
ស្វែងយល់អំពីការរលូត និងការរំលូត
ទិដ្ឋភាពទូទៅ
នៅប្រទេសកម្ពុជា ការមានផ្ទៃពោះដោយមិនបានព្រាងទុក បានកើនឡើងដល់២១% បើធៀបពីឆ្នាំ១៩៩៤ ដល់ឆ្នាំ ២០១៩ ។ ជាមួយគ្នានេះដែរ កំណើននៃការរំលូត ក៏មានការកើនឡើងដល់ទៅ៤០% ក្នុងចំណោមស្រី្តដែលមានគក៌ដោយមិនបានព្រាងទុក ហើយបានសម្រចចិត្តធ្វើការរំលូត។ យោងតាមរបាយការណ៍អង្កេតនៅប្រទេសកម្ពុជាស្រី្តដែលមានអាយុចន្លោះពី១៥ ទៅ ៤៩ឆ្នាំ បានធ្វើការរំលូតយ៉ាងហោចណាស់ម្តងក្នុងមួយជីវីតរបស់ខ្លួន។ ក្នុងចំណោមអ្នកដែលធ្វើការរំលូតមានតែ ៥៨% ទៅ៦៤% ប៉ុណ្ណោះដែលបានទៅធ្វើការរំលូតនៅមន្ទីរពេទ្យ ឫគ្លីនិកដែលមានការទទួលស្គាល់និងមានជំនាញ ។
ដូចម្តេចដែលហៅថាការរលូត និងការរំលូត ?
ជាធម្មតា គក៌ដែលមានអាយុគ្រប់ខែពេញលេញល្អ គឹមានរយៈពេល៩ខែ។ ប៉ុន្តែមានករណីខ្លះ គក៌អាចបញ្ឈប់ការវិវត្តន៍ទៅរកភាពគ្រប់ខែ គឹអាចសម្រាលក្នុងកំឡុងពេលចាប់ពី៧ខែឡើងទៅ ។ ដូច្នេះការរលូត ឫរំលូត គឺជាការបញ្ឈប់ការមានផ្ទៃពោះមុនពេលគក៌មានអាយុ២៨សប្តាហ៍ ឫ៧ខែ។ តែបើយោងតាមច្បាប់ក្នុងប្រទេសកម្ពុជាការរំលូតប្រកបដោយសុវត្ថិភាព គឺ គក៌ដែលមានអាយុត្រឹមក្រោម១២សប្តាហ៍ ។
សញ្ញានៃការរលូត
ស្រ្តីមួយចំនួនអាចមានការជួបប្រទះសញ្ញាដូចខាងក្រោម ៖
ធ្លាក់ឈាមរអាក់រអួល តិចតួច តាមទ្វារមាសលើសពី៨ថ្ងៃ
ធ្លាក់ឈាមច្រើន
ធ្លាក់ស ឫទឹកធុំក្លិនស្អុយ
ឈឺពោះតិចៗ ឫខ្លាំង ឫមិនមានការឈឺពោះសោះ
មានចុករោយចង្កេះ តិចឫខ្លាំង
មានធ្លាក់បំនែកនៃគក៌ដោយឯកឯងតាមទ្វារមាស
** ចំណាំ : ការរលូតអាចកើតឡើង ឯកឯង ឫការប៉ះទង្គិច ឫដោយប្រើវិធីផ្សេងៗ
តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានសុវត្ថិភាពពេលមានសញ្ញារលូត?
ត្រូវសម្រាកនៅលើគ្រែរហូត បើមានសញ្ញាធ្លាក់ឈាម
តមការរួមភេទក្នុងកំឡុងពេលធ្លាក់ឈាម
បើមានធ្លាក់ឈាមតិចៗ ត្រូវទៅមន្ទីរពេទ្យ ដើម្បីពិគ្រោះជាមួយគ្រូពេទ្យដើម្បីការពារការរលូត ។
បើមានធ្លាក់ឈាមច្រើន ហើយមិនអាចការពារការលូតបាន (កូនស្លាប់ក្នុងពោះ) ស្រ្តីត្រូវទៅជួបគ្រូពេទ្យដើម្បីសម្អាតស្បូន ចៀសវាងគ្រោះថ្នាក់ដល់ជីវីត ។
បើសិនជាធ្លាក់ឈាមច្រើន ហើយនៅឆ្ងាយពីមន្ទីរពេទ្យត្រូវគេងក្បាលឱ្យទាប ដាក់ជើងឱ្យខ្ពស់ ហើយយកសំឡីអនាម័យ ឫក្រណាត់ស្អាតគ្មានមេរោគទ្រាប់ រួចបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់
តើស្រ្តីត្រូវការពារការលូតដូចម្តេច ?
នៅពេលដឹងថាមានផ្ទៃពោះភ្លាម បុរសស្រ្តីគប្បី៖
ស្វែងរកសេវាថែទាំផ្ទៃពោះមុនសម្រាលដែលមានគុណភាព
ពិភាក្សាជាមួយគ្រូពេទ្យពីរបៀបថែទាំផ្ទៃពោះ
តាមដានការវិវត្តន៍របស់ផ្ទៃពោះតាមការណាត់ជួបរបស់គ្រូពេទ្យ
ស្វែងយល់បន្ថែមពីរបៀបថែទាំផ្ទៃពោះ
បុរសត្រូវគ្រាំទ្រ និងជួយដល់ស្មារតីភរិយា ដើម្បីឱ្យនាងមានភាពកក់ក្តៅក្នុងការថែទាំទារក
ការរំលូត
តើការរំលូត ធ្វើឱ្យមានបញ្ហាដូចម្តេចខ្លះចំពោះស្រ្តី ?
ការរំលូតដោយខ្លួនឯង ដែលគ្មានការណែនាំ និងមិនច្បាស់អំពីអាយុនៃផ្ទៃពោះ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដូចជា៖
ធ្លាក់ឈាមខ្លាំង
ការរំលូតមិនបានសម្រេច
គ្រោះថ្នាក់ដល់ជីវិត
ការករោគ
ការរំលូតដោយអ្នកគ្មានជំនាញ ៖
ធ្លាក់ឈាមបណ្តាលមកពីសល់បំណែកសុកកូន របួសស្បូន ឫរហែកមាត់ស្បូន
តេតាណូសក្រោយរំលូត
ដំបៅរលួយក្នុងស្បូន
ស្លាប់បាត់បង់ជីវិត
តើត្រូវធ្វើដូចម្តេច ដើម្បីទទួលបាននូវការរំលូតប្រកបដោយសុវត្ថិភាព
ស្ត្រី និងដៃគូត្រូវពិភាក្សា និងសម្រេចចិត្តរួមគ្នាដោយគ្មានការបង្ខិតបង្ខំ
ស្វែងរកសេវាជាមួយបុគ្គលិកសុខាភិបាលដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវពីជំនាញរំលូតសុវត្ថិភាព
ពិភាក្សាពីមធ្យោបាយរំលូតជាមួយបុគ្គលិកសុខាភិបាល
ធ្វើការស្រាវជ្រាវពីហានិភ័យផ្សេងៗដែលអាចកើតមានមុននឹងធ្វើការរំលូត
សម្រេចចិត្តជ្រើសរើសមធ្យោបាយពន្យាកំណើតក្រោយការរំលូតនិងប្រើភ្លាមក្រោយការរំលូត ដើម្បីបង្ការការមានផ្ទៃពោះ ក្រោយការរំលូត
មធ្យោបាយរំលូត
ការរំលូតដោយសុវត្ថិភាពមាន២ប្រភេទ គឺការរំលូតដោយថ្នាំ និងការរំលូតដោយការបូមសម្អាត
ការរំលូតដោយថ្នាំ
ការរំលូតដោយថ្នាំគ្រាប់ មានប្រសិទ្ធភាព៩៣-៩៧% វាបញ្ឈប់ការលូតលាស់នៃគក៌ ធ្វើឱ្យស្រទាប់ស្បូនស្តើងរលួយ និងមាត់ស្បូនទន់ រីឯថ្នាំសុល៤គ្រាប់ធ្វើឱ្យស្បូនកន្រ្តាក់បញ្ចេញគក៌នៅក្នុងស្បូនមកក្រៅ។ ជាទូទៅការរំលូតដោយប្រើថ្នាំ គឺអាចធ្វើចំពោះផ្ទៃពោះអាយុក្រោម៩សប្តាហ៍ប៉ុណ្ណោះ ។ ចំនុចល្អនៃការរំលូតដោយថ្នាំគ្រាប់ គឺស្រ្តីអាចអនុវត្តនៅផ្ទះដោយខ្លួនឯងបាន និងរក្សាការសម្ងាត់។ ប៉ុន្តែក៏មានផលរំខានមួយចំនួនដែលអាចកើតមានដូចជា ចុកពោះ ចង្អោរ ក្អួត រាគ គ្រុនឫញាក់ ។
ការរំលូតដោយការបូមសម្អាត
ការរំលូតដោយការបូមសម្អាត គឺជាការបូមសម្អាតគក៌នៅក្នុងប្រហោងស្បូនតាមរយៈបំពង់ជ័រដែលភ្ជាប់ជាមួយឧបករណ៍ដែលមានប្រភពសុញ្ញកាសនៅខាងក្នុង ហើយវិធីនេះមានប្រសិទ្ធភាព៩៨-១០០% ។ ការបូមសម្អាតធ្វើបានចំពោះគក៌ដែលមានអាយុក្រោម១២សប្តាហ៍ ។ ចំនុចល្អនៃការរំលូតដោយបូមសម្អាត គឺមានការជួយពីក្រុមគ្រូពេទ្យ ធ្លាក់ឈាមតិច និងប្រើប្រាស់ពេលខ្លី ព្រមទាំងដឹងពីលទ្ធផលភា្លមៗ។ ទន្ទឹមនឹងនេះ វាក៏អាចមានផលរំខានមួយចំនួន ដូចជា ស្ងួតមាត់ ហឹងត្រចៀក ងងឹតមុខដោយសារថ្នាំស្ពឹក ជាដើម។
ការថែទាំក្រោយរំលូត
ចំនុចសំខាន់ៗមួយចំនួនស្រ្តីត្រូវយល់ដឹងក្រោយការរំលូត ៖
ស្រី្តគប្បីត្រូវត្រលប់មកវិញតាមការណាត់ជួបរបស់គ្រូពេទ្យ
តមរួមភេទរហូតបាត់ធ្លាក់ឈាម
ការថែទាំខ្លួន ត្រូវអនាម័យទ្វារមាសជាប្រចាំ ឧស្សាហ៍ប្តូរសំឡីសម្អាតទ្វារមាស សម្រាក និងញុំាអាហារឱ្យបានគ្រប់គ្រាន់
ត្រូវប្រើមធ្យោបាយពន្យារកំណើតភ្លាមៗឱ្យបាន៦ខែយ៉ាងតិច
ការចៀងវាងការមានផ្ទៃពោះដែលមិនទាន់ចង់បាន
ស្រ្តីអាចមានផ្ទៃពោះភ្លាមៗ បន្ទាប់ពីការរំលូតទោះបីជាមិនទាន់មានឈាមរដូវក៏ដោយ ដូច្នេះស្ត្រីគួរពន្យារកំណើតយ៉ាងហោចណាស់៦ខែក្រោយការរំលូត ដើម្បីការពារកូនកើតមិនគ្រប់ខែ មិនគ្រប់គីឡូ នៅពេលមានផ្ទៃពោះលើកក្រោយ ។ ការមានផ្ទៃពោះគួរឃ្លាតគ្នាយ៉ាងតិច៣ឆ្នាំជាការប្រសើរ ។
រៀបរៀងដោយ វេជ្ជ. គឹម ថុនា គ្រូពេទ្យទទួលបន្ទុកគ្លីនិករ៉ាក់ទួលទំពូង
ឯកសារយោង៖ https://cambodia.unfpa.org/sites/default/files/pub-pdf/UNFPA_Final_Report_10_October_2016_5pm%28NRT_reformated%29.pdf
មតិយោបល់