើយនឹងការប្រែប្រួលរដូវដូចជាការមករដូវ ធ្លាក់ឈាមរដូវ បន្ទាប់ពីការដែលយើងផ្តល់ជាថ្នាំគ្រាប់ ឬក៏ជាកងដាក់ស្បូន១ថ្ងៃ ២ថ្ងៃ ឬក៏រដូវមកយឺត ឬក៏មានធ្លាក់ឈាមនៅចន្លោះ​រដូវ ឬក៏រដូវមកលើសពីដែលយើងគិតទុក ដូច្នេះក្នុងផល់រំខានដែលកើតមានឡើង វាអាចនឹងបាត់ទៅវិញរាល់ពេលដែលយើងមិនបានធ្វើការព្យាបាលទេ។
  • តើសេវានេះស្ត្រី ឬក៏ក្មេងស្រីអាចស្វែងរកនៅទីណាបានដែរអ្នកគ្រូ?
ចំពោះសេវានេះគឺថាចំពោះស្ត្រីគឺគាត់ចង់រកសេវា ឬក៏ក្មេងស្រីដែលមិនទាន់មានគូរស្រករក៏ប្រើបានដែរ ហើយម្យ៉ាងទៀតគាត់អាចស្វែងរកនៅតាមស្ថាប័នណាដែលថាសុខភាព​ ឬក៏កន្លែងដែលមានសេវាផ្តល់នូវសេវាពន្យារកំណើតបានត្រឹមត្រូវ ហើយនឹងបានច្បាស់លាស់។ ជាពិសេសគឺនៅគ្លីនិក រ៉ាក់ ដែលមានបម្រើនៅសេវាសុខភាពផ្លូវភេទ ដូច្នេះមានសេវាផ្តល់ជូននូវសេវាពន្យារកំណើត​បន្ទាន់នេះដែរ៕
អត្ថបទដោយ: RHAC

មតិយោបល់